និយ័តករហិរញ្ញវត្ថុរបស់តៃវ៉ាន់បានបញ្ជាក់ថ្មីៗនេះថា ការប្រឈមមុខរបស់ធនាគារតៃវ៉ាន់ចំពោះប្រទេសចិនបានឈានដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក ចំពេលដែលប្រទេសចិនកំពុងដាក់សម្ពាធលើទីក្រុងតៃប៉ិ តាមរយៈយោធា និងការទូតដើម្បីបង្ខំឱ្យកោះនេះទទួលយកអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។
នៅពេលដែលមានសំណួរចោទសួរថាតើធនាគារគ្រប់គ្រងដោយរដ្ឋគួរតែពិនិត្យមើលឡើងវិញនូវហានិភ័យនៃការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន ឬយ៉ាងណានោះ មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុកោះតៃវ៉ាន់លោក Su Jain-rong បាននិយាយថា ធនាគាររបស់រដ្ឋទាំងអស់ត្រូវបានអាជ្ញាធរតៃវ៉ាន់ទាមទារ ឱ្យពួកគេត្រូវចូលរួមដោះស្រាយឲ្យបានសកម្ម ចំពោះបញ្ហាប្រឈមដែលត្រូវប្រឈមមុខនឹងប្រទេសចិន។
ធនាគារធំៗដែលគ្រប់គ្រងដោយរដ្ឋរបស់កោះតៃវ៉ាន់រួមមានធនាគារ Bank of Taiwan ធនាគារ Taiwan Cooperative Bank និងធនាគារ Land Bank of Taiwanជាដើម។
កោះតៃវ៉ាន់បានត្អូញត្អែរកាលពីសប្តាហ៍មុនថា ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារ និងភេសជ្ជៈពីកោះតៃវ៉ាន់បន្ថែមទៀតក្នុងអ្វីដែលរដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា ជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធដោយទីក្រុងប៉េកាំង ផ្តោតលើវិស័យម្ហូបអាហារ កសិកម្ម និងជលផលរបស់ខ្លួន។
កសិកម្ម និងផលិតកម្មម្ហូបអាហារនិងភេសជ្ជៈ គឺមិនមែនជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចរបស់តៃវ៉ាន់នោះទេ ប៉ុន្តែអ្វីដែលជាសេដ្ឋកិច្ចតម្រង់ទិសរបស់កោះនេះ គឺផលិតកម្មបន្ទះឈីបឯណោះវិញទេ។
មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់បាននិយាយថា ផលប៉ះពាល់លើវិស័យភេសជ្ជៈដែលមានជាតិស្រវឹងដោយសារតែការហាមឃាត់ចុងក្រោយរបស់ប្រទេសចិននោះ គឺមិនខ្លាំងពេកនោះទេ ដោយបានធ្វើការប៉ាន់ប្រមាណពីតម្លៃនៃការនាំចេញដែលរងផលប៉ះពាល់ គឺមានប្រហែលជិត៣៣លានដុល្លារអាមេរិកប៉ុណ្ណោះ។ ទោះជាបែបនេះក្ដី ការបិទខ្ទប់ការនាំចូលពីសំណាក់ចិនដីគោកនេះ វាបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនក្នុងសហគមន៍កសិកម្ម និងនេសាទនៅលើកោះនេះ ដ្បិតថា កន្លងមក ពួកគេត្រូវបានទទួលការគាំទ្រជាយូរមកហើយ ពីគណបក្សប្រជាធិបតេយ្យរីកចម្រើនដែលកំពុងកាន់អំណាច ៕
អត្ថបទ ៖ សុខ ជា