រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់នៅថ្ងៃទី ០៥ សីហាថា អាមេរិកចង់ដាក់បម្រាមលើកម្មវិធី App ដែលមិនមានសុវត្ថិភាពរបស់ចិនទាំងឡាយណា ដែលមាននៅក្នុង App Store ទូរស័ព្ទដៃរបស់អាមេរិក។
លោក Pompeo បញ្ជាក់ទៀតថា ក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅចិន ដូចជា TikTok, WeChat និងកម្មវិធីផ្សេងទៀត គឺបានគំរាមកំហែងយ៉ាងខ្លាំងដល់ទិន្នន័យឯកជនរបស់ពលរដ្ឋអាមេរិក ។ ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់ដែរថា អាមេរិក ក៏នឹងធ្វើការហាមឃាត់លើកម្មវិធីទូរស័ព្ទ ដែលបង្កើតដោយអាមេរិក ដោយមិនអនុញ្ញាតឲ្យការដំឡើង ឬដាក់ឲ្យដោនឡូតប្រើនៅលើទូរស័ព្ទរបស់ចិន និងឧបករណ៍ Wireless របស់ក្រុមហ៊ុនយក្សចិន Huawei និងក្រុមហ៊ុនចិនផ្សេងទៀតនោះដែរ។
លោក Pompeo បន្ថែមទៀតថា រដ្ឋាភិបាលអាមេរិកនឹងកំណត់សមត្ថភាពរបស់អ្នកផ្ដល់សេវារបស់ចិន ដើម្បីប្រមូល រក្សាទុក និងដំណើរការទិន្នន័យទាំងនោះនៅក្នុងសហរដ្ឋអាមេរិកវិញ។ ក្នុងនោះ លោកក៏បានបញ្ជាក់ឈ្មោះក្រុមហ៊ុនយក្សៗរបស់ចិនមួយចំនួនដូចជា Alibaba Baidu និង Tencent ផងដែរ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនេះ គឺធ្វើឡើងនៅក្រោយពីថ្ងៃ បន្ទាប់ពីលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានប្រាប់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDace លក់កម្មវិធី TikTok នៅអាមេរិកទៅឲ្យក្រុមហ៊ុន Microsoft ឲ្យបានមុនពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ឬក៏មិនដូច្នោះទេកម្មវិធីនេះ នឹងត្រូវបិទលែងឲ្យប្រើនៅអាមេរិកតែម្ដង។
មិនមែនតែអាមេរិកនោះទេ ដែលកំពុងដាក់សម្ពាធកាន់តែខ្លាំងទៅលើអាជីវកម្មបច្ចេកវិទ្យារបស់ចិន បើយើងក្រឡេកទៅមើលប្រទេសឥណ្ឌាឯណោះវិញ ក៏មិនរណបជាមួយចិនដែរ ពោលតាំងពីមានការផ្ទុះកម្លាំងតបតគ្នានៅតាមព្រំដែន ចិន និងឥណ្ឌា នាពេលកន្លងទៅថ្មីៗនេះគេសង្កេតឃើញថាប្រទេសទាំងពីរនេះ កំពុងមើលមុខគ្នាមិនចំនោះឡើយ។ ជាក់ស្ដែង ថ្មីៗនេះ ឥណ្ឌាក៏មានការហាមឃាត់លើកម្មវិធី App របស់ចិនជាច្រើនមិនឲ្យប្រើប្រាស់នៅលើទឹកដីរបស់ខ្លួនដែរ។
ស្របពេលដែលប្រទេសមហាអំណាចយក្សៗរបស់ពិភពលោកកំពុងសម្ញែងឫទ្ធិដាក់គ្នាក្នុងសង្គ្រាមបច្ចេកវិទ្យានេះ គេសង្កេតឃើញថាប្រទេសដែលទទួលឥទ្ធិពលពាណិជ្ជកម្មពីប្រទេសទាំងនេះ កំពុងមានការព្រួយបារម្ភខ្លាចក្រែងរងផលប៉ះពាល់ពីសង្គ្រាមបច្ចេកវិទ្យានេះ។ តួយ៉ាង រាជរដ្ឋាភិបាលប្រទេសថៃនាពេលថ្មីៗនេះ បានព្រមានទៅកាន់អ្នកនាំចេញរបស់ខ្លួនឲ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាមុន តាមដានឲ្យបានដិតដល់លើបញ្ហាសង្គ្រាមបច្ចេកវិទ្យានេះ។
សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្មថៃ កំពុងតែមានការព្រួយបារម្ភខ្លាំង ជុំវិញបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាង ប្រទេសចិន និងឥណ្ឌា ដោយសារតែ ឥណ្ឌា បានប្រកាសហាមឃាត់ការប្រើប្រាស់កម្មវិធីចំនួន ៥៩ ដែលបង្កើតឡើងដោយប្រទេសចិន បន្ថែមលើនេះ សង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក និងចិន ក៏កំពុងប្រែក្លាយទៅជាជម្លោះបច្ចេកវិទ្យា និងមានការរឹតបន្តឹងទៅលើបញ្ហាសិទ្ធិមនុស្សថែមទៀត។
មន្រ្តីជាន់ខ្ពស់នៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លើកឡើងថា បើសិនជា កម្មវិធីផលិតដោយប្រទេសចិន ត្រូវបានហាមឃាត់ពិតមែន អាជីវកម្មថៃជាច្រើនដែលប្រើប្រាស់កម្មវិធីរបស់ចិន នឹងត្រូវរងគ្រោះ៕