យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo News និង Reuters កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះកំពុងស្ថិតលើជញ្ជីងនៃលក្ខខណ្ឌដ៏តឹងរ៉ឹងបំផុត។ ដើម្បីឱ្យសរសៃឈាមសេដ្ឋកិច្ចភពពិភពលោកមួយនេះបើកឡើងវិញ សហរដ្ឋអាម៉េរិក ត្រូវតែដកការបិទខ្ទប់ផ្លូវទឹក និងកំពង់ផែរបស់អ៊ីរ៉ង់ ខណៈដែលទីក្រុងតេអេរ៉ង់វិញ ក៏ត្រូវតែបន្ធូរបន្ថយការទាមទារសិទ្ធិគ្រប់គ្រងផ្តាច់មុខលើច្រកសមុទ្រហ័រម៉ូស ដូចគ្នាដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្មាអ៊ីល បាហ្គាអ៊ី (Esmail Baghaei) បានទម្លាយថា កិច្ចព្រមព្រៀងក្រោមការសម្របសម្រួលពីប្រទេសអូម៉ង់ ជិតរួចរាល់១០០%ហើយ ប្រសិនបើគ្មានភាគីទី៣ ចេញមករារាំង ដែលពាក្យសម្តីនេះត្រូវបានគេមើលឃើញថា ជាការបាញ់តម្រង់ឆ្ពោះទៅកាន់សហរដ្ឋអាម៉េរិក។
ប្រភពផ្លូវការមួយបានទម្លាយឱ្យដឹងថា សេចក្តីព្រាងកិច្ចព្រមព្រៀងនេះកំពុងរង់ចាំតែការចុះហត្ថលេខា និងការអនុម័តចុងក្រោយពីមេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា ម៉ូតាបា ខាមេណី (Ayatollah Mojtaba Khamenei) ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ និងបង្កើតជាមន្ទិលសង្ស័យនោះ គឺមេដឹកនាំរូបនេះត្រូវបានគេជឿថា រងរបួសធ្ងន់ធ្ងរតាំងពីការវាយប្រហារថ្ងៃដំបូង នៃសង្គ្រាម ហើយមិនដែលបង្ហាញមុខជាសាធារណៈឡើយ។
ដោយឡែកនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក ដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងជឿជាក់ទៅកាន់អ្នកយកព័ត៌មានថា ការប្រកាសអំពីកិច្ចព្រមព្រៀងបើកច្រកសមុទ្រនេះអាចនឹងកើតឡើងយ៉ាងឆាប់រហ័ស ព្រោះវឌ្ឍនភាពសំខាន់ៗជាច្រើនត្រូវបានព្រមព្រៀងគ្នារួចរាល់ហើយ។
ទោះជាយ៉ាងណាក៏ដោយ អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉េន (JD Vance) បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fox News ទាំងប្រុងប្រយ័ត្នថា ការចរចាជាមួយអ៊ីរ៉ង់ គឺជារឿងស្មុគស្មាញ និងរញ៉េរញ៉ៃបំផុត។ លោកបានសង្កត់ធ្ងន់ថា ការបញ្ចប់សង្គ្រាមទាមទារពេលវេលា ហើយភាគីទាំងពីរត្រូវតែហ៊ានដកថយម្នាក់មួយជំហានសិន មុននឹងអាចឈានទៅមុខរួមគ្នាបាន។
យ៉ាងណាក៏ដោយពិភពលោកទាំងមូលកំពុងរង់ចាំមើលថា តើការថយម្នាក់មួយជំហានរវាងអាម៉េរិក និងអ៊ីរ៉ង់នាពេលនេះ នឹងក្លាយជាច្រកចេញ នៃសន្តិភាព ឬគ្រាន់តែជាការផ្អាកបណ្តោះអាសន្នមុនពេលព្យុះសង្គ្រាមថ្មីបោកបក់មកទៀតនោះ៕
អត្ថបទៈ សួន ឡង់ទី