គិតមកដល់ត្រឹមដើមសប្តាហ៍នេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩ដល់ប្រជាជនរបស់ខ្លួនបាន ១៣លានហើយ ក្នុងចំណោមទំាង១៣លាននាក់នោះ យ៉ាងហោចណាស់ទទួលបានការវ៉ាក់សាំងម្នាក់១ដូស។ នេះជាសញ្ញាមួយបង្ហាញឲ្យឃើញថា ល្បឿននៃការចាក់វ៉ាក់សាំងរបស់ប្រទេសកូរ៉េខាងត្បូង កំពុងខិតជិតទៅកាន់សម្រេចគោលដៅចាក់វ៉ាក់សាំងឲ្យបានដល់ ៧០% នៃចំនួនប្រជាជនសរុបនៅត្រឹមចុងខែកញ្ញាខាងមុខ។ រដ្ឋាភិបាលប្រទេសនេះ ក៏រំពឹងថា នឹងអាចចាក់វ៉ាក់សាំងដល់ប្រជាជនប្រមាណ១លាននាក់ នៅមុនខែកក្កដា ខាងមុខនេះជាមួយនឹងការបន្ថែមនូវវ៉ាក់សាំងប្រភេទ Johnson & Johnson ពីអាមេរិកផងដែរ។
ក្រោយពីបានសម្រេចនូវជំហានដំបូងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ក្រសួងសុខាភិបាលរបស់កូរ៉េខាងត្បូង ក៏បានប្រកាសពីការណែនាំការផ្លាស់ប្ដូរមួយចំនួនទាក់ទងនឹងបទប្បញ្ញត្តិគ្រប់គ្រងកូវីដ-១៩ នៅទូទាំងប្រទេស និងតាមព្រំដែនផងដែរ។ ប៉ុន្ដែ បញ្ហាមេរោគបំប្លែងខ្លួនថ្មី នៅតែជាបញ្ហានៅក្នុងប្រទេសនេះ បើទោះបីជាមានការចាក់វ៉ាក់សាំងបានច្រើនក៏ដោយ ហើយអ្នកជំនាញបានព្រមានអំពីការបន្ធូរបន្ថយ ចំពោះវិធានការរឹតបន្ដឹងកូវីដ-១៩ ដោយបារម្ភពីរលកឆ្លងថ្មីអាចកើតឡើង។
យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យក្រសួងសុខាភិបាលកូរ៉េខាងត្បូង បាននិយាយថ្មីៗនេះថា អ្នកដំណើរដែលបានចាក់វ៉ាកសាំងរួចពីប្រទេសឥណ្ឌា អាចនឹងត្រូវបានលើកលែងសម្រាប់ការធ្វើចត្តាឡីស័ក បើទោះបីជាមានក្ដីបារម្ភពីមេរោគបំប្លែងខ្លួនក៏ដោយ។
សូមបញ្ជាក់ថា មកទល់ពេលនេះ កូរ៉េខាងត្បូងមានអ្នកឆ្លងកូវីដ-១៩សរុបប្រមាណ១៥ម៉ឺននាក់ ក្នុងនោះអ្នកស្លាប់មានប្រមាណ២ពាន់នាក់ ខណៈដែលតួលេខឆ្លងថ្មីប្រចាំថ្ងៃនៅប្រទេសនេះ មានក្នុងរង្វង់ប្រមាន ៤០០ ទៅ ជាង៥០០នាក់ក្នុងមួយថ្ងៃ៕