នៅក្នុងលិខិតចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបញ្ជាក់ថា សមាគមបានធ្វើស្ទង់មតិអំពីផលប៉ះពាល់នៃវីរុសកូវីដ១៩ ជាមួយសមាជិករបស់ខ្លួនចំនួន ២៨៤ក្រុមហ៊ុន មកពី ១២ខេត្ត-ក្រុង ដែលមានបុគ្គលិកប្រមាណជិត ២ម៉ឺននាក់ និងបានរកឃើញបញ្ហាចម្បងចំនួន ៣ ដែលរាំងស្ទះដល់ការប្រកបអាជីវកម្មរបស់ពួកគេ។
បញ្ហាចម្បងទាំងនោះ រួមមាន ១) ផលប៉ះពាល់ទៅលើអាជីវកម្ម ដូចជា បញ្ហាលំហូរសាច់ប្រាក់ និងការមិនមានលទ្ធភាពសងបំណុលធនាគារ; ២) ផលប៉ះពាល់លើបុគ្គលិក-និយោជិត; និង ៣) ផលប៉ះពាល់ហិរញ្ញវត្ថុ។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបន្តថា ចំណូលប្រចាំខែរបស់ក្រុមហ៊ុនដែលបានធ្វើស្ទង់មតិ បានធ្លាក់ចុះចន្លោះពី ៣០ ទៅ ៨០% និងថា វិបត្តិនេះនឹងជំរុញឲ្យអាជីវកម្មមួយចំនួន ឈានទៅរកការផ្អាក ឬបិទអាជីវកម្មទាំងមូល ក្នុងរយៈពេលដ៏ខ្លីខាងមុខ ប្រសិនបើគ្មានយន្តការស្រោចស្រង់ណាមួយ ឲ្យចំគោលដៅទេនោះ។
ដោយផ្អែកលើបញ្ហាទាំងនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដាក់ជាសំណូមពរ ទៅក្រសួងហិរញ្ញវត្ថុ ស្នើសុំដំណោះស្រាយ ០៣ចំណុច ដូចខាងក្រោម៖
១) សុំពន្យារពេលនៃការបង់ពន្ធប្រចាំខែ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ គឺសម្រាប់ពន្ធប្រាក់ខែ ពន្ធកាត់ទុក និងពន្ធអាករលើតម្លៃបន្ថែម (VAT) និងស្នើសុំជំនួយសង្គ្រោះពីកម្ចីដែលមានស្រាប់បស់ធនាគារ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។
២) ស្នើឲ្យមានការផ្ដល់កម្ចីដើមទុន ដោយមិនមានទ្រព្យធានា ឲ្យដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីពួកគេបន្តស្ថិរភាពខ្សែសង្វាក់ផលិតកម្ម និងចាប់ផ្ដើមអាជីវកម្មឡើងវិញ។
៣) ស្នើឲ្យមានកម្មវិធីផ្ដល់កម្ចី/ការវិនិយោគពង្រីកអាជីវកម្ម ជាមួយគ្រោងការដែលចែករំលែកហានិភ័យរបស់រដ្ឋាភិបាល ក្នុងការពង្រីកការវិនិយោគដែលចាំបាច់សម្រាប់ដំណើរការអាជីវកម្មឡើងវិញ។
គិតមកទល់ពេលនេះ (ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០) ប្រទេសកម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ ចំនួន ១១០ករណីហើយ ប៉ុន្តែ មិនទាន់មានករណីស្លាប់នៅឡើយទេ។
ការឆ្លងរាលដាលនៃវីរុសកូវីដ១៩នេះ បានប៉ះពាល់យ៉ាងខ្លាំង ទៅលើវិស័យជាច្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយកន្លងមក រដ្ឋាភិបាលបានប្រកាសត្រៀមថវិកាជាតិ ពី ៨០០ ទៅ ២០០០លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចដែលរងការវាយប្រហារដោយវិបត្តិវីរុសកូវីដ១៩នេះ៕