របាយការណ៍ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្ដល់ជូនក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា នៅឆមាសទី១ឆ្នាំ២០២១នេះ កំពង់ផែនេះ រកចំណូលបានជាង៤០លានដុល្លារអាមេរិក កើនឡើងជាង១១% ធៀបនឹងឆមាសទី១ឆ្នាំ២០២០។ ក្នុងនោះ ប្រាក់ចំណេញសុទ្ធដែលកំពង់ផែ ទទួលបានមានដល់ទៅជាង ១២ លានដុល្លារអាមេរិក កើនឡើងដល់ទៅជាង៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែជាង២លានដុល្លារអាមេរិក។
តាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ការកើនឡើងប្រាក់ចំណេញរបស់ខ្លួន គឺបន្ទាប់មានកំណើនបរិមាណទំនិញ និងទូកុងតឺន័រឆ្លងកាត់កំពង់ផែមានការកើនឡើងខ្លាំង។ អត្រាប្តូរប្រាក់យ៉េនឡើងថ្លៃ ក៏ជាកត្តាជួយឲ្យប្រាក់ចំណេញរបស់កំពង់ផែសមុទ្រទឹកជ្រៅលំដាប់អន្តរជាតិមួយនេះកើនឡើងផងដែរ។
ទាក់ទងនឹងកំណើនប្រាក់ចំណេញកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ ដឹកជញ្ជូនទំនិញបានវាយតម្លៃថា ការប្រកើនឡើងប្រាក់ចំណូល និងចំណេញសុទ្ធយ៉ាងគំហុករបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ គឺបង្ហាញពីចរន្តផ្គត់ផ្គង់ទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងតម្រូវការប្រើប្រាស់ក្នុងស្រុកមានការកើនឡើង។ កត្តានេះក៏បង្ហាញឲ្យឃើញផងដែរថា ទោះបីកម្ពុជាទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ និងអគារលំនៅឋាន និងពាណិជ្ជកម្មនៅតែបន្តសកម្មភាពរបស់ខ្លួន។
យ៉ាងណាក៏ដោយចុះ បើតាមអ្នកជំនាញ វិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ននៅតែមានកត្តាប្រឈមខ្លាំងសម្រាប់អ្នកនាំចេញទំនិញ ដ្បិតថា តម្លៃដឹកជញ្ជូនបាននិងកំពុងហក់ឡើងថ្លៃកប់ពពកមួយគុណ៧ ទៅ៨ដងទៅហើយ។ មួយវិញទៀត បញ្ហាកង្វះទូកុងតឺន័រ ក៏កំពុងបង្កការរំខានដល់ការដឹកជញ្ជូន និងនាំចេញទំនិញរបស់កម្ពុជាផងដែរ ហើយបញ្ហាទាំងអស់នេះ នៅតែបន្ដចាក់ស្រះ និងមិនទាន់មានដំណោះស្រាយនៅឡើយទេ៕