ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺដែលបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា គឺជាបុរសជនជាតិអង់គ្លេសអាយុ ៤២ ឆ្នាំ ដែលធ្វើការជាអ្នកបម្រើការលើយន្តហោះ ហើយបានហោះហើរចេញចូលក្នុងទឹកដីសិង្ហបុរីកាលពីពាក់កណ្តាលខែមិថុនា ហើយបុរសនោះ ត្រូវបានគេធ្វើតេស្ដរកឃើញមេរោគនេះ នៅថ្ងៃទី២០ ខែមិថុនា។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា បច្ចុប្បន្ន បុរស ដែលឆ្លងជំងឺអុតស្វានោះ ស្ថិតក្នុងស្ថានភាពធម្មតាដែលកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លងក្នុងប្រទេសសិង្ហបុរី។
សេចក្តីថ្លែងការណ៍បានបន្ថែមថា មានមនុស្សប្រមាណ ១៣ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសនោះដែលត្រូវបានកំណត់អត្តសញ្ញាណគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ហើយអ្នកទាំងអស់នោះនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ គិតចាប់តាំងពីពួកគេមានទំនាក់ទំនងចុងក្រោយ ជាមួយអ្នកជំងឺអ៊ុតស្វានោះ។ ក្នុងនោះ ការតាមដានពីអ្នកមានទំនាក់ទំនងជិតស្និទជាមួយបុរសមានផ្ទុកជំងឺអ៊ុតស្វាម្នាក់នេះ កំពុងបន្តរកបន្ថែមសម្រាប់ជើងហោះហើរ ដែលគាត់បានបម្រើការងារ និង រូបគាត់អំឡុងពេលស្នាក់នៅក្នុងប្រទេសសិង្ហបុរី។
គួរកត់សម្គាល់ថា ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ២០ ខែ ឧសភា ក៏បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វាដំបូងរបស់ខ្លួនផងដែរ ខណៈមកទល់ពេលនេះប្រទេសនេះបានបញ្ជាក់អ្នកជំងឺអ៊ុតស្វាសរុបប្រមាណ១០នាក់ហើយ។
គួរបញ្ចាក់ថា មកទល់ពេលនេះមានប្រទេសជាង ៣៥ ដែលបានរាយការណ៍ពីការរកឃើញឆ្លងជំងឺអ៊ុតស្វា ខណៈករណីដែលបានបញ្ជាក់ឥឡូវនេះមានលើសពី ២ ពាន់ ៥ រយ នាក់ហើយនៅទូទាំងពិភពលោក៕