បងប្អូនកូរ៉េបាញ់មីស៊ីលប្រមានគ្នាទៅវិញទៅមក!

កូរ៉េខាងត្បូងបាញ់មីស៊ីលឆ្លើយតបវិញភ្លាមៗ ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់គំរាមឲ្យបញ្ឈប់សមយុទ្ធ


កូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងហោចណាស់ ២៣គ្រាប់ គ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃពុធ ទី ២ វិច្ឆិកានេះ ដោយមីស៊ីលផ្លោងមួយគ្រាប់របស់កូរ៉េខាងជើងបានធ្លាក់នៅចម្ងាយត្រឹមតែប្រមាណ ៦០ គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រកូរ៉េខាងត្បូង ដែលវាជាលើកទីមួយដែលទីក្រុងព្យុងយ៉ាងបានសាកល្បងបែបនេះ ហើយវាក៏បានជំរុញឱ្យកូរ៉េខាងត្បូងចេញការព្រមានអំពីការវាយប្រហារតាមផ្លូវអាកាស ព្រមទាំងបាញ់មីស៊ីលជាការឆ្លើយតបវិញផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កូរ៉េខាងត្បូងបាញ់មីស៊ីលឆ្លើយតបវិញភ្លាមៗ ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់គំរាមឲ្យបញ្ឈប់សមយុទ្ធ

ការបាញ់មីស៊ីលផ្គើនដាក់គ្នាទៅវិញទៅមកនេះ ត្រូវបានគេមើលឃើញថា ភាពតានតឹងនៅឧបទ្វីបកូរ៉េកំពុងស្ថិតក្នុងស្ថានភាពផុយស្រួលកាន់តែខ្លាំងមែនទែនហើយនាពេលនេះ។

មែនទែនទៅ មីស៊ីលនេះបានធ្លាក់ចូលនៅខាងក្រៅដែនទឹករបស់កូរ៉េខាងត្បូង ប៉ុន្តែនៅភាគខាងត្បូងនៃខ្សែបន្ទាត់ព្រំដែនខាងជើង (NLL) ជាព្រំដែនសមុទ្ររវាងកូរ៉េទាំងពីរ ហើយត្រង់ចំណុចនេះភាគីទាំងពីរ ក៏មានជម្លោះនាពេលកន្លងមកដែរ ដោយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានហៅទង្វើរបស់កូរ៉េខាងជើងថាជា «សកម្មភាពទន្ទ្រានកាន់កាប់ទឹកដីតែម្តង»។

ភ្លាមៗជាការឆ្លើយតប យោធាកូរ៉េខាងត្បូងបាននិយាយថា យន្តហោះចម្បាំងកូរ៉េខាងត្បូងបានបាញ់កាំជ្រួចការពារដែនអាកាសចំនួនបីគ្រាប់ចូលទៅក្នុងសមុទ្រភាគខាងជើងឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនអន្តរកូរ៉េនោះវិញផងដែរ។ ការបាញ់បង្ហោះរបស់កូរ៉េខាងត្បូងបានកើតឡើងបន្ទាប់ពីការិយាល័យរបស់លោក Yoon បានប្តេជ្ញានឹង «ឆ្លើយតបយ៉ាងរហ័ស និងរឹងមាំ» ដើម្បីឱ្យកូរ៉េខាងជើង «ដឹងនិងត្រួវទទួលខុសត្រូវរាល់ការបង្កហេតុរបស់ខ្លួន»។

យោងតាមអគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា អាវុធរបស់កូរ៉េខាងជើង គឺជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយក្នុងចំណោមបីគ្រាប់ ដែលបាញ់ចេញពីតំបន់ឆ្នេរ Wonsan របស់កូរ៉េខាងជើង ចូលទៅក្នុងសមុទ្រ។ អគ្គសេនាធិការនេះបានបន្ថែមទៀតថា លើសពីនេះមានមីស៊ីលច្រើនជាប្រភេទរហូតដល់១០គ្រាប់ ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ប្រទេសកូរ៉េខាងជើង។

លើសពីនេះ យ៉ាងហោចណាស់មីស៊ីលមួយគ្រាប់បានធ្លាក់នៅចម្ងាយ ២៦ គីឡូម៉ែត្រពីភាគខាងត្បូងនៃព្រំដែនសមុទ្រអន្តរកូរ៉េ និងចម្ងាយ ៥៧ គីឡូម៉ែត្រពីទីក្រុង Sokcho របស់កូរ៉េខាងត្បូងនៅឆ្នេរសមុទ្រខាងកើត និងមួយគ្រាប់ផ្សេងទៀតនៅចម្ងាយ ១៦៧ គីឡូម៉ែត្រពីកោះអ៊ុលឡេង (Ulleung) ដែលជាកន្លែងត្រូវបានព្រមានអំពីការវាយប្រហារតាមអាកាសនោះតែម្តង។

គួរជម្រាបថា ការបាញ់បង្ហោះនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងទាមទារឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួនជាបន្ទាន់ ដោយកូរ៉េខាងជើងចាត់ទុកថាជា «ការញុះញង់ និងការបង្កហេតុផ្នែកយោធាមិនអាចអត់ឱនបាន»។

ទន្ទឹមគ្នានេះ កាលពីថ្ងៃអង្គារទី១វិច្ឆិកា នៅទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានឆ្លើយតបទៅនឹងការព្រមានរបស់កូរ៉េខាងជើង ដោយនិយាយថា «ទីក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងឈានដល់ការបង្កើតលេសមួយទៀត សម្រាប់ការបង្កហេតុដែលខ្លួនបានធ្វើរួចហើយ ដែលនេះអាចនឹងបង្កឱ្យមានការប៉ះទង្គិចគ្នាណាមួយនៅប៉ុន្មានថ្ងៃខាងមុខ ឬប៉ុន្មានសប្តាហ៍ខាងមុខក៏ថាបាន»៕




អត្ថបទបន្ទាប់


រុស្ស៊ីជ្រើសរើសកងកុម្ម៉ង់ដូអាហ្វហ្គានីស្ថាន ដែលត្រូវបានបណ្តុះបណ្តាលដោយអាមេរិកទៅប្រយុទ្ធក្នុងសមរភូមិជាមួយអ៊ុយក្រែន

អតីតឧត្តមសេនីយអាហ្វហ្គានីស្ថានបីរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា កងទ័ពពិសេសនៃកងម្លាំងអាហ្វហ្គានីស្ថាន ដែលត្រូវបានហ្វឹកហាត់និងកៀកស្…

តើវិស័យឯកជនគួរចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល យ៉ាងដូចម្តេចខ្លះ?

ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងការដឹកជញ្ជូន អ្នកជំនាញសង្កេតឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងជំរុញឲ្យការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ