នៅសប្តាហ៍នេះក្រុមហ៊ុនគ្រប់គ្រងការប្រឹក្សាយោបល់ Bain & Co បាននិយាយថា ប៉ូលិសបានសាកសួរបុគ្គលិកនៅក្នុងការិយាល័យនៅទីក្រុងសៀងហៃ ប៉ុន្ដែ ក្រុមហ៊ុនប្រឹក្សាមួយនេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលអាជ្ញាធរស៊ើបអង្កេតកំពុងស្វែងរកនោះទេ។ កាលពីខែមុន ក្រុមហ៊ុន Mintz Group បាននិយាយថា ការិយាល័យប្រចាំក្រុងប៉េកាំងរបស់ក្រុមហ៊ុននេះត្រូវបានប៉ូលិសឆ្មក់ចូល ដោយចាប់ឃុំខ្លួនបុគ្គលិក ៥ នាក់។ កាលពីខែមុននោះដែរ បុគ្គលិកម្នាក់នៅក្រុមហ៊ុនផលិតឱសថរបស់ជប៉ុនត្រូវបានចាប់ឃុំខ្លួនពីបទចារកម្ម ហើយរដ្ឋាភិបាលចិនបានប្រកាសពីការពិនិត្យសុវត្ថិភាពរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Micron Inc ផងដែរ។
បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនៅប្រទេសចិនកំពុងតែព្យាយាមទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគនៅក្នុងប្រទេសចិន ទោះជាមានការកើនឡើងផ្នែកគ្រប់គ្រងនយោបាយលើសេដ្ឋកិច្ចក៏ដោយ។ ក្រុមធុរកិច្ចបាននិយាយថា ក្រុមហ៊ុនពិភពលោកកំពុងផ្លាស់ប្តូរផែនការវិនិយោគទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌា និងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនផ្សេងទៀត។
សភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅក្នុងប្រទេសចិនបាននិយាយកាលពីថ្ងៃសុក្រ ទី២៨ ខែមេសាថា ខណៈប្រទេសចិនកំពុងព្យាយាមយ៉ាងសកម្ម ដើម្បីស្តារទំនុកចិត្តអាជីវកម្មក្នុងការទាក់ទាញការវិនិយោគពីបរទេសនោះ ទង្វើរបស់ចិនក្នុងការត្រួតពិនិត្យក្រុមហ៊ុននេះ បានបញ្ជូនសញ្ញារញ៉េរញ៉ៃបំផុត។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា លោកស្រីមិនបានដឹងពីករណីរបស់ប៉ូលិសចិនចុះត្រួតពិនិត្យនៅការិយាល័យក្រុមហ៊ុន Bain & Co នៅទីក្រុងប៉េកាំងនោះទេ ប៉ុន្តែលោកស្រីបាននិយាយការពារពីការអនុវត្តច្បាប់របស់ចិន ដោយអះអាងថា ប្រទេសចិនស្វាគមន៍ក្រុមហ៊ុនបរទេសដែលទៅបណ្តាក់ទុននិងធ្វើអាជីវកម្មនៅប្រទេសចិន ហើយទីក្រុងប៉េកាំងប្តេជ្ញាក្នុងការកសាងបរិយាកាសធុរកិច្ចជាអន្តរជាតិ ស្របតាមទីផ្សារ និងផ្អែកលើច្បាប់ ពោលគឺក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេសចិនគួរតែដំណើរការដោយអនុលោមតាមច្បាប់។
លោក ស៊ី ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះកំពុងរៀបចំកណ្ដាលនៃយុទ្ធនាការជាច្រើន ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់គណបក្សកាន់អំណាចលើសហគ្រិន លុបបំបាត់អំពើពុករលួយក្នុងជួរដ្ឋាភិបាល និងកាត់បន្ថយការពឹងផ្អែកទៅលើ បច្ចេកវិទ្យានិងជំនាញបរទេស។
សូមបញ្ជាក់ថា ទំនាក់ទំនងរបស់ចិនជាមួយទីក្រុងវ៉ាស៊ីនតោន អឺរ៉ុប និងតូក្យូមានភាពតានតឹងដោយសារជម្លោះអំពីសិទ្ធិមនុស្ស កោះតៃវ៉ាន់ សន្តិសុខ និងបច្ចេកវិទ្យា។ ប៉ុន្តែមិនមានការបញ្ជាក់ថា តើការស៊ើបអង្កេតនេះមានហេតុផលនយោបាយ ឬយ៉ាងណានោះទេ។ ប៉ុន្ដែ គេដឹងថា ក្រុមហ៊ុនមួយចំនួននៅប្រទេសចិនត្រូវបានកំណត់គោលដៅធ្វើការត្រួតពិនិត្យកាន់តែច្រើនឡើងៗនៅពេលនេះ៕
អត្ថបទ៖ សុខ ជា