ដោយព្រួយបារម្ភពីការឆ្លៀតឱកាសរបស់ចិន អំឡុងវិបត្តិនៅអ៊ុយក្រែន កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ បានបង្កើតឡើងនូវក្រុមតាមដានមួយក្រុម ដើម្បីអង្កេតស្ថានការណ៍នៅអ៊ុយក្រែន សម្រាប់សុវត្ថិភាពដែនកោះរបស់ខ្លួន។
តៃវ៉ាន់តែងតែប្រុងប្រយ័ត្ន ចំពោះអ្វីដែលពួកគេចាត់ទុកថា ជាការបង្កហេតុរបស់ចិន កាលពីខែមុន បានបង្កើតក្រុមការងារអ៊ុយក្រែនក្រោមក្រុមប្រឹក្សាសន្តិសុខជាតិ។ ប្រទេសចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសកម្មភាពយោធាខ្លាំងក្លានៅជិតកោះនេះ នៅរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ជាក់ស្តែង បើតាមប្រមុខដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវិន អះអាងថា ទោះបីជាមិនបាននិយាយចំៗថា ជាប្រទេសចិនក៏ដោយ ប៉ុន្តែលោកស្រីបានប្រាប់កិច្ចប្រជុំនៃក្រុមការងារអង្កេតការណ៍នៅអ៊ុយក្រែននៅថ្ងៃពុធថា តៃវ៉ាន់ត្រូវតែបង្កើនការឃ្លាំមើល និងការប្រុងប្រយ័ត្នរបស់ខ្លួនលើសកម្មភាពយោធានៅក្នុងតំបន់។
ប្រមុខដឹកនាំកោះតៃវ៉ាន់បានគូសបញ្ជាក់ថា ទោះបីស្ថានភាពជាក់ស្តែងនៅកោះតៃវ៉ាន់ និងស្ថានការណ៍របស់អ៊ុយក្រែនមានភាពខុសគ្នាក៏ដោយ ប៉ុន្តែលោកស្រី សៃ អ៊ីងវិន បានបង្ហាញការយល់ចិត្តចំពោះស្ថានភាពរបស់អ៊ុយក្រែនបច្ចុប្បន្ន ដោយសារតៃវ៉ាន់ក៏ធ្លាប់ទទួលបានការគំរាមកំហែងពីចិន ដូចដែលអ៊ុយក្រែនកំពុងទទួលបានការគំរាមកំហែងពីប្រទេសរុស្សីដែរ។
គួររំឭកថា ប្រមុខការបរទេសកោះតៃវ៉ាន់ លោក Joseph Wu ធ្លាប់បានព្រមាននៅក្នុងបទសម្ភាសន៍មួយកាលពីខែមុនថា តៃវ៉ាន់កំពុងឃ្លាំមើលយ៉ាងដិតដល់ ដើម្បីមើលថា តើចិនអាចនឹងទាញយកប្រយោជន៍ពីវិបត្តិអ៊ុយក្រែនដើម្បីវាយប្រហារតៃវ៉ាន់ ឬយ៉ាងណា។
សូមជម្រាបថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីសប្តាហ៍មុនក៏ធ្លាប់បានព្រមានស្រដៀងគ្នាទៅនឹងក្តីបារម្ភរបស់កោះតៃវ៉ាន់ដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេសអះអាងថា ប្រសិនបើបណ្តាប្រទេសលោកខាងលិចបរាជ័យក្នុងការបំពេញតាមការសន្យារបស់ពួកគេក្នុងការគាំទ្រប្រទេសអ៊ុយក្រែនក្នុងសំណុំរឿងតានតឹងជាមួយរុស្សី នោះវានឹងជះផលវិបាកដ៏អាក្រក់នៅទូទាំងពិភពលោករួមទាំងសម្រាប់កោះតៃវ៉ាន់ផងដែរ។
លោក ប៊ូរីស ចនសុន គូសបញ្ជាក់ថា ប្រសិនបើអ៊ុយក្រែនមានគ្រោះថ្នាក់មែននោះ ក្តីបារម្ភនឹងរាលដាលដល់តំបន់អាស៊ីខាងកើត រួមទាំងកោះតៃវ៉ាន់ដែលកំពុងរងការគំរាមកំហែងពីទីក្រុងប៉េកាំងស្រាប់ទៅហើយផងដែរ៕