កោះតៃវ៉ាន់កាលពីឆ្នាំមុនបានអនុម័តការចំណាយលើវិស័យយោធាបន្ថែមដល់ទៅប្រមាណ ជាង៨ពាន់៦រលានដុល្លារ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ខណៈដែលខ្លួនកំពុងតែមានភាពតានតឹងកាន់តែខ្លាំងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដ្បិតថា ប៉េកាំងតែងតែចាត់ទុកកោះតៃវ៉ាន់ គឺជាដែនដីរបស់ខ្លួន ហើយមិនអាចកាត់ផ្ដាច់ពីចិនបានឡើយ។
ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងចិននៅមួយរយៈចុងក្រោយ បានឈានទៅដល់ភាពតានតឹងកាន់តែខ្លាំងឡើងមិនធ្លាប់មាន ខណៈដែលចិនបានបញ្ជាឲ្យមានការបើកយន្ដហោះចម្បាំងចូលដែនអាកាសកោះតៃវ៉ាន់ជាញឹកញាប់ បើទោះបីជាតៃវ៉ាន់មានការព្រមាន និងថ្កោលទោសយ៉ាងណាក្ដី។ ភាគីតៃវ៉ាន់វិញ ក៏មិនអន់ប៉ុន្មានដែរ ដោយមួយរយៈចុងក្រោយនេះបានបើកដៃ ឲ្យបងធំរបស់ខ្លួន គឺអាមេរិកបើកនាវាចម្បាំងចូលទៅកាន់ដែនកោះតៃវ៉ាន់ជាបន្ដបន្ទាប់ បើទោះជាបានដឹងហើយថា ចិនមិនពេញចិត្ត និងចេញប្រតិកម្មថ្កោលទោសចំពោះទង្វើនេះក៏ដោយ។ ថ្មីៗនេះទៀតសោត រដ្ឋបាលលោកចូបៃឌិន ក៏បានបញ្ជូនគណៈប្រតិភូអាមេរិកមួយក្រុម ឲ្យមកទស្សនកិច្ចនៅកោះតៃវ៉ាន់ ហើយក៏ត្រូវបានចិនរិះគន់ខ្លាំងៗចំពោះដំណើរទស្សនកិច្ចនេះផងដែរ។
នៅក្នុងរបាយការណ៍មួយ ដែលត្រូវបានរាយការណ៍ដោយរ៉យទ័រ បានឲ្យដឹងថា តៃវ៉ាន់បានស្នើទៅកាន់សភារបស់ខ្លួន ដើម្បីបង្កើនការចំណាយបន្ថែមទៀតលើវិស័យយោធា រួមទាំងគម្រោងជំរុញបង្កើនសមត្ថភាពការផលិតមីស៊ីលពីចំនួន ២០៧គ្រាប់មីស៊ីនៅក្នុងមួយឆ្នាំ ឲ្យកើនដល់ជិត៥០០គ្រាប់ក្នុងមួយឆ្នាំ។ បន្ថែមពីនេះ តៃវ៉ាន់ ក៏មានផែនការនឹងចាប់ផ្ដើមការផលិត យន្ដហោះគ្មានមនុស្សបើកសម្រាប់ការវាយប្រហារ (attack drones) ឲ្យបានប្រមាណជិត៥០គ្រឿងក្នុងមួយឆ្នាំផងដែរ។
បន្ថែមពីនេះ តៃវ៉ាន់មានបំណងសាងសង់រោងចក្រផលិតគ្រាប់មីស៊ីលថ្មីៗឲ្យបានដល់ ៣៤កន្លែងនៅត្រឹមចុងខែមិថុនាខាងមុខនេះ ហើយគេរំពឹងថា ការផលិតគ្រាប់មីស៊ីលរបស់តៃវ៉ាន់ អាចនឹងកើនដល់កម្រិតខ្ពស់បំផុតចាប់ពីឆ្នាំ២០២៣។
តៃវ៉ាន់ជឿថា ចិនមានគ្រាប់មីស៊ីលរាប់ពាន់គ្រាប់ ត្រៀមសម្ដៅមករកខ្លួន ហើយចិនក៏មានអាវុនុយក្លេអ៊ែរដែរ ប៉ុន្ដែកោះតៃវ៉ាន់មិនមាននោះទេ។
ទោះយ៉ាងណា កន្លងមក ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង បានអះអាងថា ចិននឹងបង្រួបបង្រួមតៃវ៉ាន់ដោយសន្ដិវិធី៕