លោកម៉ូន ចែអ៊ីន មានគម្រោងនឹងជួបប្រជុំពិភាក្សាជាមួយនឹងប្រធានាធិបតីអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយនឹងវត្តមានរបស់មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ តាមការអះអាងរបស់លោកម៉ូន គឺលោកនឹងយកជំនួបជាមួយកំពូលមេដឹកនាំរបស់អាមេរិកនេះ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការវ៉ាក់សាំង ដើម្បីឈានទៅសម្រេចនូវគោលដៅធ្វើឲ្យប្រទេសកូរ៉េខាងត្បូងក្លាយទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងរបស់សកលោកនៅពេលអនាគត។
រដ្ឋាភិបាលកូរ៉េខាងត្បូងមានបំណងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន១៣លាននាក់ នៅត្រឹមខែមិថុនាឆ្នាំនេះ ដោយក្នុងនោះ ការផ្គត់ផ្គង់វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនអាមេរិក គឺពិតជាសំខាន់ណាស់ ដើម្បីអាចសម្រេចគោលដៅនេះបាន។ ក្រៅតែពីរឿងវ៉ាក់សាំងនេះ លោក ម៉ូន ក៏បានបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំបំផុតទី៤ក្នុងពិភពលោកនោះ ក៏កំពុងមានកំណើនស្ទុះងើបឡើងវិញយ៉ាងរឹងមាំផងដែរ។ រដ្ឋាភិបាលនឹងបង្កើតកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច៤% នៅឆ្នាំ២០២២ខាងមុខនេះ។
តាមទិន្នន័យពី Bloomberg បានបង្ហាញថា គិតមកទល់ពេលនេះ កូរ៉េខាងត្បូងទើបតែបានចាក់វ៉ាក់សាំងកូវីដ-១៩ដល់ប្រជាជនរបស់ខ្លួនសរុបប្រមាណជាង៤លានដូសប៉ុណ្ណោះ ដោយក្នុងនោះ អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសមានត្រឹមតែជិត ២%ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប៥២លាននាក់។
បើទោះបីជាការផ្គត់ផ្គង់វ៉ាក់សាំងជួបប្រឈមនឹងបញ្ហា ប៉ុន្ដែ កូរ៉េខាងត្បូងក៏អាចរាប់ចាត់ទុកថា ជាប្រទេសមួយដែលមានការគ្រប់គ្រងកូវីដ-១៩បានល្អគួរសមដែរ ដោយគិតមកទល់ពេលនេះ ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩សរុបជាង១៣ម៉ឺននាក់ និងមានអ្នកស្លាប់ជិត២ពាន់នាក់ប៉ុណ្ណោះ៕