ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននៅសៀមរាបត្រូវបានពន្យារពេល ដោយសារការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមិនទាន់រួចរាល់


ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ នៅខេត្តសៀមរាប ដែលគ្រោងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២១ ត្រូវបានពន្យារពេលរៀបចំទៅដើមខែមករា ឆ្នាំ២០២២វិញ ក្រោមហេតុផលថា ការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធនៅក្នុងខេត្តសៀមរាបនៅមិនទាន់ធ្វើរួចរាល់នៅឡើយ។
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅខេត្តសៀមរាប ឆ្នាំ ២០១៩ ​ រូបភាព៖ Angkor Wat International Half Marathon

យ៉ាងណាក៏ដោយចុះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ ក៏បានប្រកាសកែប្រែលក្ខខណ្ឌមួយចំនួនសម្រាប់អ្នកចូលរួមផងដែរ ដូចជាការអនុញ្ញាតឲ្យជនបរទេសអាចចូលរួមដោយសេរីឡើងវិញ និងគ្មានការកំណត់ចំនួនអ្នកចូលរួម ខណៈបច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមប្រមាណ២ពាន់នាក់ហើយ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជារួចហើយក្នុងការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ផ្សេងៗ ដែលជាផ្នែកមួយក្នុងការជួយស្រូបទាញភ្ញៀវទេសចរ ឲ្យមកកម្សាន្តនៅកម្ពុជា។ ជាក់ស្តែងនៅថ្ងៃទី២ មករា ឆ្នាំ២០២២ ខាងមុខ NOCC រួមជាមួយក្រសួងទេសចរណ៍នឹងរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី២៦ នៅបរិវេណតំបន់អង្គរ ក្នុងខេត្តសៀមរាប ខណៈកន្លងមកគ្រោងរៀបចំនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមបានបន្តថា មូលហេតុដែល NOCC លើកពេលរៀបចំពីខែធ្នូ ទៅខែមករានេះ គឺដោយសារនៅខែមករា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ដែលមិនទាន់រួចរាល់ អាចសាងសង់រួចរាល់ ដែលបង្កលក្ខណៈងាយស្រួលដល់ការរៀបចំព្រឹត្តិការណ៍នេះ។ មួយវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បានកំណត់យកខែមករា ឆ្នាំ២០២២ ជាថ្ងៃប្រកាសបើកតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច បន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលបើកនៅអំឡុងធ្នូ ឆ្នាំ២០២១។

ជាព្រឹ្តត្តិការណ៍កីឡាមនុស្សធម៌ក៏ពិតមែនតែឯកឧត្តម វ៉ាត់ ចំរើន មានសុទិដ្ឋិនិយមខ្ពស់ចំពោះព្រឹត្តិការណ៍នេះក្នុងការជួយស្តារវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែភាពល្អប្រសើរក្រោយរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ជិតពីរកន្លងមកនេះ។ បន្ថែមលើនេះ វានឹងក្លាយជាមធ្យោបាយក្នុងការប្រាប់ពិភពលោកថា កម្ពុជាបានបើកតំបន់ទេសចរណ៍និងអាចទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព ទោះបីកូវីដ-១៩ មិនទាន់ផុតរលត់ពីភពផែនដីក៏ដោយ។

ក្រៅពីផ្លាស់ប្តូរពេលវេលា គណៈកម្មការរៀបចំ ក៏បានកែប្រែលក្ខខណ្ឌចូលរួមមួយចំនួនផងដែរ ក្នុងនោះ NOCC អនុញ្ញាតឲ្យជនបរទេស ដែលទើបចូលមកកម្ពុជាអាចចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយសេរី ខណៈកន្លងមកអនុញ្ញាតឲ្យតែជនបរទេសរស់នៅក្នុងស្រុកតែប៉ុណ្ណោះ។

លោក សែម ផល្លា អ្នកគ្រប់គ្រងការរៀបចំព្រឹត្តិការណ៍នេះបានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះប្រមាណពីរពាន់អ្នកហើយ ហើយគណៈកម្មការរៀបចំរំពឹងថា នៅឆ្នាំនេះនឹងអាចទាក់ទាញអ្នកចូលរួមប្រមាណពី២ទៅ៣ពាន់នាក់បន្ថែមទៀត ខណៈចុះឈ្មោះត្រូវបានបន្ថែមពេល១សប្តាហ៍ទៀត៕

None



អត្ថបទបន្ទាប់


បើរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង ថៃនឹងកំពុងពិចារណាអំពីជម្រើសក្នុងការបិទខ្ទប់ប្រទេស

ថៃទើបតែទទួលបានផ្លែផ្កាពីការរបើកប្រទេសទទួលទេសចរអន្តរជាតិបាន ១ ខែប៉ុណ្ណោះ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចារ បានបង្ហើបឲ្…

WHO ណែនាំកុំឲ្យប្រទេសមួយចំនួន យកវិធានការបិទជើងហោះហើរ ជាដំណោះស្រាយឆ្លើយតបនឹងមេរោគបំប្លែងថ្មី

អង្គការសុខភាពពិភពលោក បានព្រមានប្រទេសជាច្រើន កុំឱ្យបន្ដដាក់បម្រាមហាមឃាត់ការធ្វើដំណើរ ដើម្បីឆ្លើយតបនឹងការទប់ស្កាត់កូវីដ១៩បំប្លែងថ្មី អូមីក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ