ក្តីសុបិនរបស់ទីក្រុងសេអ៊ូល ដើម្បីក្លាយទៅជាប្រទេសនាំចេញអាវុធលំដាប់ទី៤ក្នុងពិភពលោក ដោយត្រូវតែវ៉ាឱ្យទាន់ប្រទេសចិនបានក្លាយជាការពិតហើយ។ ទោះបីជាបែបនេះក្តី អ្នកវិភាគមើលឃើញថា ការប្រកួតប្រជែងរវាងប្រទេសទាំងពីរទំនងជាមិនអាចទៅរួចទេ ក៏ព្រោះតែគោលដៅទីផ្សាររបស់ពួកគេមានមូលដ្ឋានខុសគ្នាឆ្ងាយដាច់។
កម្លាំងរុញច្រានដ៏សំខាន់នៅពីក្រោយកំណើនយ៉ាងឆាប់រហ័សនៃការលក់អាវុធរបស់ប្រទេសកូរ៉េខាងត្បូង គឺការនាំចេញទៅកាន់ប្រទេសប៉ូឡូញ ដែលក្នុងឆ្នាំ២០២១មានទំហំទឹកប្រាក់ ៧,៥ ពាន់លានដុល្លារ។ ប៉ូឡូញដែលគេដឹងថា ជាសមាជិកអង្គការណាតូ និងជាប្រទេសក្បែរខាងរបស់អ៊ុយក្រែនបានទិញសព្វាវុធយោធាពីកូរ៉េខាងត្បូងជាង១០ពាន់លានដុល្លារ ក្នុងរយៈពេលដប់ខែដំបូងនៅឆ្នាំនេះ។
នៅមុនពេលចុះហត្ថលេខាលើកិច្ចសន្យាតម្លៃជាង ៣ ពាន់លានដុល្លារជាមួយក្រុមហ៊ុនអវកាស Hanwha របស់កូរ៉េខាងត្បូងកាលពីខែមុនក្នុងការទិញប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ Chunmoo រាប់រយគ្រឿង រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក ម៉ារ៉ីស ប្ល៉ាសស្កាក (Mariusz Blaszczak) បានសរសើរប្រព័ន្ធរ៉ុក្កែតឆុនមូនេះថា មានលក្ខណៈស្រដៀងនឹងប្រព័ន្ធរ៉ុក្កែត HIMARS របស់សហរដ្ឋអាមេរិក ដែលប៉ូឡូញបានបញ្ជាទិញពីមុនដែរ។ ទីក្រុងវ៉ាសូវីក៏បានប្រកាសរួចហើយថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិជាង១២ពាន់លានដុល្លារក្នុងឆ្នាំ២០២២នេះ និងបែកចែកប្រហែល៣%នៃផលិតផលក្នុងស្រុកដើម្បីបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់២១ពាន់លានដុល្លារនៅឆ្នាំ២០២៣។
ដូចនេះ កូរ៉េខាងត្បូងអាចចាប់យកឱកាសមួយនេះ ដើម្បីផ្គត់ផ្គង់តម្រូវការជាបន្ទាន់របស់ប៉ូឡូញក្រោយពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ បើតាមលោក គីម មីជុង (Kim Mi-jung) អ្នកស្រាវជ្រាវផ្នែកវិស័យឧស្សាហកម្មការពារជាតិវិទ្យាស្ថានកូរ៉េសម្រាប់សេដ្ឋកិច្ចឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថា «ការលក់សព្វាវុធចុងក្រោយរបស់កូរ៉េខាងត្បូងសម្រាប់ឆ្នាំ ២០២២ អាចនឹងខ្ពស់ជាងការរំពឹងទុក ដោយសារតែកិច្ចព្រមព្រៀងអាចនឹងត្រូវបានចុះហត្ថលេខាជាមួយម៉ាឡេស៊ី និងអារ៉ាប៊ីសាអូឌីតនៅក្នុងខែខាងមុខនេះ។ ហើយនិន្នាការនៃការកើនឡើងនៃការលក់សព្វាវុធរបស់ទីក្រុងសេអ៊ូលនឹងបន្តនៅរយៈពេល៣-៤ឆ្នាំខាងមុខទៀត គឺដោយសារតែសង្រ្គាមអ៊ុយក្រែននៅតែអូសបន្លាយ ហើយតម្រូវការអាវុធនឹងកើនឡើងដូចគ្នានៅអឺរ៉ុបទាំងមូល»។
មែនទែនទៅ ការពង្រីកការនាំចេញសព្វាវុធរបស់កូរ៉េខាងត្បូង គឺជាកិច្ចការនៃគោលនយោបាយដ៏សំខាន់មួយក្នុងចំណោម ១១០គោលនយោបាយសំខាន់ៗរបស់រដ្ឋបាលលោក Yoon Suk-yeol ដើម្បីប្រែក្លាយប្រទេសឱ្យមានសក្តានុពល និងរួមចំណែកក្នុងការទិញដូរសព្វាវុធទូទាំងពិភពលោក។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (SIPRI) បានឱ្យដឹងថា ប្រទេសនាំចេញអាវុធធំៗទាំងបួននៅចម្លោះ ២០១៧ ដល់ឆ្នាំ ២០២១ គិតជាភាគរយនៃសព្វាវុធសាកលលោកគឺមានសហរដ្ឋអាមេរិក ៣៩% បារាំង១៩% រុស្ស៊ី១១% និងចិន៤,៦% កូរ៉េខាងត្បូងមាន ២,៨% ពោលគឺកូរ៉េខាងត្បូងឈរលំដាប់លេខរៀងទី៥។ ប៉ុន្តែបច្ចុប្បន្ននេះ ទីក្រុងសេអ៊ូលកំពុងនាំមុខប្រទេសចិនវិញ ដែលស្ថិតក្នុងលំដាប់កំពូលទាំងបួន។
បើតាមទិន្នន័យរបស់វិទ្យាស្ថានស្តុកហូម ក្នុងឆ្នាំ ២០២១ ជិត ៧០% នៃការនាំចេញអាវុធសរុបរបស់ប្រទេសចិន គឺទៅកាន់ប្រទេសប៉ាគីស្ថាន ខណៈដែលប្រទេសនីហ្សេរីយ៉ាជាប់ចំណាត់ថ្នាក់លេខ២។ ប៉ុន្តែគ្មានប្រទេសអឺរ៉ុបណាទិញអាវុធពីប្រទេសចិននោះទេ៕