សារព័ត៌មាន Bloomberg ចុះផ្សាយពីដំណឹងនេះ កាលពីពេលថ្មីៗនេះ។
អតីតនាយករដ្ឋមន្ត្រី Ranil Wickremesinghe កាលពីឆ្នាំ២០១៧ បានកែប្រែលក្ខខណ្ឌនៃកិច្ចសន្យា ដោយនិយាយថា រដ្ឋាភិបាលមានការលំបាកក្នុងការសងបំណុលដែលស្រីលង្កាបានខ្ចីពីចិន ដើម្បីស្ថាបនាគម្រោងកំពង់ផែនេះ។ ដូច្នេះ អតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏បានយល់ព្រមជួលកំពង់ផែ ទៅឲ្យក្រុមហ៊ុនចិន ឈ្មោះ China Merchants Port Holdings Co ក្នុងតម្លៃទឹកប្រាក់ ១,១ប៊ីលានដុល្លារ។
លោក Ajith Nivard Cabraal អតីតទេសាភិបាលធនាគារកណ្ដាល និងបច្ចុប្បន្ន ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីស្រីលង្កា លោក ម៉ាហ៊ីនដា រ៉ាចាផាក់សា (Mahinda Rajapaksa) បាននិយាយនៅក្នុងអត្ថបទចុះផ្សាយដោយ សារព័ត៌មាន Bloomberg ថា «យើងចង់ឲ្យពួកគេប្រគល់វា [កំពង់ផែ] មកឲ្យយើងវិញ។ ស្ថានភាពល្អបំផុត គឺត្រូវត្រឡប់ទៅរកស្ថានភាពដូចមុនវិញ ពោល យើងសងបំណុលតាមកាលវិភាគកំណត់ ដែលយើងបានព្រមព្រៀងគ្នាកាលពីដើម ដោយគ្មានការរំខានអ្វីនោះទេ»។
កំពង់ផែនៅស្រីលង្កានេះ ជានិមិត្តរូបនៃភាពចម្រូងចម្រាស ដែលតាមរំខានដល់គម្រោងខ្សែក្រវាត់និងផ្លូវ (BRI) របស់ប្រធានាធិបតីចិន ស៊ី ជិនពីង ចាប់ពីប្រទេសកេនយ៉ា រហូតដល់សហភាពមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងការចោទប្រកាន់ថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៃពិភពលោក កំពុងលួងលោមអូសទាញប្រទេសក្រីក្រឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល ផងដែរ។
អ្នកស្រាវជ្រាវមួយរូបមកពីវិទ្យាស្ថានសិក្សានិងវិភាគវិស័យការពារជាតិ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា បាននិយាយថា កិច្ចសន្យាជួលកំពង់ផែឲ្យចិននេះទំនងជានឹងមិនត្រូវបានគេលុបចោល ឬកែប្រែធំដុំអីទេ និងថា ចិនអាចនឹងពិចារណាកែសម្រួលលក្ខខណ្ឌខ្លះ ប្រសិនបើខ្លួនគិតថា សំខាន់ចំពោះរបបលោក រ៉ាចាផាក់សា។
ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ចេញពីការិយាល័យអ្នកនាំពាក្យរបស់ខ្លួន ថា កិច្ចសហប្រតិបត្តិការចិន-ស្រីលង្កា ក្នុងនោះរាប់ទាំងគម្រោងកំពង់ផែ Hambantota បង្កើតឡើងដោយឈរលើមូលដ្ឋានសមភាពនិងការពិគ្រោះយោបល់ និងថា ចិនទន្ទឹងនឹងធ្វើការជាមួយស្រីលង្កា ដើម្បីធ្វើឲ្យកំពង់ផែ Hambantota នេះក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនថ្មី នៅក្នុងមហាសមុទ្រឥណ្ឌា និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រីលង្កា។
ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ចិន នៅក្នុងប្រទេសស្រីលង្កា បានក្លាយជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់និងផ្លូវរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលនាំឲ្យមានការព្រួយបារម្ភនៅក្នុងប្រទេសឥណ្ឌា ថា ដៃគូប្រជែងផ្នែកនយោបាយភូមិសាស្ត្ររបស់់ខ្លួន អាចនឹងប្រើប្រាស់កំពង់ផែដែលនៅជិតនឹងឆ្នេរភាគខាងត្បូងរបស់ឥណ្ឌា សម្រាប់គោលបំណងយោធា ឬយុទ្ធសាស្ត្រទៅថ្ងៃខាងមុខ។
ប៉ុន្តែ ប្រទេសចិនបានច្រានចោលការបារម្ភអំពីការជាប់ពាក់ព័ន្ធនឹងយោធានៃការវិនិយោគរបស់ខ្លួន នៅក្នុងគម្រោងកំពង់ផែ Hambantota ដែលស្ថិតនៅលើផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់ រវាងតំបន់អាស៊ី និងអឺរ៉ុប និងបាននិយាយថា គម្រោងនេះផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដែលនឹងជួយដល់សេដ្ឋកិច្ចរបស់ស្រីលង្កា។
កិច្ចព្រមព្រៀងវិនិយោគកំពង់ផែស្រដៀងគ្នានេះ នៅក្រោមគម្រោងខ្សែក្រវាត់និងផ្លូវ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានកាត់បន្ថយថ្លៃគម្រោងពី ៧,៥ប៊ីលានដុល្លារ មកនៅត្រឹម ១,៣ប៊ីលានដុល្លារ ខណៈដែលរដ្ឋាភិបាលម៉ាឡេស៊ី បានលុបចោលគម្រោងបំពង់បង្ហូរប្រេង ដែលមានតម្លៃវិនិយោគ ៣ប៊ីលានដុល្លារ និងចរចាឡើងវិញនូវគម្រោងផ្លូវរថភ្លើង ក្នុងឆ្នាំ២០១៩នេះ ដោយកាត់បន្ថយថ្លៃគម្រោងបានដល់ទៅ ១ភាគ៣ នៃថ្លៃគម្រោងសរុបពីមុន ១១ប៊ីលានដុល្លារ៕ (ប្រែសម្រួលពី សារព័ត៌មាន Bloomber)