នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល រដ្ឋមន្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា សរុបរយៈពេល ១០ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួនប្រមាណជិត៣ពាន់លានដុល្លារ ស្មើនឹង ១០៤% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយបើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ឃើញថា កើនឡើងជាង ៦រយលានដុល្លារ ស្មើនឹងកំណើន ២៧%។
ជុំវិញនឹងលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថ្មីៗនេះថា ឆ្នាំ២០២២ គឺជាឆ្នាំដែលសម្ដេចមានមោទកភាពខ្លាំងណាស់ ជាមួយនឹងប្រាក់ចំណូលកើនឡើង។ សម្ដេចសង្ឃឹមថា ឆ្នាំនេះ ប្រាក់ចំណូលផ្ទៃក្នុងកម្ពុជា អាចនឹងសម្រេចបានកំណើនលើសផែនការយ៉ាងតិចប្រមាណ ១៥% ដែលជាចំណែកមួយ ដើម្បីទ្រទ្រង់ទៅដល់ការចំណាយផ្សេងៗ ពិសេសរ៉ាប់រងលើការចំណាយ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា ទោះបីជាស្ថានការពិភពលោកកំពុងមានការតឹងតែងខ្លាំង គួបផ្សំនឹងបញ្ហាជំងឺកូវីដ១៩ នៅបន្ដជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជាក្ដី ប៉ុន្ដែ ការប្រមូលចំណូលពន្ធដាររបស់កម្ពុជា នៅតែបន្ដកំណើនយ៉ាងល្អប្រសើរនៅឆ្នាំនេះ។ ដ្បិតថា ការប្រមូលចំណូលពន្ធ-អាករ មានកំណើនខ្ពស់ ប៉ុន្ដែ ឯកឧត្តម គង់ វិបុល នៅតែបន្តប្តេជ្ញាយ៉ាងមុតមាំ ខិតខំប្រឹងប្រែង ធ្វើយ៉ាងណាធានានូវប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២២ សម្រាប់ជាគុណប្រយោជន៍នៃថវិកាជាតិ និងដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តឆ្នាំ២០២៣។
គួរបញ្ជាក់ថា តាមផែនការច្បាប់ហិរញ្ញវត្ថុនៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធសរុបឲ្យបានដល់ប្រមាណ ២ ៨១៩លានដុល្លារ ខណៈនៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធសរុបឲ្យបានដល់ប្រមាណ ៣ ៥៧១លានដុល្លារ។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕