កូរ៉េខាងត្បូង-អាមេរិក

កូរ៉េខាងត្បូង និងអាមេរិកឯកភាពគ្នាខិតខំថែមទៀត ដើម្បីកាត់ផ្ដាច់មូលនិធិទ្រទ្រង់កម្មវិធីអាវុធកូរ៉េខាងជើង


មន្រ្តីចរចារឿងនុយក្លេអ៊ែរដ៏កំពូលរបស់កូរ៉េខាងត្បូងបាននិយាយថា ប្រទេសខ្លួននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតក្នុងការបិទខ្ទប់មូលនិធិកុំឱ្យហូរចូលទៅក្នុងកម្មវិធីអភិវឌ្ឍន៍អាវុធខុសច្បាប់របស់កូរ៉េខាងជើង។ ភាគីទាំង២នេះក៏បានលើកឡើងដែរ អំពីសារសំខាន់នៃការធ្វើឱ្យកូរ៉េខាងជើងដឹងថា ការបង្កហេតុរបស់ខ្លួននឹងនាំឱ្យមានផលវិបាក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយុនហាប់។
កូរ៉េខាងត្បូង និងអាមេរិកឯកភាពគ្នា ដើម្បីកាត់ផ្ដាច់មូលនិធិទ្រទ្រង់កម្មវិធីអាវុធកូរ៉េខាងជើង

លោក គីម ហ្គាន់ (Kim Gunn) មន្ត្រីចរចាបញ្ហានុយក្លេអ៊ែរដ៏កំពូលរបស់កូរ៉េខាងត្បូងបាននិយាយអំពីជំនួបរបស់លោកជាមួយតំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) នៅទីក្រុងវ៉ាស៊ីងតោនថា ពួកគេបានព្រមព្រៀងគ្នាខំប្រឹងថែមទៀតក្នុងការកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរនិងកាំជ្រួចរបស់កូរ៉េខាងជើង។

កិច្ចប្រជុំរបស់បេសកជនទទួលបន្ទុកនុយក្លេអ៊ែនេះបានធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងមិនបានសម្រេចរបស់កូរ៉េខាងជើងក្នុងការបាញ់បង្ហោះនូវអ្វីដែលខ្លួនអះអាងថាជាផ្កាយរណបឈ្លបយកការណ៍យោធា។

បេសកជននុយក្លេអ៊ែរកូរ៉េខាងត្បូងបាននិយាយនៅពេលជួបជាមួយអ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីងតោនថា នៅក្នុងស្ថានភាពបច្ចុប្បន្នដែលកូរ៉េខាងជើងបានប្រកាសពីផែនការបាញ់បង្ហោះផ្កាយរណបបន្ថែមទៀតនោះ កូរ៉េខាងត្បូងបានពិនិត្យ និងដាក់ចេញវិធានការឆ្លើយតបមួយចំនួន ដើម្បីទប់ទល់នឹងលទ្ធភាពបង្កហេតុរបស់កូរ៉េខាងជើង។

បេសកជនកូរ៉េខាងត្បូងបានបន្ថែមទៀតថា ពួកគេត្រូវតែធ្វើឱ្យកូរ៉េខាងជើងដឹងខ្លួនថា ប្រទេសនេះនឹងមិនអាចទទួលបានអ្វីមួយតាមរយៈការបង្កហេតុនេះឡើយ។

លោក ស៊ុង គីម បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង បានគាំទ្រការអះអាងរបស់បេសកជនកូរ៉េខាងត្បូង ដោយលោកថ្លែងថា វាសំខាន់ណាស់ដែលត្រូវបញ្ជាក់ប្រាប់កូរ៉េខាងជើងឱ្យច្បាស់ថា ភាពគឃ្លើនឥតស្រាករបស់កូរ៉េខាងជើងនឹងមានផលវិបាក។

ទោះយ៉ាងណា លោក ស៊ុង ក៏បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង។ លោកបាននិយាយថា ក្នុងពេលនេះដែរ អាមេរិកចង់បញ្ជាក់ឱ្យច្បាស់ថា សហរដ្ឋអាមេរិកកំពុងស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងជើង ហើយអាមេរិកចង់ជួបកូរ៉េខាងជើងដោយគ្មានកំណត់លក្ខខណ្ឌជាមុនឡើយ។

ប្រេសិតអាមេរិករូបនេះបានបន្ថែមថា អាមេរិកក៏បានបញ្ជាក់យ៉ាងច្បាស់ហើយដែរថា អាមេរិកគាំទ្រជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង ដោយមិនគិតពីវឌ្ឍនភាពលើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះឡើយ។

អ្វីដែលជាវិធានការសម្រាប់កាត់ផ្ដាច់មូលនិធិទ្រទ្រង់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចខុសច្បាប់របស់កូរ៉េខាងជើង គឺទណ្ឌកម្មសេដ្ឋកិច្ច។ យោងតាមអ្នកការទូតកូរ៉េខាងត្បូង មកទល់ពេលនេះ ទីក្រុងសេអ៊ូលបានដាក់ទណ្ឌកម្មជាឯកតោភាគីលើក្រុមហ៊ុននិងបុគ្គលកូរ៉េខាងជើងចំនួន ៨ ផ្សេងៗគ្នា ក្នុងរយៈពេលជិត ១ ឆ្នាំមកនេះ៕




អត្ថបទបន្ទាប់


ការនាំចេញទំនិញកម្ពុជាទៅចិន សម្រេចបានជិត ៥៩០លានដុល្លារ កើនឡើង ១៣% នៅរយៈពេល៥ខែដើមឆ្នាំនេះ

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិន នៅតែសម្រេចបានកំណើនតួលេខ២ខ្ទង់ នៅ៥ខែដំបូងនៅឆ្នាំនេះ បើទោះជា ការនាំចេញទៅកាន់ទីផ្សារប្រទេសគោ…

ត្បូង និងគ្រឿងអលង្ការរបស់ថៃបាត់បង់រស្មីលើទីផ្សារបរទេស ចំពេលសេដ្ឋកិច្ចពិភពលោកថមថយ

វិទ្យាស្ថានត្បូងនិងគ្រឿងអលង្ការថៃ បាននិយាយកាលពីថ្ងៃចន្ទទី១២មិថុនាថា ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់រាជាណាចក្រមួយនេះនៅខែមេសាឆ្នាំ២០២៣ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ