ក្រុមហ៊ុន Shell ដែលជាក្រុមហ៊ុនប្រេងនិងឧស្ម័នដ៏សំខាន់មួយក្នុងពិភពលោកបានលើកឡើងក្នុងរបាយការណ៍ថា គម្រោងសាងសង់កន្លែងទាញយកឧស្ម័នគ្រកស៍ (Crux) នេះ ត្រូវគេរំពឹងថា នឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២៣ និងអាចទទួលបានឧស្ម័នមកប្រើប្រាស់លើកដំបូងនៅឆ្នាំ២០២៧ ដែលនឹងអាចមានដល់ទៅ ៣លាន៦សែនលានតោនក្នុងមួយឆ្នាំ។
ក្រុមហ៊ុន Shell បាននិយាយថា គម្រោងនេះនឹងជួយអតិថិជនរបស់ខ្លួននៅតំបន់អាស៊ី ផ្លាស់ប្តូរពីការប្រើធ្យូងថ្មទៅជាប្រើឧស្ម័នធម្មជាតិជំនួសវិញសម្រាប់ការបំប្លែងទៅជាថាមពលប្រើប្រាស់ ហើយថែមទាំងផ្តល់នូវប្រភពផ្គត់ផ្គង់ដ៏មានសុវត្ថិភាពមួយ ដែលជាកត្តាសំខាន់មួយបន្ទាប់ពីមានការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីផងដែរ។
លោក វែល សាវ៉ាន (Wael Sawan) នាយកផ្នែកដំណោះស្រាយឧស្ម័ន និងថាមពលកកើតឡើងវិញរបស់ក្រុមហ៊ុន Shell បាននិយាយថា៖ «គម្រោងនេះក៏នឹងបង្កើនសុវត្ថិភាពនៃការផ្គត់ផ្គង់ដល់អតិថិជនរបស់ក្រុមហ៊ុន Shell ផងដែរ ខណៈដែលគម្រោងនេះកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីសំណាក់ក្រុមអ្នកប្រើប្រាស់នៅទូទាំងពិភពលោក»។
លោក Sawan បាននិយាយថា ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់របស់អណ្ដូងប្រេង Prelude របស់ក្រុមហ៊ុននេះ គឺអាចជួយកាត់បន្ថយការចំណាយលើការអភិវឌ្ឍគម្រោងនេះយ៉ាងច្រើន ដែលធ្វើឱ្យគម្រោងទាញយកឧស្ម័ន គ្រកស៍ (Crux)កាន់តែមានភាពប្រកួតប្រជែង និងទាក់ទាញផ្នែកពាណិជ្ជកម្ម។ ទោះយ៉ាងណា ខាងក្រុមហ៊ុន Shell មិនបានបញ្ជាក់ពីទំហំដើមទុនជាក់លាក់លើការវិនិយោគក្នុងគម្រោងនេះទេ។
ប៉ុន្ដែ ក្រុមហ៊ុនប្រឹក្សាយោបល់ថាមពល វ៉ូដ ម៉ាកខេនី (Wood Mackenzie) បានប៉ាន់ប្រមាណថា គម្រោងនេះនឹងចំណាយអស់ប្រហែល ២ពាន់៥រយលានដុល្លារ ខណៈដែលអ្នកវិភាគរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ ក្រឌីត ស៊ូស (Credit Suisse) បានប៉ាន់ប្រមាណថា គម្រោងនេះមានតម្លៃចន្លោះពី ២ ពាន់លានដុល្លារទៅ ៣ពាន់លានដុល្លារអាមេរិក៕