លោក ថូម៉ាស ហាន់ នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បាននិយាយថា ក្រុមហ៊ុនប្រហែលជាត្រូវចំណាយលើការវិនិយោគបន្ថែមដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ក្នុងរយ:ពេល ២ ទៅ ៣ឆ្នាំខាងមុខ លើការដំឡើងប្រព័ន្ធ 5Gនេះ។
ការសាកល្បងនៅឯ smart shop សាខាព្រះមុនីវង្សនោះ រួមមាន ការប្រៀបធៀបរវាងការដោនឡូត APP មួយ និងការពិសារទឹកក្រូច១កំប៉ុងថា តើមួយណាលឿនជាង។ ការសាកល្បងបង្ហាញថា ការដោនឡូតនោះមានរយ:ពេលលឿនជាងការផឹកទឹកក្រូចដោយ ឌីជេ ណាណា។
ការសាកល្បងមួយទៀត គឺការលេងហ្គេមដោយប្រើ 4G និង 5G ដែលលទ្ធផលបានបង្ហាញថា ហ្គេមឡានប្រណាំង ដែលប្រើអ៊ីនធឺណិត 5G គឺលឿនខ្លាំងជាង ដោយមិនមានរអាក់រអួលនោះទេ។
កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបំផុត គឺបណ្តាញ 5G ខណ:ដែលនាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ធ្វើទស្សនកិច្ចនៅប្រទេសចិន។
លោក ថូម៉ាស ហាន់ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯពិធីសាកល្បងដូច្នេះថា ៖ «នៅពេលណា ដែលពេលវេលានោះមកដល់ សង្ឃឹមថា នឹងឆាប់ៗនេះ យើងនឹងបញ្ចេញ 5G ឲ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ជ។ វានឹងមិនមានសេវាគ្របដណ្តប់ទូទាំងប្រទេស នៅថ្ងៃទីមួយនោះទេ ប៉ុន្តែ ដំបូង វានឹងជា hot spot, បន្តាប់មក មាននៅតាមតំបន់ទីប្រជុំជន ហើយបន្ទាប់មកទៀត យើងនឹងពង្រីកជាបន្តបន្ទាប់។»
លោក ថូម៉ាស ហាន់ បាននិយាយថា ក្រុមហ៊ុនបានតៀមខ្លួនរួចហើយសម្រាប់បញ្ចេញឲ្យប្រើប្រាស់នៅឆ្នាំ២០១៩នេះ ក៏ប៉ុន្តែ អ្វីៗត្រូវតែមានការយល់ព្រមពីរដ្ឋាភិបាលជាមុនសិន មុននឹងចាប់ផ្តើមដំណើរការ 5G ជាលក្ខណៈពាណិជ្ជកម្ម។
បើទោះបីជាបច្ចុប្បន្ន តម្រូវការខ្លាំងនៅកម្ពុជាសម្រាប់អ៊ីនធឺណិតដែលលឿនផ្តោតលើការប្រើបណ្តាញសង្គមក៏ដោយ លោក ថូម៉ាស ហាន់ បាននិយាយផងដែរថា តម្រូវការក៏កំពុងតែមានបណ្តើរៗដែរ សម្រាប់អ៊ីនធឺណិតដែលមានល្បឿនលឿនដើម្បីមើលកុន 4K ជាដើម។
លោក Aaron Wang នាយកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei បានឱ្យដឹងនៅឯពិធីសាកល្បងនោះថា ក្រុមហ៊ុនរបស់លោកបានទទួលកុងត្រាពាណិជ្ជកម្មសម្រាប់ 5G ចំនួន៥០ ហើយបានដឹកជញ្ជូនស្ថានីយមូលដ្ឋានចំនួន១៥ម៉ឺនហើយ នៅទូទាំងពិភពលោក។
លោក Aaron Wang បានបន្តថា «ក្រុមហ៊ុន Huawei នឹងធ្វើការរួមគ្នាជាមួយកម្ពុជានិងក្រុមហ៊ុន ស្មាត ដើម្បីកសាងប្រទេសកម្ពុជាដែលមានភាពវៃឆ្លាតនិងមានការតភ្ជាប់អ៊ីនធឺណិតយ៉ាងពេញលេញ»៕