តើសិស្សធ្លាក់បាក់ឌុបគួរបន្តរៀនថ្នាក់ទី១២ទៀតឬយ៉ាងណា?

តើសិស្សធ្លាក់បាក់ឌុបគួរបន្តរៀនថ្នាក់ទី១២ ឬរៀនបរិញ្ញាបត្ររង ឬក៏រៀនជំនាញវិជ្ជាជីវៈ?


តាមរយៈលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា មានបេក្ខជនជាង១០ម៉ឺននាក់បានប្រឡងជាប់ និងបេក្ខជនជាង២ម៉ឺននាក់បានប្រឡងធ្លាក់នៅឆ្នាំនេះ។ ជាធម្មតាអ្នកប្រឡងជាប់តែងតែមានអារម្មណ៍រំភើបរីករាយ និងកំពុងគិតគូរជ្រើសរើសមុខជំនាញ ដើម្បីបន្តការសិក្សានៅសកលវិទ្យា ហើយអ្នកខ្លះអាចរៀនជំនាញវិជ្ជាជីវៈ។
តើសិស្សធ្លាក់បាក់ឌុបគួរបន្តរៀនថ្នាក់ទី១២ទៀតឬយ៉ាងណា?
ដោយ

ចំណែកអ្នកប្រឡងធ្លាក់កំពុងសោកស្តាយចំពោះលទ្ធផល ដែលខ្លួនទទួលបាន។ តែយ៉ាងណាសម្រាប់អ្នកជំនាញក្នុងវិស័យអប់រំ លទ្ធផលបាក់ឌុបមិនមែនជាការកំណត់អនាគតរបស់សិស្សណាម្នាក់នោះទេ វាគ្រាន់តែជាការវាស់ស្ទង់មួយប៉ុណ្ណោះ។ តើអ្នកធ្លាក់បាក់ឌុបគួរបន្តរៀនថ្នាក់ទី១២ ឬគួររៀនបរិញ្ញាបត្ររង ឬក៏រៀនជំនាញវិជ្ជាជីវៈ?

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ទោះបីធ្លាក់បាក់ឌុបតែសិស្សនៅតែមានជម្រើសច្រើនក្នុងការសម្រេចចិត្ត ដ្បិតការធ្លាក់បាក់ឌុបមិនមែនជាឧបសគ្គ ឬជាការកំណត់ជោគវាសនារបស់សិស្សនោះទេ។ បើតាមអ្នកជំនាញទស្សនវិជ្ជារូបនេះអ្នកធ្លាក់បាក់ឌុបគួរជ្រើសរើសជំនាញវិជ្ជាជីវៈ ឬការងារណា ដែលសមស្របជាមួយទេពកោសល្យពីធម្មជាតិ ទើបឆាប់មានភាពរីកចម្រើន។ បន្ថែមលើនេះ ត្រូវធ្វើកិច្ចការណាមួយឱ្យស្របទៅនឹងតម្រូវការទីផ្សារ និងត្រូវជៀសវាងមិនធ្វើអ្វីទាល់តែសោះ។

ស្រដៀងគ្នានេះឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុបបានលើកឡើងថា សិស្សធ្លាក់បាក់ឌុបនៅតែមានជម្រើសច្រើនក្នុងការសិក្សាបន្ត ឬចាប់យកជំនាញណាមួយ ប៉ុន្តែត្រូវមានភាពច្បាស់លាស់លើគោលបំណងរបស់ខ្លួន ខណៈការប្រឡងបាក់ឌុបមិនមែនជាការកំណត់អនាគតរបស់សិស្សណាម្នាក់នោះទេ ប៉ុន្តែគ្រាន់តែជាការវាស់ស្ទង់មួយប៉ុណ្ណោះ។ ជាមួយគ្នានេះអ្នកជំនាញរូបនេះលើកទឹកចិត្តឱ្យសិស្សធ្លាក់បាក់ឌុប កុំឱ្យមានការបាក់ទឹកចិត្ត ព្រោះមានអ្នករកស៊ីជោគជ័យជាច្រើនក៏កើតចេញពីការធ្លាក់បាក់ឌុបនោះដែរ។ បើតាមអ្នកជំនាញរូបនេះ ទីផ្សារការងារនៅកម្ពុជា នៅតែមានតម្រូវការខ្ពស់ ប៉ុន្តែទាមទារឱ្យអ្នកសិស្សទាំងអស់ត្រូវតែមានជំនាញច្បាស់លាស់។

ស្រដៀងគ្នានេះ ឯកឧត្តម ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាយល់ឃើញថា ទោះជាប់ ឬធ្លាក់បាក់ឌុបសិស្សានុសិស្សនៅតែមានជម្រើសក្នុងការសម្រេចចិត្ត ហើយសូមកុំបាក់ទឹកចិត្តជាមួយនឹងលទ្ធផលនៃការប្រឡងឱ្យសោះ។ អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ថា អ្នកធ្លាក់បាក់ឌុបមិនគួរបន្តរៀនថ្នាក់ទី១២ទៀតនោះទេ តែគួរចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ឬចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាថ្នាក់បរិញ្ញាបត្ររង។ ប៉ុន្តែត្រូវគិតពីឧបនិស្ស័យ និងជំនាញដែលងាយផ្លាស់ប្តូរនៅក្នុងទីផ្សារ និងស្របតាមតម្រូវការទីផ្សារ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងសរុបចំនួន១៣៧.០៤០នាក់ ក្នុងនោះមានបេក្ខជនចំនួន១០៦,៣៥១នាក់ ឬស្មើនឹង៧៩%បានប្រឡងជាប់។ ក្នុងចំណោមបេក្ខជនប្រឡងជាប់ទាំងនេះមានជាង២ពាន់២រយនាក់ទទួលបាននិទ្ទេស A, ជាង៩ពាន់៧រយនាក់ទទួលបាននិទ្ទេស B, ជិត២ម៉ឺន៣ពាន់នាក់ទទួលបាននិទ្ទេស C, ជិត៣ម៉ឺន៧ពាន់នាក់ទទួលបាននិទ្ទេស D និងជាង៣ម៉ឺន៥ពាន់នាក់ទទួលបាននិទ្ទេស E។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


អាម៉េរិកអះអាងថា កងទ័ពកូរ៉េខាងជើង៨ពាន់នាក់កំពុងស្ថិតនៅតំបន់ជាប់ព្រំដែនអ៊ុយក្រែន ដែលអាចចូលរួមប្រយុទ្ធនៅប៉ុន្មានថ្ងៃខាងមុខនេះ

សហរដ្ឋអាម៉េរិកបានអះអាងថា កងទ័ពកូរ៉េខាងជើងចំនួន៨ពាន់នាក់ក្នុងចំណោម១ម៉ឺននាក់ដែលទីក្រុងព្យុងយ៉ាងបានបញ្ចូលទៅកាន់ប្រទេសរុស្ស៊ី ឥឡូវនេះកំ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ

(សេអ៊ូល)៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ប្រធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ