វិធានការដែលសិង្ហបុរីបានដាក់ចេញទាក់ទង់នឹងការបង្កើនពន្ធប្រថាប់ត្រា និងការរឹតបន្តឹងកម្រិតប្រាក់កម្ចីចំពោះវិស័យអចលនទ្រព្យ នឹងចូលជាធរមាននៅថ្ងៃទី ១៦ ខែធ្នូនេះហើយ។ ក្នុងចំណោមវិធានការនេះ រដ្ឋាភិបាលនឹងដំឡើងពន្ធប្រថាប់ត្រាបន្ថែមចំពោះអ្នកទិញអចលនវត្ថុដែលជាជនបរទេសពីអត្រាពន្ធ ២០% នាពេលបច្ចុប្បន្ន មកដល់ ៣០%វិញ។
ចំពោះ ពលរដ្ឋសិង្ហបុរីវិញ សម្រាប់អ្នកដែលទិញផ្ទះទី២ នឹងត្រូវដំឡើងពន្ធប្រថាប់ត្រាបពី ១២% ដល់ ១៧% ខណៈអ្នកទិញផ្ទះទីបីដំឡើងពីអត្រាពន្ធ ១៥% នាពេលបច្ចុប្បន្ន មកដល់ ២៥%វិញ។
រីឯ អ្នកដែលតាំងទីលំនៅអចិន្ត្រៃយ៍នៅសិង្ហបុរីវិញ សម្រាប់ការទិញផ្ទះទី២ រដ្ឋាភិបាលនឹងកំណត់ពន្ធប្រថាប់ត្រាដល់២៥% ខណៈពីមុនមានតែអត្រា១៥%ប៉ុណ្ណោះ ចំពោះការទិញផ្ទះទី៣វិញ ត្រូវបង់ពន្ធប្រថាប់ត្រា៣០% ខណៈពីមុនមានតែ១៥%ប៉ុណ្ណោះ។
លើសពីនេះទៀត រដ្ឋាភិបាលសិង្ហបុរី ក៏នឹងរឹតបន្តឹងកម្រិតអនុបាតសេវាបំណុលចំពោះការទិញអចលនទ្រព្យផងដែរ ពៅលគឺនឹងបន្ថយពី ៦០% មកនូវ៥៥%វិញ។ មានន័យថា បើចង់ទិញអលនទ្រព្យ ពួកគេអាចចំណាយបង់ប្រចាំខែច្រើនបំផុតត្រឹមតែ ៥៥% នៃប្រាក់ចំណូលប្រចាំខែរបស់ពួកគេមានប៉ុណ្ណោះ។ជាមួយគ្នានេះ រដ្ឋាភិបាលសិង្ហបុរី ក៏គ្រោងនឹងបង្កើនការផ្គត់ផ្គង់លំនៅឋានសាធារណៈ និងឯកជនបន្ថែមទៀតផងដែរ។
រដ្ឋាភិបាលសិង្ហបុរីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីផ្សារលក់លំនៅដ្ឋានឯកជន និងលំនៅឋានសាធារណៈមានសន្ទុះខ្លាំង ទោះបីជាមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ក៏ដោយ។ ជាក់ស្ដែង តម្លៃផ្ទះឯកជនបានកើនឡើងប្រហែល ៩% ចាប់តាំងពីត្រីមាសទី ១ នៃឆ្នាំ ២០២០ ខណៈពេលដែលតម្លៃលំនៅដ្ឋានសាធារណៈសម្រាប់លក់បន្តបានកើនឡើងប្រហែល ១៥% ។
សន្ទុះទីផ្សារលក់លំនៅដ្ឋាននៅសិង្ហបុរីមានការកើនឡើង នេះដោយសារតែ សិង្ហបុរី ជាកន្លែងវិនិយោគប្រកបដោយសុវត្ថិភាពសម្រាប់ជនបរទេសដែលមានទ្រព្យសម្បត្តិ។ ទន្ទឹមនេះ សិង្ហបុរីតែតែងតាមដានតម្លៃអចលនទ្រព្យ ដើម្បីធានាថាលំនៅដ្ឋាននៅតែមានតម្លៃសមរម្យសម្រាប់ពលរដ្ឋក្នុងស្រុក និងស្ថិតក្នុងនៅជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច៕
អត្ថបទ ស៊ើង និមល់