ការកើនឡើងនៃការរាតត្បាតកូវីដ-១៩ បំប្លែងថ្មី និងផលប៉ះពាល់មកលើសេដ្ឋកិច្ចពិភពលោកបានធ្វើឲ្យទំនុកចិត្តលើទីផ្សារភាគហ៊ុនមានការរង្គោះរង្គើ ដោយអ្នកជួញដូរភាគហ៊ុនកំពុងរង់ចាំអ៊ុតមើលយ៉ាងអន្ទះសារ ពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនលក់រាយធំៗនៅចុងសប្ដាហ៍នេះសិន។
អ្នកវិនិយោគក៏កំពុងតាមដានមើលយ៉ាងដិតដល់ផងដែរ ជុំវិញការវិវត្តនៃស្ថានភាពនៅប្រទេសអាហ្វហ្កានីស្ថាន ដែលបច្ចុប្បន្នកំពុងមានជនស៊ីវិលរាប់ពាន់នាក់បានរត់ភៀសខ្លួនចេញពីប្រទេស ក្រោយពេលដែលរដ្ឋាភិបាលក្រុងកាបុលបានដួលរលំ ហើយប្រទេសអាហ្វហ្គានីស្ថាន កំពុងត្រូវបានកាន់កាប់ដោយក្រុមឧទាមតាលីបង់។។
ក្រុមអ្នកវិភាគមើលឃើញថា ការខកចិត្តចំពោះតួលេខសេដ្ឋកិច្ចរបស់ចិនថ្មីៗនេះ ក៏ដូចជាបញ្ហាស្ថានភាពនៅអាហ្វហ្កានីស្ថាន បូករួមនឹងការព្រួយបារម្ភពីផលប៉ះពាល់នៃឥទ្ធិពលមេរោគបំប្លែងថ្មី ឌែលតា ជាពិសេសការធ្លាក់ចុះជាងការរំពឹងទុកនូវសន្ទស្សន៍ផលិតកម្មរបស់រោងចក្រក្នុងក្រុងញូវយ៉កនៅសហរដ្ឋអាមេរិក បានជះឥទ្ធិពលក៏ដូចជាបង្កើនសម្ពាធហានិភ័យនៅក្នុងទីផ្សារភាគហ៊ុនកាន់តែខ្ពស់។
ជាក់ស្ដែងយើងក្រឡេកទៅមើល នៅក្នុងម៉ោងជួញដូរដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ សន្ទស្សន៍ផ្សារភាគហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្រៅពីប្រទេសជប៉ុន មានការធ្លាក់ចុះ ០,៤% ខណៈដែលផ្សារភាគហ៊ុនអាមេរិក S&P 500 ធ្លាក់ចុះជិត០,២%។
រីឯ ផ្សារភាគហ៊ុនអូស្ត្រាលី ធ្លាក់ចុះជាង ០,៧% ស្របពេលដែលផ្សារភាគហ៊ុនជប៉ុន Nikkei ធ្លាក់ចុះជាង ០,២%។ បើមើលទៅលើផ្សារភាគហ៊ុនចិនវិញ ធ្លាក់ចុះ ជិត០,២% ខណៈនៅហុងកុងធ្លាក់ចុះ០,៤%។
សូមបញ្ជាក់ថា ទិន្នន័យទាក់ទងនឹងមហាយក្សសេដ្ឋកិច្ចពិភពលោកទំាងពីរ ចិន និង អាមេរិក ដែលបង្ហាញនៅពេលថ្មីៗនេះហាក់មិនសូវមានសញ្ញាល្អនោះទេ ពោលគឺ ត្រូវបានគេមើលឃើញថា នឹងមានការងើបឡើងយឺតជាងអ្វីដែលបានព្យាករទុក ក្រោយពេលដែល អាមេរិក និង ចិនកំពុងប្រឈមនឹងការឆ្លងកូវីដ-១៩ឌែលតាកាន់តែខ្លាំង៕