
ការស្ទង់មតិរបស់ក្រុមហ៊ុនជ្រើសរើសបុគ្គលិកមួយបានបង្ហាញថា ស្ទើរ៤៥%នៃភ្នាក់ងារផ្តល់សេវាកម្មនៅក្នុងប្រទេសសិង្ហបុរី បានចំណាយពេលនៅការិយាល័យត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ឬតិចជាងនេះ ខណៈ៣២% ធ្វើការងារនៅការិយាល័យរយៈពេល៣ថ្ងៃក្នុងមួយសប្តាហ៍។ ចំណែកនៅប្រទេសជប៉ុន ឯណោះវិញ ក្រុមហ៊ុនច្រើនជាង៤០% តម្រូវឱ្យបុគ្គលិករបស់ពួកគេធ្វើការ៤ថ្ងៃ ឬតិចជាងនេះនៅការិយាល័យ។ តាមរយៈលទ្ធផលនេះជំរុញឱ្យក្រុមហ៊ុននេះវាយតម្លៃថា បទដ្ឋានការងារបែបប្រពៃណីត្រូវបានកែទម្រង់នៅក្នុងប្រទេសសិង្ហបុរី និងប្រទេសជប៉ុន។
ក្រុមហ៊ុនខាងលើ បានអះអាងថា បច្ចុប្បន្ននៅប្រទេសសិង្ហបុរី និងជប៉ុន មានអ្នកជំនាញតិចជាង០,៤% ដែលចំណាយពេលពេញមួយសប្តាហ៍ធ្វើការរបស់ពួកគេនៅក្នុងការិយាល័យ។ នេះគឺជាគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់តុល្យភាពជីវិត និងការងារ ដើម្បីជួយពង្រឹងការផ្លាស់ប្តូរទៅរកការរៀបចំការងារ ដែលមានភាពបត់បែនកាន់តែច្រើន។
ស្ថានភាពនៅសិង្ហបុរី និងជប៉ុន ខុសពីនៅប្រទេសចិន ដែលទាមទារឲ្យបុគ្គលិកត្រូវតែធ្វើការនៅក្នុងការិយាល័យ។ ស្ថិតិបានឲ្យដឹងថា ក្រុមហ៊ុនជាង៦០% នៅក្នុងប្រទេសចិន តម្រូវឱ្យបុគ្គលិកធ្វើការនៅនឹងកន្លែងយ៉ាងហោចណាស់ប្រាំថ្ងៃក្នុងមួយសប្តាហ៍។ បែបបទការងារបែបនេះ ក៏កំពុងដំណើរការនៅក្នុងក្រុមហ៊ុនជាច្រើននៅហុងកុង ម៉ាឡេស៊ី និងថៃ ផងដែរ៕
ដោយៈ សរ សុជាតិ