យោងតាមពាក្យសុំពន្យារពេលសវនាការរបស់មេធាវីលោក កឹម សុខា និងមេធាវីរដ្ឋាភិបាល ដែលបានឃើញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានឯកភាពតាមពាក្យសុំទាំងនោះ។
លោក កូយ សៅ បានសរសេរនៅលើពាក្យស្នើសុំចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដូច្នេះថា "ឯកភាពតាមពាក្យសុំដោយឲ្យពន្យារពេលរហូតដល់មានការជូនដំណឹងអំពីកាលបរិច្ឆេទសវនាការជាថ្មី។"
យោងតាមពាក្យស្នើសុំរបស់លោកមេធាវីការពារក្តីលោ កឹម សុខា គឺលោក ចាន់ ចេង និងលោក អាង ឧត្ដម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានសរសេរថា ស្នើសុំលើកពេលសវនាការទៅថ្ងៃក្រោយដើម្បីសុវត្ថិភាពនិងសុខភាពសម្រាប់ទាំងអស់គ្នាក្នុងបន្ទប់សវនាការពាក់ព័ន្ធនឹងជំងឺឆ្លងបច្ចុប្បន្ន។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ផងដែរនោះ មេធាវីដោយអាណត្តិឱ្យរដ្ឋាភិបាល គឺលោក សាន់ ជួយ និងលោក ចេង ប៉េងហាប់ ក៏បានដាក់ពាក្យសុំពន្យារពេលសវនាការផងដែរ ដោយសារបច្ចុប្បន្ននេះកំពុងស្ថិតក្នុងស្ថានភាពផ្ទុះជំងឺរីករាលដាល កូវីដ១៩។
ពាក្យសុំពន្យារពេលនោះ បានសរសេរដូច្នេះថា “ដោយក្នុងនោះមានការដាក់បំរាមហាមឃាត់មិនឲ្យមានការជួបជុំគ្នាច្រើនឡើយ ហើយម្យ៉ាងទៀតនៅក្នុងបន្ទប់សវនាការ គឺមានភាពតូចចង្អៀតដែលមិនអាចអង្គុយឱ្យឃ្លាតពីគ្នាក្នុងចម្ងាយ២ម៉ែត្រ ដូចតាមការណែនាំរបស់ក្រសួងសុខាភិបាលបាននោះទេ។”
ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សាលាដំបូងរាជធានីភ្នំពេញបានជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ហើយ លោក កឹម សុខា បានបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ ដោយអះអាងថា គោលជំហររបស់លោក គឺប្រជាធិបតេយ្យ និងគ្មានអំពើហិង្សា៕