ពាក់ព័ន្ធនឹងបញ្ហា GSP នេះ ឯកឧត្តម Daniel Kritenbrink ក៏បានឆ្លើយបញ្ជាក់ទៅប្រាប់អ្នកសារព័ត៌មានដែរថា ខាងសភាអាមេរិកកំពុងពិនិត្យមើលទៅលើសំណើនេះហើយ។
ជាងមួយឆ្នាំមកហើយ ដែលប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬដែលគេស្គាល់ថា GSP របស់អាមេរិក ផ្តល់ឱ្យកម្ពុជាត្រូវអស់សុពលភាព។ កន្លងមកមានការសន្យា និងការជជែកគ្នាជាច្រើនលើកមកហើយ រវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរជុំវិញបញ្ហានេះ។ សហរដ្ឋអាមេរិកធ្លាប់បានសន្យា និងបង្ហាញការប្តេជ្ញាចិត្តថានឹងបន្តសុពលភាព ប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជា ប៉ុន្តែមកដល់ពាក់កណ្តាលឆ្នាំ២០២២ ទៅហើយ កម្ពុជានៅមិនទាន់ទទួលបានសុពលភាព GSP មកវិញនៅឡើយទេ។
ក្រោយឃើញភាពយឺតយ៉ាវ ខាងលើឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឆ្លៀតក្នុងឱកាសជំនួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១២ខែកក្កដា បានរំឭកជាថ្មីម្ដងទៀត ឱ្យអាមេរិកបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP ឱ្យបានឆាប់រហ័ស។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអំឡុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធទី១៣កក្កដា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា បច្ចុប្បន្នប្រព័ន្ធអនុគ្រោះ GSP សម្រាប់កម្ពុជាកំពុងត្រូវបានសភា (Congress) របស់អាមេរិកកំពុងធ្វើការត្រួតពិនិត្យឡើងវិញ។ មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនរូបនេះ អះអាងថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធក្នុងបញ្ហានេះ ប៉ុន្ដែ ឯកឧត្តម Daniel មិនអាចបញ្ជាក់ពីពេលវេលាជាក់លាក់ថានឹងផ្ដល់ជូន GSP មកឲ្យកម្ពុជាវិញនៅពេលណានោះទេ។
ទាក់ទងនឹងប្រព័ន្ធ GSP របស់អាមេរិកនេះដែរ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាអ្នកវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា ក៏ធ្លាប់បានអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យបន្តសុពលភាព GSP ដល់កម្ពុជាវិញ។ ការលើកឡើងបែបនេះរបស់អ្នកឧកញ៉ា មិនមែនដោយសារតែកម្ពុជាខ្វះ GSP មិនបាននោះទេ ប៉ុន្ដែ គឺដើម្បីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ ពិសេសគឺជីវភាពកម្មករកម្មការិនី។
គួររំឭកថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences) បានផុតរលត់សុពលភាពទៅតាំងតែពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មក។
GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យមានការនាំចូលទំនិញដោយមិនបង់ពន្ធ។ កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងតែពីឆ្នាំ១៩៩៧មកម៉្លេះ។ ប្រព័ន្ធអនុគ្រោះពន្ធអនុញ្ញាតឲ្យកម្ពុជា នាំទំនិញនិងផលិតផលជាច្រើនទៅកាន់ទីផ្សារអាមេរិក ហើយភាគច្រើនផលិតផល ដែលកម្ពុជាបាននាំចេញតាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ ភាគច្រើនជាផលិតផលសម្រាប់ធ្វើដំណើរតែប៉ុណ្ណោះ។
សូមជម្រាបថា នៅរយៈពេល៦ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានដល់ជាង ៤ពាន់៨រយលានដុល្លារអាមេរិក កើនឡើង៥១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅអាមេរិកមានជាង ៤ពាន់៦រយលានដុល្លារ បានកើនឡើង ៥៤%។ ខណៈការនាំចូលពីអាមេរិកមកវិញមាន ជាង១៦៨លានដុល្លារ កើនជាជិត៩%។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា៕