អតីត និស្សិតសាកលវិទ្យាល័យចម្ការដូងរូបនេះ បានរៀបរាប់ប្រាប់ថា បានជាលោករៀនចប់ភ្លាម ចេញមកធ្វើការចម្ការភ្លែត យ៉ាងដូច្នេះ ព្រោះ វាជាចំណង់ចំណូលចិត្តរបស់លោកតែមួយគត់ ដែលចង់ធ្វើជាម្ចាស់ចម្ការជោគជ័យមួយរូប ដើម្បីជាគំរូមួយ ជំរុញឲ្យយុវជន ក៏ដូចជាពលរដ្ឋផ្សេងទៀត មើលឃើញពីគុណតម្លៃនិងជួយលើកស្ទួយវិស័យកសិកម្មកម្ពុជាផងដែរ។
លោកសាយ ពន្លឺចិត្តៈករុណា បញ្ជាក់ថា គ្រាន់តែបញ្ចប់កាសិក្សាពីសាលាភ្លាម លោកមិនបានស្ទាក់ស្ទើរនោះឡើយក្នុងការចាប់របរកសិកម្មនេះ បើទោះបីជាលោកមានឱកាសបន្តការសិក្សានៅក្រៅប្រទេសក៏ដោយ ហើយមុខដំណាំដែលលោកដាំដំបូងគឺម្នាស់។
តើកសិករឆ្នើមវ័យក្មេងរូបនេះ មានគំនិតកសិកម្មអ្វីខ្លះទើបអាចធ្វើកសិកម្មបានជោគជ័យមកទល់ពេលនេះ?
គិតឲ្យធំ ចាប់ផ្ដើមពីតូច ពង្រីកខ្លួនតាមសមត្ថភាព
ចម្ការម្នាស់របស់លោក សាយ ពន្លឺចិត្តៈករុណា មានទីតាំងចំការនៅភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ក្រចេះស្ទឹងត្រែងតែម្តង។ កសិករវ័យជាង ៣០ ឆ្នាំរូបនេះ បានចាប់យកការដាំដំណាំម្នាស់ផ្អែម ដោយមានដើមទុន ដែលខ្លួនមានតិចតួច បន្ទាប់មក គឺខ្ចីបុលមិត្តភក្តិ ក្រុមគ្រួសារ និងសាច់ញាតិបន្ថែម។ ដោយការដាំដុះចេះតែទទួលបានទិន្នផលល្អ និងទីផ្សារសមគួរផង ចម្ការម្នាស់ ដែលផ្តើមចេញពីផ្ទៃដី ដែលឪពុកចែកឲ្យចំនួន ៥ ហិកតា មកដល់បច្ចុប្បន្ន លោក ករុណា បានពង្រីកផ្ទៃដីចម្ការបានកើនដល់ជិត ៥០ហិកតាហើយ។ ក្នុងនោះ ផ្ទៃដីដាំម្នាស់ មានត្រឹមតែ ១៥ហិកតាប៉ុណ្ណោះ ក្រៅពីនេះទុកនៅទំនេរមិនទាន់ដាំអ្វីនៅឡើយ។
រកស៊ីត្រូវមានគៅលដៅធំ
អ្នកជំនួញជោគជ័យជាច្រើនតែងលើកឡើងថា ចិត្តជាងសហគ្រិនជោគជ័យ រកស៊ីត្រូវមានគោលដៅ ហើយគោលដៅនោះ ក៏ត្រូវដៅឲ្យធំដែរ។ យ៉ាងណាមិញ លោក ករុណា ម្ចាស់ចម្ការម្នាស់ល្បីឈ្មោះមួយរូប នៅខេត្តស្ទឹងត្រែង បានបញ្ជាក់ថាគោលដៅដ៏ធំរបស់លោកគឺដាំម្នាស់ឲ្យមានរសជាតិឆ្ងាញ់ជាងគេក្នុងប្រទេសកម្ពុជា ហើយចង់ឲ្យម្នាស់របស់លោកក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) សម្រាប់ខេត្តស្ទឹងត្រែងទៀតផង។
ម្យ៉ាងវិញទៀត សព្វថ្ងៃនេះលោកកំពុងតែផ្សព្វផ្សាយ ពីកិត្តិនាមនៃម្នាស់ទឹកឃ្មុំរបស់លោកដល់វិនិយោគិនធំៗ តាមរយៈអាជ្ញាធរខេត្ត ការតាំងពិព័រណ៍ផលិតផលខ្មែរ តាមបណ្តាញសង្គមនានា ដើម្បីបង្ហាញថា លោកនិងកសិករដាំម្នាស់ទាំងអស់ក្នុងខេត្តស្ទឹងត្រែង ចង់បានឲ្យមានការវិនិយោគលក្ខណៈទ្រង់ទ្រាយធំ ដើម្បីអាចឲ្យម្នាស់ផ្អែមរបស់ខ្មែររីកមុខមាត់លើឆាកជាតិនិងអន្តរជាតិ។
ពិសេសជាងនេះ ដោយមានជួយជ្រោមជ្រែងពីអាជ្ញាធរខេត្ត កន្លងមកមានក្រុមហ៊ុន ២ហើយ ដែលមកពីជប៉ុន និងកោះតៃវ៉ាន់ បានមកទស្សនកិច្ចនៅក្នុងចម្ការរបស់លោក ដែលបច្ចុប្បន្នក្រុមហ៊ុនទាំង ២នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។
រកស៊ីអ្វីក៏ដោយគេចមិនផុតពីបញ្ហាឡើយ! តែបញ្ហានោះ ធ្វើឲ្យចេះច្នៃប្រឌិត និងកាន់តែរឹងមាំ
របរកសិកម្មអាចនិយាយបានថា គឺជារបរមួយមិនស្រួលធ្វើប៉ុន្មានឡើយ ហើយវាក៏មានកត្តាប្រឈមច្រើន ពិសេសគឺរឿងទីផ្សារតែម្ដង។ មិនខុសពីកសិករដទៃទៀតនោះឡើយ លោក ករុណា បានឲ្យដឹងថា ការចាប់ផ្តើមធ្វើចម្ការម្នាស់ដំបូងរបស់លោក ហាក់មានភាពត្រដាបត្រដួសបន្តិច តែ២ឆ្នាំកន្លះចុងក្រោយមកដំណើរការបានរលូនបន្តិចម្ដង។ បើតាមលោកករុណា ប្រជាជនដាំម្នាស់ក្នុងខេត្តស្ទឹងត្រែងមានប្រហែល ៥០គ្រួសារហើយ ដែលមានផ្ទៃដីដាំសរុបប្រមាណ ១២ ហិកបូករួមទាំងលោក ១៥ហិកតាទៀត គឺ២៧ហិកតា។
ការលំបាកបំផុតរបស់កសិករវ័យក្មេងរូបនេះ ក៏ដូចជា កសិករដាំម្នាស់ដទៃទៀតក្នុងខេត្តស្ទឹងត្រែង គឺដាំបានផលយ៉ាងល្អប្រសើរហើយ តែមិនមានទីផ្សារ ឬម្នាស់ត្រូវបានឈ្មួញបញ្ជុះតម្លៃ ដោយសារតែមាននាំចូលម្នាស់ពីប្រទេសថៃច្រើនមកលក់ក្នុងទីផ្សារកម្ពុជា លក់ក្នុងតម្លៃធូរថៃជាង ៥០០រៀល។ ទោះយ៉ាងណា លោកថា បើមើលឲ្យជាក់ស្តែង ម្នាស់ខ្មែរថោកជាងទៅវិញទេ ព្រោះម្នាស់ផ្អែមនេះ ជាប្រភេទផ្លែឈើធម្មជាតិ (Organic) មិនដូចម្នាស់ថៃប្រើសារធាតុគីមី ដើម្បីឆាប់ផលនោះឡើយ ហើយវាក៏ប៉ះពាល់ដល់សុខភាពអ្នកទទួលទានដែរ។
ដោយសារបញ្ហានេះហើយ ទើបពេលខ្លះបានធ្វើឲ្យរូបលោក និងកសិករផ្សេងទៀត ស្ទើរតែបោះបង់ចោលនូវរបរនេះទៅហើយ។ តែក្រោយមកបញ្ហានេះ ក៏ត្រូវបានដោះស្រាយ ដោយសារតែលោកបានកែច្នៃជាទឹកម្នាស់ដាក់ដប ហើយមានការវេចខ្ចប់យ៉ាងស្រស់ស្អាត និង អនាម័យ។លោកថា ផលិតផលថ្មីនេះ ទើបតែកែច្នៃ និងបានដាក់លក់នៅលើទីផ្សារបានប្រមាណជាង ៣ខែប៉ុណ្ណោះ។
ភាពជោគជ័យមិននៅជាមួយអ្នកចូលចិត្តបោះបង់ការព្យាយាមឡើយ
ការច្នៃប្រឌិតផលិតទឹកម្នាស់នេះ ដ្បិតថា ជាដំណោះស្រាយមួយល្អ ដើម្បីធ្វើពិពិធកម្មទីផ្សារក៏ពិតមែន ប៉ុន្ដែ បើតាមការលើកឡើងពីលោកករុណា វានៅតែជួបឧបសគ្គនៅឡើយ តែឧសបគ្គនោះ មិនបានធ្វើឲ្យលោកបោះបង់ការព្យាយាមនោះឡើយ។
ការវេចខ្ចប់ទឹកម្នាស់នេះ នៅតែជួបបញ្ហា គឺត្រង់ថា សម្បកវេចខ្ចប់ ទឹកម្នាស់មានតម្លៃថ្លៃ ព្រោះនៅតែត្រូវការនាំចូលពីប្រទេសថៃដដែល ដោយធ្វើឲ្យការចំណាយថ្លៃដើមកាន់តែច្រើនជាងមុន។
នៅពេលអ្នកសារព័ត៌មានខេមបូណូមីស សួរថា បើដូច្នេះ តើលោកគ្រោងនឹងពង្រីកផ្ទៃដាំម្នាស់ផ្អែមនេះ បន្ថែមទៀតទេ? លោកករុណាតបថា សព្វថ្ងៃលោកដាំតែ១៥ហិកតាទេ ដោយសារទីផ្សារនៅចង្អៀត មិនទាន់ទូលាយ ព្រមទាំងខ្វះខាតកម្លាំងពលកម្មផងដែរ។ ប៉ុន្តែបើសិនជាមានអ្នកគាំទ្រម្នាស់របស់លោកច្រើន លោកនឹងពង្រីកផ្ទៃដីដាំឲ្យបានធំជាងនេះទៀត។
ចំពោះចំណូលវិញ លោកបានបង្ហើបថា ក្នុងមួយហិកតាអាចទទួលបានប្រាក់ចំនេញប្រហែល ១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដោយកាត់ដើម និងចំណាយផ្សេងៗរួចរាល់។
បើទោះទីផ្សារដើរយឺត កសិករសម័យទំនើបរូបនេះ នៅតែជំនឿលើខ្លួនឯងថា លោកនឹងនៅតែបន្តផលិតរបស់ល្អ សម្រាប់ប្រជាជនខ្មែរដដែល ថែមទាំងចង់បង្ហាញឲ្យភ្ញៀវបរទេសបានដឹងថា ផលិតផលខ្មែរមិនអន់ ឬចាញ់ផលិតផលរបស់បរទេសនោះទេ។
លោក ករុណា ក៏បានសំណូមពរដល់អតិថិជនក្នុងស្រុក សូមបន្តជួយគាំទ្រ និងសំណូមពរដល់ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយលើបញ្ហាសំបកវេចខ្ចប់ ដែលការនាំចូលសំបកវេចខ្ចប់ពីប្រទេសជិតខាងមានតម្លៃថ្លៃនៅឡើយ ដែលបញ្ហានេះបានធ្វើឲ្យរាំងស្ទះដល់ការផលិតខ្លះដែរ ព្រោះតែត្រូវចំណាយថ្លៃដើមអស់ច្រើន៕