
លោក ហុង ណាំ គី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង
បានគូសបញ្ជាក់ថា កញ្ចប់ថវិកានេះ ត្រូវមានការយល់ព្រមពី សមាជិកសភា និងប្រើប្រាស់សម្រាប់ប្រព័ន្ធសុខាភិបាល
ការថែទាំកុមារ និងទីផ្សារខាងក្រៅ។លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបន្តថា
សេដ្ឋកិច្ចកូរ៉េ កំពុងស្ថិតក្នុងដំណាក់កាលមានអាសន្នហើយ ដូច្នេះក្នុងនាមជា
រដ្ឋាភិបាល គឺព្យាយាមដាក់ចេញនូវ គោលនយោបាយ ការពារផលប៉ះពាល់សេដ្ឋកិច្ចឲ្យនៅកម្រិតទាបបំផុត
ជាពិសេស វិស័យដែលងាយរងគ្រោះ ដូចជា សហគ្រាសធុនតូច និងមធ្យម និងបុគ្គលិកដែលធ្វើការដោយខ្លួនឯង។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកូរ៉េ នឹងរុញសំណើនេះ ទៅរដ្ឋសភាជាតិ នៅថ្ងៃទី ៥ ខែមីនានេះ ដើម្បីសម្រេចឲ្យបានឆាប់ ពីព្រោះបញ្ហាកំពុងតែកើតមានចំពោះ ខ្សែចង្វាក់ផ្គត់ផ្គង់ និងជីវភាពរបស់ប្រជាជនកូរ៉េ។
ប្រធានាធិបតីកូរ៉េ លោក ម៉ូន ចេអ៊ីន ក៏បានប្រកាស សង្គ្រាម ជាមួយនឹងមេរោគកូវីដ ១៩ ដោយនឹងចាក់បញ្ចូលថវិកា ជាង ២៥ពាន់លានដុល្លារអាមេរិក ទៅក្នុងសេដ្ឋកិច្ច ដើម្បីសង្គ្រោះស្ថានការណ៍ដ៏លំបាកនេះ។
រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានចាប់ផ្តើមរឹតបន្តឹងលើ ការនាំចេញម៉ាស ឲ្យនៅកម្រិតទាបជាង ១០% នៃផលិតផលសម្រេច ហើយ ចំណែក ម៉ាស ដែលនៅសល់ គឺសម្រាប់ផ្គត់ផ្គង់ដល់ អ្នកលក់ ដែលរដ្ឋាភិបាលកូរ៉េ បានកំណត់។

យោងតាម មជ្ឈមណ្ឌលកូរ៉េខាង សម្រាប់ការគ្រប់គ្រងនិងបង្ការជម្ងឺ គិតត្រឹមព្រឹកថ្ងៃទី ៤ ខែមីនានេះ ប្រទេសកូរ៉េខាងត្បូង បានកើតមាន ករណីឆ្លងវីរុសកូវីដ ១៩ រហូតដល់ជាង ៥ពាន់ករណីហើយ ដែលមានអត្រាស្លាប់លើស ៣០នាក់ និងក្លាយជាប្រទេសដែលឆ្លងច្រើនជាងគេបំផុត ក្រៅពីប្រទេសចិន៕