បើតាមអាជ្ញាធរទីក្រុងសៀងហៃ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា នៅអំឡុងពេលនៃការរាតត្បាតកូវីដ១៩ដ៏អាក្រក់នេះ ក្រុមហ៊ុនផ្ដល់សេវាអ៊ីធើណែតនឹងត្រូវបានលើកទឹកចិត្តឲ្យមានការបញ្ចុះតម្លៃសេវាអ៊ីនធើណែតទាបជាងមុន និងប្រតិបត្តិករទូរគមនាគមន៍ នឹងផ្ដល់នូវសេវាផ្ទុកទិន្នន័យដោយឥតគិតថ្លៃក្នុងរយៈពេល៣ខែផងដែរ។
បន្ថែមពីនេះ ក៏នឹងមានការឧបត្ថម្ភធនគាំទ្រដល់ក្រុមហ៊ុននៅក្នុងវិស័យលក់រាយ និងឧស្សាហកម្មម្ហូបអាហារ ដើម្បីឲ្យក្រុមហ៊ុនទាំងនេះ បញ្ជូនបុគ្គលិករបស់ពួកគេមកធ្វើតេស្ដរកកូវីដ១៩ ជាទៀងទាត់ និងផ្ដល់ជូននឹងការថែទាំសុខភាពសម្រាប់ពួកគេផងដែរ។
រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ ឲ្យធ្វើការបង្កើនការគាំទ្រផ្នែកឥណទាន និងកាត់បន្ថយអត្រាការប្រាក់កម្ចី សម្រាប់ក្រុមហ៊ុន ឬអាជីវកម្មទាំងឡាយណាដែលទាក់ទងនឹងការផ្គត់ផ្គងចំណីអាហារ ខណៈដែលការគាំទ្រនេះ ក៏នឹងផ្ដល់ជូនដល់ក្រុមហ៊ុននៅក្នុងវិស័យទេសចរណ៍ ដឹកជញ្ជូន និងក្រុមហ៊ុនរៀបចំកម្មវិធីពិពណ៌ផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ទីក្រុងសៀហៃ ត្រូវបានបិទខ្ទប់ជាពីរដំណាក់កាល ដោយដំណាក់កាលទី១នេះ ត្រូវបានចាប់ផ្ដើមអនុវត្តបិទខ្ទប់ ចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ១ ខែមេសា ដោយការបិទខ្ទប់នេះ ធ្វើឡើងផ្នែកខាងកើតនៃទីក្រុង ខណៈដែលដំណាក់កាលទី២ គឺបិទខ្ទប់នៅផ្នែកខាងលិចនៃទីក្រុង ដោយនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១ ដល់ ៥ ខែមេសា។
ទន្ទឹមនឹងនេះ អាជ្ញាធរបាននិយាយថា អំឡុងពេលបិទខ្ទប់ ការដឹកជញ្ជូនសាធារណៈនឹងត្រូវផ្អាក ហើយក្រុមហ៊ុន និងរោងចក្រត្រូវតែបញ្ឈប់ប្រតិបត្តិការ ឬធ្វើការពីចម្ងាយ។
សូមបញ្ជាក់ថា ចិននៅប៉ុន្មានសប្ដាហ៍មកនេះ បានរកឃើញនូវករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃជាង១ពាន់នាក់ក្នុងមួយថ្ងៃ ដោយគិតមកទល់ពេលនេះ ករណីឆ្លងសរុបសម្រាប់ប្រទេសចិនដីគោកទាំងមូលមានជាង១៤ម៉ឺនករណី និងស្លាប់សរុបជាង៤ពាន់៦រយនាក់៕