កិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំមកពីទូទាំងអាស៊ីអាគ្នេយ៍ និងអូស្ត្រាលី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់។
អំឡុងកិច្ចពិភាក្សានេះ អ្នកឧកញ៉ា សៀ ឫទ្ធី បានចែករំលែកចំណេះជំនាញរបស់លោកក្នុងនាមជាអ្នកផ្តល់សេវាភ័ស្តុភារធំជាងគេនៅកម្ពុជា យ៉ាងដូច្នេះថា “ខ្ញុំជឿថា ជាទូទៅអាស៊ាន និងកម្ពុជា ជាពិសេសអាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ប្រទេសអូស្ត្រាលី។ កម្ពុជា ជាជម្រើសបន្ថែមដ៏ល្អឥតខ្ចោះ និងមានធនធានច្រើនសម្រាប់ទាញយកផលប្រយោជន៍រួមទាំងប្រជាជនវ័យក្មេង និងដីមានជីជាតិផងដែរ។ បណ្ដាក្រុមហ៊ុនអូស្ត្រាលី អាចនឹងទទួលបានជោគជ័យយ៉ាងខ្លាំងនៅកម្ពុជា ហើយយើងសង្ឃឹមថា នឹងឃើញការវិនិយោគរបស់អូស្ត្រាលី កាន់តែច្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ”។
ឥស្សរជនសំខាន់ៗដែលមានវត្តមាននៅលើវេទិកាជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី សុទ្ធសឹងតែជាបុគ្គលឈានមុខគេក្នុងឧស្សាហកម្មភ័ស្ដុភារកម្មរបស់អូស្ត្រាលី រួមមានលោក Peter Fox អគ្គនាយកក្រុមហ៊ុន Linfox លោកស្រី Christine Holgate នាយកប្រតិបត្តិក្រុមក្រុម Team Global Express និងលោកស្រី Hermione Parsons នាយកប្រតិបត្តិក្រុមប្រឹក្សាភ័ស្តុភារកម្មអូស្ត្រាលី (Australian Logistics Council) ផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះរួមជាមួយបណ្ដាប្រមុខរដ្ឋមកពីអាស៊ាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងជួបជាមួយថ្នាក់ដឹកនាំធុរកិច្ចអូស្ត្រាលី ដើម្បីពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជា។ ជំនួបជាន់ខ្ពស់ទាំងនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ចំពោះសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសអូស្ត្រាលី និងតំបន់អាស៊ាន។