កោះតៃវ៉ាន់សម្ដែងការអាណិតអាសូរយ៉ាងខ្លាំង ចំពោះការផ្ទុះសង្គ្រាមនៅអ៊ុយក្រែនសម្រាប់ប្រជាជន អ៊ុយក្រែនផ្ទាល់ ដោយសារតែកោះតៃវ៉ាន់នេះ អាចដឹងបានពីការលំបាករបស់ពលរដ្ឋអ៊ុយក្រែន ព្រោះថាខ្លួនក៏ធ្លាប់ទទួលបានរងនូវការគំរាមកំហែងប្រឈមមុខជាប្រចាំថ្ងៃពីសំណាក់រដ្ឋាភិបាលចិនផងដែរ។ ដូចដែលបានដឹងថា ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយតែងតែបានបង្កើនសម្ពាធយោធារបស់ខ្លួនជាច្រើនលើកច្រើនសារទៅ លើកោះមួយនេះ។
តៃវ៉ាន់បានបញ្ជូនជំនួយដំបូងរបស់ខ្លួនក្នុងទម្រង់ជាការផ្គត់ផ្គង់វេជ្ជសាស្រ្តចំនួន ២៧ តោនទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកស្រី សៃ អ៊ីនវេន បាននិយាយថា កម្លាំងនៃលទ្ធិប្រជាធិបតេយ្យពិភពលោកដែលគាំទ្រអ៊ុយក្រែនកំពុងមានការកើនឡើងខ្លាំង ខណៈរុស្ស៊ីហៅ សកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនថា ជាប្រតិបត្តិការពិសេស។ ក្នុងនាមជាសមាជិកនៃដៃគូសកលនៃលទ្ធិប្រជាធិបតេយ្យ តៃវ៉ាន់នឹងមិនអវត្តមានទេ ហើយតែវ៉ាន់នឹងគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង។
គួរជម្រាបថា ក្រសួងការបរទេសតៃវ៉ាន់នឹងផ្តល់ព័ត៌មានលម្អិតនៃគណនីធនាគារដែលបង្កើតឡើងដោយសមាគមសង្គ្រោះគ្រោះមហន្តរាយរបស់តៃវ៉ាន់ សម្រាប់ការបរិច្ចាគជំនួយសង្គ្រោះអ៊ុយក្រែន តាមរយៈការបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែក្រុមមេដឹកនាំតៃវ៉ាន់ ខណៈដែល មេដឹកនាំតៃវ៉ាន់ម្នាក់ៗត្រូវបានគេដឹងថា ទទួលបានប្រាក់បៀវត្សរ៍ជាង ១ម៉ឺន ៥ពាន់ដុល្លារ ក្នុងមួយខែ។ មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ បាននិយាយថា ខ្លួនបានស្នើសុំការិយាល័យទូតរបស់ខ្លួននៅទីក្រុង Warsaw ប្រទេសប៉ូឡូញ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានជ្រើសទុកជាមុន ឱ្យជួយចែកចាយមូលនិធិដើម្បីជួយជនភៀសខ្លួនអ៊ុយក្រែនផងដែរ។
ក្រៅពីនេះ តៃវ៉ាន់កាលពីសប្តាហ៍មុនក៏បានប្រកាសថា ខ្លួនត្រូវបានចូលរួមដោយការដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ បើទោះបីជាពាណិជ្ជកម្មផ្ទាល់ខ្លួនជាមួយប្រទេសនេះមានតិចតួចក៏ដោយ៕
អត្ថបទ ស៊ើង និមល់