ប្រាសាទអង្គរវត្តជាប់លេខ១ក្នុងចំណោមអច្ឆរិយវត្ថុទាំង២៥នៅលើពិភពលោក សម្រាប់ឆ្នាំ២០១៧ ដែលផ្ដល់ចំណាត់ថ្នាក់ដោយក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយរបស់ពិភពលោក គឺ TripAdvisor។
ហើយប្រទេសកម្ពុជាក៏ជាប់លេខ១ ស្ថិតក្នុងចំណោមប្រទេសដែលរួសរាយរាក់ទាក់បំផុតទាំង១០ របស់ពិភពលោកដែរ ដែលស្ទង់មតិដោយគេហទំព័រទេសចរណ៍ដ៏ល្បីមួយ ឈ្មោះ Rough Guides។
ឥឡូវនេះ ទស្សនាវដ្ដី Travel + Leisure ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាត់ចំណាត់ថ្នាក់ខេត្តសៀមរាបរបស់កម្ពុជាស្ថិតនៅលេខទី១៣ ក្នុងចំណោមទីក្រុងទាំង១៥ នៅជុំវិញពិភពលោកដែលអ្នកទេសចរចូលចិត្តទៅកម្សាន្តបំផុត។
រៀងរាល់ឆ្នាំ ទស្សនាវដ្ដី Travel + Leisure ធ្វើការស្ទង់មតិជាមួយអ្នកអានរបស់ខ្លួន ដោយសាកសួរអំពីបទពិសោធន៍នៃការធ្វើដំណើរកម្សាន្តជុំវិញពិភពលោក ដើម្បីចែករំលែកមតិអំពីទីក្រុង កោះ អាកាចរណ៍ នាវាទេសចរណ៍ ។ល។ ដែលពេញនិយមជាងគេបំផុតសម្រាប់អ្នកទេសចរ។
គួររំឭកថា ឆ្នាំទៅមិញ ប្រាសាទអង្គរវត្តខ្មែរ នៅខេត្តសៀមរាប មានភ្ញៀវទេសចរបរទេសទៅទស្សនាចំនួន ២លាន ២សែននាក់ ហើយចំនួននេះត្រូវគេរំពឹងថា នឹងបន្តកើនឡើងឥតឈប់ឈរ ខណៈដែលវិស័យទេសចរណ៍កម្ពុជា អភិវឌ្ឍកាន់តែប្រសើរឡើង៕