លោក វីលសុន អ៊ឹង (Wilson Ng) អ្នកវិភាគផ្សារហ៊ុននៅក្រុមហ៊ុន Morgan Stanley Asia បានលើកឡើងថា ការដាក់ចេញវិធានការថ្មីៗ ដើម្បីពង្រឹងផ្សារហ៊ុនរបស់សិង្ហបុរី ក៏អាចបង្កើនសាច់ប្រាក់ងាយស្រួលសម្រាប់ការជួញដូរភាគហ៊ុន និងធ្វើឱ្យតម្លៃភាគហ៊ុនហក់ឡើងខ្ពស់រហូតដល់ទៅ២០% ផងដែរ ដោយកាត់បន្ថយគម្លាតជាមួយបណ្ដាផ្សារហ៊ុនទូទាំងពិភពលោក។
ផ្សារហ៊ុនរបស់សិង្ហបុរី សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងឆ្នាំ២០២៤ នេះ ដោយបានហក់ឡើងសរុបរហូតដល់ទៅប្រមាណ៣០% ពោលគឺល្អប្រសើរជាងផ្សារហ៊ុនស្ទើរតែទាំងអស់នៅអាស៊ី-ប៉ាស៊ីហ្វិក និងផ្សារហ៊ុនភាគច្រើននៅជុំវិញពិភពលោក។
អ្នកវិភាគរូបនេះបានលើកឡើងទៀតថា ការផ្លាស់ប្តូរគោលនយោបាយពីសំណាក់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់អំណាចជាថ្មីនៅខែមករា ដើមឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ អាចជះផលប៉ះពាល់យ៉ាងខ្លាំងដល់បណ្ដាទីផ្សារទូទាំងពិភពលោក រួមទាំងនៅក្នុងប្រទេសសិង្ហបុរី ផងដែរ។
ទន្ទឹមនេះ លោក ធីម៉ូស៊ី ម៉ូ (Timothy Moe) ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារនៅអាស៊ី-ប៉ាស៊ីហ្វិក នៃធនាគារអាម៉េរិក Goldman Sachs បានលើកឡើងថា សិង្ហបុរី គឺជាទីផ្សារដ៏មានស្ថិរភាព និងផ្ដល់ផលចំណេញខ្ពស់៕
ដោយ: តែម សុខុម