លោក ទិត្យ សំអឿន ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Royal Railway បានប្រាប់ខេមបូណូមីសតាមខ្សែទូរស័ព្ទថា តាមគម្រោង រថភ្លើងនេះ នឹងបើកដំណើរការដឹកភ្ញៀវក្នុងខែមេសាឆ្នាំ២០១៨ ដោយដឹកអ្នកដំណើរទៅមករវាងព្រលានយន្តហោះភ្នំពេញអន្តរជាតិ មកកាន់ស្ថានីយ៍រថភ្លើងភ្នំពេញ។
ទន្ទឹមគ្នានេះ លោក ទិត្យ សំអៀន មិនអាចបញ្ជាក់ពីតម្លៃសំបុត្រនៃសេវារថភ្លើងចម្ងាយខ្លីនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ព័ត៌មានលម្អិតទាក់ទងនឹងតម្លៃ ឬ សេវាកម្មផ្សេងរបស់ ក្រុមហ៊ុន នឹងត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ។
រថភ្លើងចម្ងាយខ្លីដែលតភ្ជាប់រវាងស្ថានីយ៍រថភ្លើងភ្នំពេញ ទៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ត្រូវបានវិនិយោគដោយលោកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group។
ទាក់ទងនឹងដំណើរការរថភ្លើងនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីខែកក្កដាឆ្នាំ២០១៧ថា ក្រុមហ៊ុន Royal Railway កំពុងសាង់សង់ផ្លូវរថភ្លើង ចេញពីផ្លូវរថភ្លើងដែលមានស្រាប់ ចូលទៅកាន់ព្រលានយន្តហោះក្នុងចម្ងាយ១.៥គីឡូម៉ែត្រ និងបានបញ្ជាទិញរថភ្លើងធន់ស្រាលចំនួន៤គ្រឿងរួចរាល់ហើយ ដោយអាចដឹកអ្នកដំណើរបាន១០០នាក់ក្នុងមួយជើង និងប្រើពេលវេលាត្រឹមតែ២០ទៅ២៥នាទីប៉ុណ្ណោះ។ បើតាមឯកឧត្តមរដ្ឋមន្រ្តី ក្នុងដំណើរការដំបូងរបស់រថភ្លើងដឹកអ្នកដំណើរចម្ងាយខ្លីនេះ នឹងដាក់ឲ្យពលរដ្ឋជិះដោយមិនគិតថ្លៃក្នុងរយៈពេល១ខែទៀតផង។
សូមបញ្ជាក់ថា ក្រៅពីរថភ្លើងចម្ងាយខ្លី ក្រុមហ៊ុន Royal Railway របស់លោកឧកញ៉ា គិត ម៉េង ក៏ទទួលបានសម្បទានរយៈពេល៣០ឆ្នាំក្នុងការប្រតិបត្តិការបណ្តាញផ្លូវដែករបស់កម្ពុជាសម្រាប់ដំណើរការសេវារថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០១៦មក៕