ថ្លែងក្នុងជំនួបជាមួយ នឹងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក Thomas Hundt បានលើកឡើងថា ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៨ ក្រុមហ៊ុនSmart បានតភ្ជាប់បណ្ដាញឌីជីថលរហូតដល់ ជិត៩៩% មានអ្នកប្រើប្រាស់ ដល់ទៅ ៧,៥ លាននាក់ គ្រប់ដណ្ដប់២៥ ខេត្តក្រុង និងផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១ពាន់នាក់។
បើតាមការគូសបញ្ជាក់ ពីលោក Thomas Hundt ក្រុមហ៊ុនSmart Axiata នឹងបន្តវិនិយោគបន្ថែមទៀត ដោយមិនត្រឹមតែវិនិយោគក្នុងវិស័យ ទូរគមនាគមន៍ ប៉ុណ្ណោះទេ បន្ដែ ក៏នឹងពង្រីកសកម្មភាពធុរកិច្ចផ្សេងៗទៀត ទាក់ទងនឹងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជា។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងផ្តល់អាទិភាព ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល និងបន្តគាំទ្រដល់ការបង្កើតបរិស្ថាន សម្រាប់ការរីកលូតលាស់វិស័យឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Smart Axiata បន្តវិនិយោគ និង ផ្តល់ការគាំទ្របន្ថែម ដល់ការបង្កើតធុរកិច្ចថ្មីៗ ផ្អែកលើបច្ចេកវិទ្យា ឬ ហៅថាTech-Startup នៅកម្ពុជា។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Smart Axiata មិនត្រឹមតែជាក្រុមហ៊ុនបណ្ដាញទូរស័ព្ទធំមួយនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ក្រុមហ៊ុននេះ ក៏មានវិនិយោគតាមរយៈការទិញភាគហ៊ុនក្រុមហ៊ុនធំៗមួយចំនួនផងដែរ។ ពិសេសជាងនេះ ក្រុមហ៊ុនSmart ក៏មានបង្កើតមូលនិធិ៥ លានដុល្លារអាមេរិក សម្រាប់វិនិយោគ លើអាជីវកម្មបង្កើតថ្មីៗ ថែមទៀតផង៕