
យោងតាមទិន្នន័យដែលចេញផ្សាយដោយសហគ្រាសសិង្ហបុរី (EnterpriseSG) កាលពីថ្ងៃពុធបានឱ្យដឹងថា ការនាំចេញផលិតផលអេឡិចត្រូនិករបស់សិង្ហបុរី បានធ្លាក់ចុះ៩,៤% ក្នុងខែមីនាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឧបករណ៍ទូរគមនាគមន៍បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ជិត៤០% ហើយផលិតផលសៀគ្វី បានធ្លាក់ចុះជិត២០%។ ការនាំចេញផលិតមិនមែនអេឡិចត្រូនិកបានធ្លាក់ចុះជាង២៣%កាលពីខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបើធៀបនឹងខែកុម្ភៈ វិញ គឺបានធ្លាក់ចុះជិត២%។
ការធ្លាក់ចុះខ្លាំងបំផុត គឺផ្នែកឱសថ រចនាសម្ព័ន្ធកប៉ាល់ និងមាស ក្នុងនោះផ្នែកឱសថបានធ្លាក់ចុះជាង៧០% ហើយរចនាសម្ព័ន្ធកប៉ាល់ធ្លាក់ចុះជិត១០០% និងមាសធ្លាក់ចុះជិត៥០%។ ប្រទេសដែលរួមចំណែកធំបំផុតចំពោះការធ្លាក់ចុះនូវការនាំចេញ NODX នេះគឺសហរដ្ឋអាម៉េរិក ដែលមានការធ្លាក់ចុះជាង៥០% សហភាពអឺរ៉ុប មានការធ្លាក់ចុះជាង៤៥% និងប្រទេសជប៉ុន មានការធ្លាក់ចុះជាង៣៦%។ ទំហំពាណិជ្ជកម្មសរុបរបស់សិង្ហបុរី បានធ្លាក់ចុះជិត២%ក្នុងខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ សុខ មង្គល