មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិន គឺទីក្រុងស៊ាងហៃបានរាយការណ៍ពីការធ្លាក់ចុះយ៉ាងគំហុក នៃវិស័យសេដ្ឋកិច្ចរបស់ខ្លួនកាលពីខែមុន ដោយសារការផ្ទុះឡើងនៃជំងឺ Covid-19 បានជំរុញឱ្យមានការរឹតបន្តឹង និងការដាក់ចេញនូវវិធានការរាំងខ្ទប់ដ៏តឹងរ៉ឹង ដែលប៉ះពាល់ដល់ការផលិតនានា និងវិស័យអចលនទ្រព្យផងដែរ។
អភិបាលរងទីក្រុងស៊ាងហៃ លោក វ៉ូ ឈីង (Wu Qing) បានប្រាប់សន្និសីទសារព័ត៌មានមួយថា មន្ត្រីរដ្ឋាភិបាលលោក នឹងពិនិត្យឡើងវិញនូវវិធានការណែនាំសម្រាប់ការបង្ការការរាតត្បាត និងការគ្រប់គ្រងការវិលត្រឡប់ទៅធ្វើការវិញរបស់កម្មករនយោជិតនៅតាមក្រុមហ៊ុន និងរោងចក្រនានា។ ជាមួយគ្នានេះ អាជ្ញាធរក៏នឹងលុបចោល "ការរឹតបន្តឹងដែលមិនសមហេតុផល" ជាច្រើនទៀតផងដែរ ដើម្បីបន្តការងារផលិតកម្មសម្រាប់សហគ្រាសឡើងវិញ។
មន្ត្រីសាលាក្រុងបានថ្លែងថា វិធានការទាំងនេះ គឺជួយជំរុញសេដ្ឋកិច្ច ដែលមានគោលបំណងជួយសហគ្រាស និងលើកកម្ពស់ការប្រើប្រាស់ជាសាធារណៈឲ្យមានកំណើនខ្ពស់ឡើងវិញ។ គោលនយោបាយនេះ ក៏ជួយឲ្យមានការប្រើប្រាស់មូលបត្របំណុលរបស់រដ្ឋាភិបាលក្នុងស្រុក ដើម្បីស្នើសុំឱ្យធនាគារបន្តប្រាក់កម្ចីសម្រាប់សហគ្រាសធុនតូច និងមធ្យម និងការបើកផ្លូវសម្រាប់ដំណើរការគម្រោងអចលនទ្រព្យនានាឡើងវិញ។
លោក ហ័រ យ៉ន់ (Hua Yuan) អគ្គលេខាធិការរងនៃទីក្រុងសៀងហៃ បាននិយាយថា វិធានការទាំងអស់នេះ រួមជាមួយនឹងវិធានការផ្សេងទៀត ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅចុងខែមីនាកន្លងទៅនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុជាង ៤៥ពាន់លានដុល្លារអាមេរិក។
អាជ្ញាធរទីក្រុងស៊ាងហៃ បានបញ្ជាក់ទៀតថា នៅក្នុងរយៈពេលខ្លីនេះ អាជ្ញាធរនឹងជួយសហគ្រាសគ្រប់ប្រភេទាំងអស់ ហើយនឹងធ្វើការរួមគ្នា ដើម្បីស្ដារ និងធ្វើឲ្យសេដ្ឋកិច្ចស៊ាងហៃវិលមករកភាពរស់រវើកឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងដំណំដោយសារកូវីដ១៩។ យ៉ាងណាក៏ដោយចុះ តាមការរំពឹងទុករបស់អាជ្ញាធរ សម្រាប់និន្នាការវិជ្ជមានសម្រាប់រយៈពេលវែងរបស់សេដ្ឋកិច្ចទីក្រុងស៊ាងហៃ គឺមិនមានការផ្លាស់ប្ដូរអ្វីនោះទេ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ