គន្លឹះជោគជ័យ

"បើ​ចង់​មាន​ការងារ​ល្អ ត្រូវ​ប្រឹងប្រែង​រៀន​ជំនាញ​៥​យ៉ាង!" តើ​ជា​ជំនាញ​អ្វីខ្លះ?


ការងារល្អ​និង​ប្រាក់​ចំណូល​ខ្ពស់ គឺ​ជា​បំណង​ប្រាថ្នា​របស់​យុវជន​គ្រប់​គ្នា ប៉ុន្តែ សំណួរ​ដែល​តែង​ចោទ​ឡើង​នោះ តើ​យុវជន​មាន​សមត្ថភាព​អាច​ឈោង​ចាប់​ការងារ​ទាំង​នោះ​បាន​ដែរ ឬ​ទេ?
លោក ស៊ាង សុបញ្ញា នាយក​វិទ្យាស្ថាន អន្តរជាតិ កម្ពុជា-​អាស៊ាន។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក ស៊ាង សុបញ្ញា សហគ្រិន​ថ្មី​ថ្មោង​ក្នុង​វិស័យ​អប់រំ​ឯកជន ដែល​​វិនិយោគ​បង្កើត​វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា-​អាស៊ាន បាន​ផ្តល់​យោបល់​ថា មាន​ជំនាញ​ចំនួន​៥ ដែល​យុវជន​ខ្មែរ​គួរ​សង្វាត​សិក្សា​រៀនសូត្រ ដើម្បី​ឈោង​ចាប់​ឱកាស​ការងារ​ល្អៗ និង​មាន​ប្រាក់​ខែ​ច្រើន។

ផ្ដល់​បទ​សម្ភាសន៍​ខ្លី​ដល់សារព័ត៌មាន ខេមបូណូមីស កាល​ពីពេលថ្មីៗ​នេះ សាស្រ្តាចារ្យ​នៃ​វិទ្យាស្ថាន​ភាសា​បរទេស IFL ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​និង​គោល​នយោបាយ​សាធារណៈ​ពី​ប្រទេស​អូស្ត្រាលី លោក សុបញ្ញា បាន​ផ្ដល់​ជា​គន្លឹះ​ទាក់ទង​នឹង​ការ​អប់រំ​រៀនសូត្រ ដល់​យុវជន​ខ្មែរ ជាពិសេស ជំនាញ​ទាំង​ ៥ ដែល​រួមមាន​ដូចតទៅ៖ ​

  1. ជំនាញ​បច្ចេកទេស (ជំនាញ​រឹង)៖ យុវជន​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ និង​ចាប់​ជំនាញ​ណា​មួយ​ឲ្យ​បាន​ជាក់លាក់ ព្រោះ សម័យ​ឥឡូវ គេ​អត់​ត្រូវការ​អ្នក​ចេះ​លំៗ​នោះ​ទេ។ គេ​ត្រូវការ​អ្នក​ប្រាកដ​លើ​ជំនាញ​ណា​មួយ។ បើ​ថា វិស្វករ​ឲ្យ​ច្បាស់​ជា​វិស្វករ ហើយ​បើ​ថា ស្ថាបត្យករ ឲ្យ​ច្បាស់​ជា​ស្ថាបត្យករ។ បច្ចុប្បន្ន អ៊ីនធើណែត​សម្បូរ​បែប​ណាស់ ដែល​គេ​អាច​រៀន​ពី​ស្រុក​ក្រៅ បើ​សិន​ប្អូន​ចេះ​រៀន​នៅ​សាលា​ហើយ ខំ​ស្រាវជ្រាវ​ពី​ប្រភព​ខាង​ក្រៅ​ទៀត នោះ​នឹង​ជំរុញ​សមត្ថភាព​កាន់​តែ​ខ្លាំង។ 
  2. ជំនាញ​ធ្វើការ​ជាមួយ​មនុស្ស (ជំនាញ​ទន់) ពោល គឺ​យើង​មិន​អាច​ចេះ​តែ​ម្នាក់​ឯង​បាន​ទេ ត្រូវតែ​មាន​ស្មារតី​ជា​ក្រុម។ បើ​ចេះ​ដឹង​ហើយ មិន​អាច​ធ្វើការ​ជាមួយ​អ្នក​ដទៃ​បាន គេ​មិន​យក​ធ្វើការ​ទេ។ 
  3. ជំនាញ​ក្នុង​ការ​គូស​វាស​ពី​អនាគត មាន​ន័យ​ថា មនុស្ស​ខ្លះ​មាន​សមត្ថភាព​គិត​រយៈពេល​ខ្លីៗ។ គាត់​ពូកែ​ធ្វើការ តែ​គាត់​គិត​តែ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ទេ។ គាត់​គ្មាន​គំនិត​វែងឆ្ងាយ និង​មិន​ចេះ​ធ្វើ​ផែនការ។ ដូច្នេះ បើ​យើង​ជា​មនុស្ស​ដែល​មាន​ផែនការ​ច្បាស់​លាស់ យើង​នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ​ពូកែ​នៅ​ពេល​អនាគត។ 

ក្រៅពី​ជំនាញ​ទាំង​៣​ខាង​លើ​នេះ លោក ស៊ាង សុបញ្ញា អះអាង​ថា នៅ​មាន​ជំនាញ​ពីរ​បន្ថែម​ទៀត ដែល​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់ គឺ​ចំណេះដឹង​ផ្នែក​ភាសា​បរទេស និង​បច្ចេកវិទ្យា។ 

លោក​ពន្យល់​ថា៖ «ឥឡូវ បើ​យើង​អត់​ចេះ​ភាសា​បរទេស យើង​ទៅ​មិន​ឆ្ងាយ​ទេ។ ហើយ​បើ​យើង​អត់​ចេះ​បច្ចេកវិទ្យា​ទៀត តាម​អត់​ទាន់​សភាពការណ៍ គេ​ទៅ​មុខ​អស់​ហើយ។ ថ្ងៃ​នេះ យើង​ធ្វើការ​បាន​៥ គេ​ប្រើ​ពេល​ដូច​គ្នា តែ​គេ​ចេះ​បច្ចេកវិទ្យា គេ​ធ្វើការ​បាន​១០ ឬ ២០។ ដូច្នេះ យ៉ាង​ហោច​ណាស់ ក៏​ចេះ​ភាសា​បរទេស​មួយ​ដែរ ជា​ពិសេស ភាសា​អង់គ្លេស បើ​សិន​អត់​រៀន​អង់គ្លេស​ថ្ងៃ​នេះ​ទេ ថ្ងៃ​ក្រោយ យើង​នៅ​រក​​រៀន​ទៀត ចៀស​មិន​ផុត​ទេ។ ត្រូវ​ខំ​រៀន​ជំនាញ​ទាំង​អស់​ហ្នឹង ប៉ុណ្ណឹង​យើង​នឹង​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ហើយ»។

លោក ស៊ាង សុបញ្ញា ដែល​បាន​បង្កើត​សាលា CAM-ASEAN បាន​រយៈពេល​៣​ឆ្នាំ និង​ខាត​រយៈពេល​២​ឆ្នាំ ប៉ុន្តែ លោក​និង​ស្ថាបនិក​៥​នាក់​ទៀត នៅតែ​បន្ត​ឈរ​ជើង​ក្នុង​ទីផ្សារ ដើម្បី​ធ្វើការ​លើ​វិស័យ​អប់រំ ខណៈ​មាន​សាលា​ឯកជន​ជាច្រើន ត្រូវ​បាន​បង្កើត​ឡើង​ព្រោង​ព្រាត ស្រប​ពេល​ដែល​គុណភាព​សាលា​របស់​រដ្ឋ ហាក់​ធ្វើ​ដំណើរ​យឺត​យ៉ាវ​ក្នុង​ការ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ក្នុង​វិស័យ​អប់រំ ជា​ទូទៅ អ្នក​មួយ​ចំនួន​មិន​ចង់​វិនិយោគ​នោះ​ទេ ពីព្រោះ វា​ចំណេញ​ដែរ​នៅ​ថ្ងៃ​ក្រោយ​ទៅ ប៉ុន្តែ វា​ត្រូវការ​រយៈពេល​យូរ។ ដំបូង ខ្ញុំ​លំបាក ព្រោះ ស្ថាប័ន​យើង​ថ្មី​ថ្មោង គេ​អត់​ទាន់​ស្គាល់ គេ​អត់​ទាន់​ជឿ​ទុក​ចិត្ត សិស្ស​មិន​ទាញ​បាន បុគ្គលិក​ពូកែៗ ក៏​អត់​ទាន់​ទាញ​បាន។ យ៉ាងណា ទោះ​យើង​ខាត តែ​យើង​មិន​ដែល​ទម្លាក់​ចុះ​គុណភាព​នោះ​ទេ»។ 

លោក ស៊ាង សុបញ្ញា ដែល​ជា​អតីត​មន្រ្តី​បកប្រែ​ប្រដេញ​ជា​ភាសា​អង់គ្លេស នៅ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​បង្ហើប​យុទ្ធសាស្រ្ត​៤ ដែល​លោក​បាន​និង​កំពុង​អនុវត្ត ដើម្បី​ប្រកួត​ប្រជែង​​ជាមួយ​​សាលា​ឯកជន​ដទៃ​ទៀត ៖ «ទីមួយ ខ្ញុំ​រក​មើល​មនុស្ស​ដែល​មាន​ចិត្ត​ដូចគ្នា​មក​ធ្វើការ។ ទីពីរ ខ្ញុំ​បាន​កំណត់​ទស្សន​វិស័យ​ច្បាស់​លាស់​សម្រាប់​ដឹកនាំ​ពួក​គាត់។ ខ្ញុំ​ត្រូវ​ឲ្យ​ពួក​គេ​យល់​ថា តើ​ខ្ញុំ​ដឹកនាំ​ទៅ​ណា? ពេល​ណា​ខ្ញុំ​ដឹកនាំ​ទៅ​ដល់​ហ្នឹង? ពេល​ទៅ​ដល់​ហ្នឹង គាត់​ទទួល​បាន​អី? ទីបី ខ្ញុំ​អត់​ចាត់​ទុក​ទាំង​អស់​គ្នា​ធ្វើការ​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​គ្នា​ជា​សហការី​សម្រាប់​ស្ថាប័ន​ទាំង​អស់​គ្នា។ និង​ទីបួន គឺ​យើង​ផ្តោត​លើ​គុណភាព​ជា​សំខាន់ ដោយ​បញ្ចូល​បច្ចេកវិទ្យា​ច្រើន​ក្នុង​ការ​សិក្សា»៕ 

None



អត្ថបទបន្ទាប់


អាជីពចាក់សាក់ កំពុងត្រូវប៉ាន់ តែមិនសូវមានអ្នករៀន

កាលពីអតីតកាល អ្នកមានជំនាញចាក់សាក់នៅកម្ពុជា ច្រើនតែជាព្រះសង្ឃ ឬ គ្រូមន្តអាគម ដែលចេះវេទមន្ត ស្តោះ ផ្លុំ និង ច្រើនមាននៅតំបន់ព្រៃភ្នំ ឬ ក្នុងវ…

ការ​នាំ​ចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១១​នៅ​កម្ពុជា កើន​ឡើង​១២%​ក្នុង​ឆ្នាំ​២០១៧

ការ​នាំ​ចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស ទាំង​១១ របស់​កម្ពុជា​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ឆ្នាំ​២០១៧​នេះ មាន​ទឹក​ប្រាក់​ជិត ១ពាន់ ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ