
សិង្ហបុរីនៅថ្ងៃអាទិត្យសប្ដាហ៍មុននេះ បានរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន៨៨ករណីបន្ថែម ដែលជាតួលេខមួយខ្ពស់បំផុតគិតតាំងពីខែសីហាឆ្នាំមុនមក ដោយករណីភាគច្រើនគឺជាការឆ្លងនៅក្នុងហាងការ៉ាអូខេ និងផែននេសាទ។
ទោះបីជា ករណីឆ្លងថ្មីនៅសិង្ហបុរីហាក់នៅមានទាប បើធៀបនឹងករណីឆ្លងនៅប្រទេសក្នុងតំបន់ក៏ដោយចុះ ប៉ុន្ដែ ការហក់ឡើងនៃចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីៗនេះ កំពុងបង្ហាញសញ្ញាដើរថយក្រោយួយ របស់ប្រទេសនេះ។
សិង្ហបុរីត្រូវបានគេដឹងថា ជាប្រទេសមួយដែលមានការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានច្រើនជាងគេបំផុតធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ពោលគឺ មកទល់ពេលនេះ មានប្រមាណ៧៥%ហើយ នៃចំនួនប្រជាជនសិង្ហបុរីជិត៦លាននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន១ដូស ប៉ុន្ដែ រដ្ឋាភិបាលកំពុងជំរុញឲ្យប្រជាជនច្រើនទៀតមកទទួលការចាក់វ៉ាក់សាំង ពិសេសអ្នកដែលមានវ័យចំណាស់។
គិតមកទល់ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ សិង្ហបុរី មានអ្នកឆ្លងសរុបដល់ទៅ ជាង៦ម៉ឺនករណី និងមានអ្នកស្លាប់៣៦នាក់ ខណៈដែលកំពុងសម្រាកព្យាបាលមានត្រឹមតែជាង ២០០នាក់៕