ប្រមុខការទូតតៃវ៉ាន់លោក Joseph Wu បានអះអាងថា សេណារីយ៉ូនៃការឈ្លានពានពីសំណាក់ទីក្រុងប៉េកាំងមកលើតៃប៉ិ អាចនឹងកើតមានយ៉ាងពិតប្រាកដ ដែលវានឹងអាចគំរាមគំហែងពិភពលោកទាំងមូល។
លោក Joseph Wu អះអាងថា «សម្រាប់លោក ស៊ី កំណើនសេដ្ឋកិច្ច គឺអំណាចស្របច្បាប់មួយដ៏សំខាន់របស់បក្សកុម្មុយនិស្តចិន តែបើសេដ្ឋកិច្ចមានការធ្លាក់ចុះ នោះវាប្រាកដណាស់ លោកអាចចោទថា បណ្តាលមកពីវិបត្តិខាងក្រៅ និងប្រើលេសដូចជាការឈ្លានពាន ឬសង្គ្រាម ដើម្បីបង្វែរការមិនសប្បាយចិត្តរបស់ប្រជាជនចិន ព្រមទាំងជាឱកាសក្នុងការពង្រឹងអំណាចរបស់ខ្លួនផងដែ»។
មន្ត្រីជាន់ខ្ពស់តៃវ៉ាន់វ័យ ៦៧ឆ្នាំរូបនេះបានលើកឡើងថា «កាលពីឆ្នាំមុន យន្តហោះចម្បាំងចិនបានហោះចូលដែនការពារអាកាសរបស់តៃវ៉ាន់ប្រហែល១ពាន់ដង និងប្រហែល៤០០ ដងទៀត ក្នុងខែសីហាកន្លងទៅ នៅពេលដែលលោកស្រផេឡូស៊ី បានធ្វើដំណើរមកកាន់តៃប៉ិ ដែលនេះបង្ហាញពីមហិច្ឆតាឈ្លានពានយ៉ាងពិតប្រាកដរបស់ទីក្រុងប៉េកាំង»។
មិនតែប៉ុណ្ណោះ លោកថា មហិច្ឆតារបស់ចិនមិនមែនត្រឹមតែកោះតៃវ៉ាន់នោះទេ ប៉ុន្តែចិនបានពង្រីកវិសាលភាពចាប់ពីសមុទ្រចិនខាងត្បូង សមុទ្រចិនចខាងកើត មហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជាឥទ្ធិពលនៅមហាសមុទ្រឥណ្ឌាផងដែរ។
ទោះបីជាយ៉ាងណា ក្រោមការដឹកនាំរបស់លោកស្រី Tsai Ing-wen តៃវ៉ាន់បានចាត់ទុកខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យប្រកបដោយទំនួលខុសត្រូវ ហើយនិងប្រឆាំងជាមួយអំណាចផ្តាច់ការនៅលើពិភពលោក ហើយក៏មិនញញើតនឹងចិនកុម្មុយនិស្តដែរ។
លើសពីនេះ តៃវ៉ាន់ក៏មានឧស្សាហកម្មផលិតបន្ទះឈីបធំជាងគេបំផុតទីពីរនៅលើពិភពលោកបើគិតពីប្រាក់ចំណូល ដោយជាប់កិច្ចសន្យាកំពូលរបស់ពិភពលោក គឺក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតៃវ៉ាន់និងក្រុមហ៊ុន United Microelectronics Corporation ដែលផ្គត់ផ្គង់ក្រុមហ៊ុន Apple, Google, Intel, Qualcomm និង Nvidia ជាដើម។
លោក Joseph Wu បានប្រាប់ទីភ្នាក់ងារ Nikkei ថា ដើម្បីទប់ស្កាត់មហិច្ឆតាបច្ចេកវិទ្យាយោធាចិន ថ្មីនេះៗ សហរដ្ឋអាមេរិកធ្វើការរឹតបន្តឹងការដឹកជញ្ចូនបន្ទះឈីប និងឧបករណ៍ទំនើបៗទៅកាន់ប្រទេសចិន ព្រមទាំងដាក់ទណ្ឌកមម្មទៅលើសេដ្ឋកិច្ចចិនជាដើម។
យ៉ាងណាមិញ ថ្វីបើមានការគាំទ្រកោះតៃវ៉ាន់ពីបណ្តាប្រទេសលោកខាងលិចក៏ដោយ មន្ត្រីតៃវ៉ាន់រូបនេះ បានសង្កត់ធ្ងន់ថា ឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសចិននៅតែអាចធ្វើឲ្យទីក្រុងតៃប៉ិរងនូវភាពឯកោពីផ្នែកខ្លះនៃពិភលោក ដោយនៅក្នុងឆ្នាំនេះ ប្រទេសអាហ្សង់ទីន និងមេដឹកនាំមីយ៉ាន់ម៉ា និងរុស្ស៊ីបានគាំទ្រជាសាធារណៈ ចំពោះការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់៕