នេះជាលើកទីមួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដឹកនាំ Tech Startups ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនៅតំបន់អាស៊ី។ ក្រសួងបានប្រើប្រាស់មូលនិធិ ស.អ (CBRD Fund) ដែលជាចំណែកវិភាគទានរបស់ក្រុមហ៊ុន Smart Axiata ដើម្បីដឹកនាំ Tech Startups របស់កម្ពុជាចូលរួមការប្រកួតប្រជែង។
ក្រុមហ៊ុន E27 បានរៀបចំវេទិការរដ្ឋាភិបាល (Government Forum) និងពិព័រណ៍ Tech Startup នៅប្រទេសសិង្ហបុរី ហើយវេទិការដ្ឋាភិបាលលើកទីមួយនេះ មានការចូលរួមពីតំណាងប្រទេសមួយចំនួនណ ដូចជា សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី កាហ្សាស្ថាន ហ្វីលីពីន វៀតណាម ថៃ និងឥណ្ឌូនេស៊ី ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយក្នុងការប្រមូលទិន្នន័យអំពី Tech Startup ដែលអនុញ្ញាតឱ្យប្រទេសនីមួយៗអាចស្វែងរក Tech Startups ទាំងនោះដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគាំទ្រដល់ការវិនិយោគ និង ផ្សព្វផ្សាយ។ ប្រទេសនីមួយៗ ក៏បានបង្ហាញអំពីគំនិតផ្តួចផ្ដើមនានា, ដំណើរការរៀបចំ Tech Startup Ecosystem និងគោលនយោបាយគាំទ្រដល់ Tech Startups ផងដែរ។ ជាមួយគ្នានេះ Startups កម្ពុជាត្រូវបានស្វាគមន៍ ឱ្យធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Facebook, ក្រុមហ៊ុន Microsoft និង ក្រុមហ៊ុន Salesforce ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការបង្កើនសក្កានុពល Startups តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងតាមរយៈការប្រើប្រាស់សេវារបស់ក្រុមហ៊ុនពួកគេផងដែរ។
ក្នុងវេទិកានេះ ក៏មានការតាំងពិព័រណ៌ ដោយមាន Tech startup ចំនួន១៥០ ចូលរួមបង្ហាញផលិតផលនិងសេវារបស់ខ្លួន ដោយក្នុងនោះក៏មាន Tech Startups ចំនួន១៣ របស់កម្ពុជាផងដែរ រួមមាន៖ ១. Soyo Entertainment ២. Last2Ticket ៣. Osja Studio ៤. DirectPlay ៥. Morakot Technology ៦. Joonaak ៧. Khmer24 ៨. Nham24 ៩. Bong Pheak ១០. Spare Asia ១១. BookMebus ១២. Demine Robotics និង១៣. Cambo Tickets ។ ជាលទ្ធផលក្រុមហ៊ុន BookMebus បានឈ្នះពាន់រង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរ និងការរស់នៅ (Travel & Lifestyle)។
លោក កាន ច័ន្ទមេត្តា ត្រូវបានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី «តួនាទីរបស់រដ្ឋាភិបាលក្នុងការផ្តើមគំនិតនវានុវត្តន៍ក្នុងនៅគ្រប់កម្រិតនៃសង្គម» បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមសហការជាមួយក្រសួងពាក់ព័ន្ធនានា ដោយបានខិតខំប្រឹងប្រែងផ្ដួចផ្ដើម និងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង Tech startup ecosystem ហើយដើម្បីជំរុញលើវិស័យនេះ ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធនានា ជាពិសេសគ្រឹះស្ថានស្រាវជ្រាវ វិនិយោគិន និងប្រតិបត្តិករទូរគមនាគមន៍ ក្នុងការធ្វើឱ្យប្រសើរឡើងនូវ Tech Startup Ecosystem។ ជាលទ្ធផល Tech Startup ត្រូវបានជំរុញលើកទឹក និងផ្តល់ឱកាសឱ្យចូលរួមក្នុងកម្មវិធី Echelon Asia Summit 2018 នេះ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា ការចូលរួមរបស់ Tech startupsទាំង១៣នេះ នឹងបង្កើតជាឱកាសសម្រាប់ពួកគេក្នុងការផ្លាស់ប្តូរនូវបទពិសោធន៍ និងឧត្តមានុវត្តនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៅថ្នាក់តំបន់ ការសិក្សាអំពីការកដំណោះស្រាយថ្មីៗ និងនវានុវត្តន៍ពីគ្នាទៅវិញទៅមក ការពិនិត្យនិងការតាមដានការវិវត្តនៃបច្ចេកវិទ្យាបច្ចុប្បន្ននិងអនាគត ការពង្រីកទំនាក់ទំនងនិងបណ្តាញជាមួយ Tech Startup ផ្សេងៗទៀតនៅក្នុងបណ្ដាប្រទេសនៅតំបន់អាស៊ី និងការស្វែងរកឱកាសទទួលបានការវិនិយោគពីបណ្តាក្រុមហ៊ុនធំៗនៅថ្នាក់តំបន់និងពិភពលោក»។
សូមបញ្ជាក់ថា Echelon Asia Summit 2018 មានអ្នកចូលរួមប្រមាណ៥ពាន់នាក់ មកពីប្រទេសចំនួនជាង៣០ទូទាំងពិភពលោក ដែលក្នុងនោះមានអ្នកវិនិយោគ ដៃគូសហការ Tech Startups អ្នកសារពត៌មាន វាគ្មិន និងបុគ្គលសំខាន់ៗជាច្រើនទៀត៕