សម្រាប់ឆ្នាំ ២០២៣ កម្មវិធីបុណ្យភូមិ នឹងប្រារព្ធខួប ១០ ឆ្នាំរបស់ខ្លួន ដែលត្រូវបានរៀបចំឡើងដោយក្រុមយុវជនភ្លើងគប់ និងឡេឡេបុណ្យភូមិ។ គួរបញ្ចាក់ផងដែរថាថ្មីៗនេះកម្មវិធីបុណ្យភូមិបានពង្រីកនូវវិសាលភាពរបស់ខ្លួន ហើយស្របគ្នានេះដែរកម្មវិធីនេះនូវតែទទួលការការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន Smart Axiata និងកម្មវិធីចម្រៀង Pleng ផងដែរ។
ដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយ កម្មវិធីបុណ្យភូមិ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងរយៈពេល ១០ ថ្ងៃ ពីថ្ងៃទី ១ ដល់ទី ១០ ខែមេសា ដែលអ្នកចូលរួម អាចទស្សនានូវទស្សនីយភាពសិល្បៈសម្តែងទាំងបុរាណ និងសម័យ។ នៅក្នុងសប្តាហ៍ទីមួយដែលជា «សប្តាហ៍សិល្បៈសម័យ» ត្រូវបានរៀបចំឡើងនៅ Factory Phnom Penh និងសប្តាហ៍ទីពីរគឺ «សប្ដាហ៍ពិសេស» ត្រូវបានរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។
ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៩ ខែមេសា បុណ្យភូមិនឹងធ្វើការរៀបចំនៅវត្តមួយវត្តភ្នៀតសិម្ពលី ដែលមានចម្ងាយជាង ២០ គីឡូម៉ែត ចំណាយពេល៤៥នាទី ពីរាជធានីភ្នំពេញ ហើយអ្នករៀបចំកម្មវិធីបានដាក់ឈ្មោះថាជា «សប្ដាហ៍បុរាណ»៕
លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រកម្មវិធីលើកកម្ពស់វប្បធម៌ និងប្រពៃណីខ្មែរមួយនេះអស់រយៈពេលជាច្រើនឆ្នាំ និងបង្កើតជាកម្មវិធីដ៏ពេញនិយមមួយនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
«ក្រុមហ៊ុន Smart Axiata តែងតែមានមោទនភាពជានិច្ចក្នុងការចូលរួមលើកកម្ពស់នូវវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីដ៏ល្អ ផូរផង់របស់ប្រទេសកម្ពុជា ដែលប្រកបដោយប្រវត្តិសាស្រ្តដ៏យូរអង្វែង។ យើងពិតជាមានភាពរីករាយដែលអាចបន្តគាំទ្រកម្មវិធី «បុណ្យភូមិ» សម្រាប់ឆ្នាំទី ១០ ដោយយើងពិតជាជឿជាក់ថាកម្មវិធីមួយនេះពិតជាមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមខ្មែរ និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ ខ្មែរទៅកាន់យុវជនជំនាន់ក្រោយ។»
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ បានក្លាយជាដៃគូគាំទ្រកម្មវិធីបុណ្យភូមិ តាំងពីឆ្នាំ ២០១៨ មកដោយពាំនាំមកនូវសកម្មភាព ក៏ដូចជាទស្សនីយ៍ភាពអំពីវប្បធម៌ខ្មែរប្លែកៗ ហើយទទួលបានការគាំទ្រជាច្រើនកុះករជារៀងរាល់កម្មវិធីប្រចាំឆ្នាំផងដែរ។ នៅពេលដែលជំងឺកូវីដ-១៩ បានរាតត្បាត សមាគមភ្លើងគប់ និងក្រុមហ៊ុន Smart ក៏បានសម្រេចរៀបចំកម្មវិធីជាលក្ខណៈឌីជីថលវិញ។
សម្រាប់ឆ្នាំនេះវិញ អ្នកចូលរួមទាំងអស់អាចអញ្ជើញទៅទស្សនា “ភូមិ Smart” នៅ “បុណ្យភូមិសប្តាហ៍ទី ៣” ដើម្បីលេងហ្គេមកម្សាន្តសប្បាយៗ ដើម្បីឈ្នះ ទទួលបានកាដូ និងឈ្នះរង្វាន់ពិសេសៗជាច្រើន។
ជាងនេះទៅទៀត ជារៀងរាល់យប់ក៏នឹងមានការប្រគំតន្ត្រី “Pleng បុណ្យភូមិ” ដែលចូលរួមដោយ សិល្បករ សិល្បការិនីប្រពៃណីដ៏ពិសេសជាច្រើនរូបដែលសម្រាប់កម្មវិធីទាំង ៣ ថ្ងៃ ដែលថ្ងៃទី ១ នឹងមានវត្តមាន ក្រុមតន្រ្តី សុន ស្រីណុន គ្រួសារត្រកូលខាត់ ពូឃ្លាំង សំណាង សូរិយា D-Man និងសាយ (Sai) ថ្ងៃទី ២ នឹងមានវត្តមាន វង់តន្ត្រី លោកគ្រូ ចេវ សុភក្រ័ កុសុម៉ា វិន វិទូ និង កែវ ទិត្យផល្លី ថ្ងៃទី ៣ នឹងមានវត្តមាន ក្មេងខ្មែរ កេសរ ខាយ (Kai) ចំរើន សុភា តុង Redking សុភាព សន ពិសិដ្ឋ និង នៅ ដាណាផងដែរ។
ជារៀងរាល់ឆ្នាំ Smart និង Pleng តែងតែឧបត្ថម្ភ ក្នុងការផលិតបទចម្រៀងសម្រាប់កម្មវិធី បុណ្យភូមិ ហើយសម្រាប់ឆ្នាំនេះ មានចំនួនពីរបទ គឺ បទទី ១ “សុបិនស្នេហ៌បុណ្យភូមិ” ច្រៀងដោយ កេសរ និងខាយ និងបទទី ២ “កន្រ្តឹមក្មេងខ្មែរ” ច្រៀងដោយ ក្មេងខ្មែរ ដែលទាំងពីបទនេះនឹងត្រូវបានសម្តែងផ្ទាល់នៅបុណ្យភូមិសប្តាហ៍ចុងក្រោយផងដែល។ ប្រិយមិត្តក៏អាចស្តាប់ចម្រៀងទាំងពីរបទនេះមុនគេនៅក្នុង Pleng app ឥឡូវនេះ!
បុណ្យភូមិសប្តាហ៍ទី ៣ នឹងចាប់ផ្តើមពីថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី៧-៨-៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ ១០ យប់ នៅទីតាំង វត្តភ្នៀតសិម្ពលី ដែលធ្វើដំណើរប្រមាណ ៤៥ នាទី ពីភ្នំពេញ៕