អាជ្ញាធរប្រទេសស៊ុយអែត និងដាណឺម៉ាកបាននិងកំពុងស៊ើបអង្កេតការលេចធ្លាយចំនួន៤កន្លែងនៅបំពង់បង្ហូរឧស្ម័ន Nord Stream ទី១ និងទី២ បន្ទាប់ពីបំពង់បង្ហូរឧស្ម័នទាំងពីរនេះ បានរងការខូចខាតកាលពីដើមសប្តាហ៍មុននេះ ហើយបញ្ហាលេចធ្លាយបំពង់ ដែលបានតភ្ជាប់ពីប្រទេសរុស្ស៊ីទៅប្រទេសអាល្លឺម៉ង់តាមសមុទ្របាល់ទិកនេះ បានក្លាយជាចំណុចក្ដៅគគុកមួយរវាងអឺរ៉ុប និងរុស្ស៊ី ជុំវិញវិបត្តិនៅប្រទេសអ៊ុយក្រែន។
សេវាសន្តិសុខស៊ុយអែតកំពុងតែស៊ើបអង្កេតរកមូលហេតុ ដែលបណ្តាលឱ្យមានការបែកធ្លាយបំពង់បង្ហូរឧស្ម័នទាំងនេះ ខណៈដែលក្រុងម៉ូស្គូកំពុងខំប្រឹងទម្លាក់កំហុសនេះទៅលើបស្ចិមលោកដោយរុស្ស៊ីបានអះអាងថា សហរដ្ឋអាមេរិកជាអ្នកទទួលបានផលប្រយោជន៍ពីរឿងនេះ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានបដិសេធពីការជាប់ពាក់ព័ន្ធណាមួយនៅក្នុងរឿងនេះ។
សេវាសន្ដិសុខរបស់ស៊ុយអែត បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតកន្លែងឧក្រិដ្ឋកម្មនេះហើយ គេអាចធ្វើការសន្និដ្ឋានបានថា គឺពិតជាមានការបំផ្ទុះនៅបំពង់បង្ហូរឧស្ម័ន ណដស្ទ្រីមទី១និង២នៅក្នុងតំបន់សេដ្ឋកិច្ចរបស់ប្រទេសស៊ុយអែតប្រាកដមែន។
សេវាសន្តិសុខនេះបានបន្ថែមថា មានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់បំពង់បង្ហូរឧស្ម័នទាំង២ខ្សែនេះ ហើយពួកគេបានស្រង់យកសម្ភារៈមួយចំនួនពីកន្លែងនោះ ដើម្បីទៅធ្វើវិភាគកំណត់ភស្តុតាងបន្ថែមទៀត ខណៈដែលភស្តុតាងទាំងនេះបានបង្កើនការសង្ស័យកាន់តែខ្លាំងថា ការធ្លាយបំពង់ឧស្ម័ននេះ គឺពិតជាការបំផ្លិចបំផ្លាញដោយចេតនាទាំងស្រុងតែម្ដង។
អ្នកនាំពាក្យកងទ័ពជើងទឹកស៊ុយអែតលោក ជីមី អាដាមសុន (Jimmie Adamsson) បាននិយាយថា ការស៊ើបអង្កេតកន្លែងឧក្រិដ្ឋកម្ម ដែលធ្វើឡើងដោយឆ្មាំសមុទ្រ និងកងទ័ពជើងទឹករបស់ប្រទេសស៊ុយអែតនេះ គឺអាចមានពាក់ព័ន្ធនឹងយានយន្តគ្មានមនុស្សបើក ហើយលោកបានបន្ថែមថា បំពង់ទាំង២នេះស្ថិតនៅជម្រៅ ៧០ទៅ៨០ម៉ែត្រ ដូច្នេះហើយមានតែយានយន្តគ្មានមនុស្សបើកនៅក្នុងទឹកតែប៉ុណ្ណោះ ទើបអាចបំផ្ទុះវាបាន។
ប្រទេសរុស្ស៊ីបាននិយាយថា ប្រទេសនេះបានទទួលដំណឹងតាមរយៈបណ្តាញការទូតថា ខ្លួនមិនអាចចូលរួមក្នុងការស៊ើបអង្កេតនេះបានទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ីមិនទាន់ទទួលបានផែនការណាមួយ ដែលស្នើសុំឱ្យភាគីរុស្ស៊ីចូលរួមក្នុងការស៊ើបអង្កេតនេះនៅឡើយទេ ដោយលោកបន្ថែមថា ទីក្រុងម៉ូស្គូសូមប្រាប់ទៅវិញថា វាមិនអាចធ្វើការស៊ើបអង្កេតដោយគ្មានការចូលរួមពីភាគីរុស្ស៊ីបានឡើយ៕
អត្ថបទ៖ សុខ ជា