ការស្រាវជ្រាវ ដែលមានចំណងជើងថា "The Drive for a Digitally Enabled Workforce បានរកឃើញថា ៦៣% នៃបុគ្គលិកនៅក្នុងប្រទេសថៃរំពឹងថា នឹងត្រូវបានទទួលរងផលប៉ះពាល់ ដោយបច្ចេកវិទ្យានៅកន្លែងធ្វើការរបស់ពួកគេ។
ដឹកនាំដោយស្ថាប័ន IDC (International Data Corporation) ការសិក្សា បានស្ទង់មតិលើបុគ្គលិកជាង១៤០០នាក់ ក្នុងនោះ មិនត្រឹមមានសិក្សានៅប្រទេសថៃប៉ុណ្ណោះទេ ក៏មានសិក្សានៅប្រទេសផ្សេងទៀតផងដែរ ដូចជាសាំងហ្គាពួ ម៉ាឡេស៊ី ហុងកុង ញ៉ូស័រឡែន អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូងជាដើម។
តាមការសិក្សារបស់ស្ថាប័នអន្តរជាតិខាងលើនេះ បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចឌីជីថល បានចូលរួមចំណែកនៅក្នុងប្រទេសថៃ ក្នុងតម្លៃជាទឹកប្រាក់ប្រមាណ ២៥០០ ទ្រីលានបាត នៅក្នុងឆ្នាំ២០១៨នេះ។
ការស្ទង់មតិ បានបង្ហាញទៀតថា យ៉ាងហោចណាស់ មាន៤០% នៃបុគ្គលិកនៅប្រទេសថៃ មានអារម្មណ៍ថា អ្នកគ្រប់គ្រងរបស់ពួកគេ មិនមានការចូលរួមសកម្មជាមួយពួកគេ ដើម្បីធានាពីអនាគតនៃអាជីពរបស់ពួកគេនោះឡើយ។
លោក David Hope ប្រធានស្ថាប័ន Workday អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា បច្ចេកវិទ្យា ឬឌីជីថល មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម និងអង្គភាពនានាប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ប៉ះពាល់ដល់បុគ្គលិកបម្រើការនៅក្នុងអង្គភាពនោះដែរ។ ហើយបើតាមការសិក្សាបានរកឃើញថា ប្រទេសថៃ គឺជាប់ក្នុងចំណាត់ថ្នាក់ទី៣ សម្រាប់បុគ្គលិក ដែលមានការខ្វះខាតជំនាញផ្នែកឌីជីថលនេះ។
តាមការសិក្សាដដែលនេះ បានឲ្យដែរថា មានបុគ្គលិកនៅប្រទេសថៃប្រមាណ ៣៥% បាននិយាយថា ក្រោយពីពួកលាឈប់ធ្វើការពីក្រុមហ៊ុន ពួកគេចង់បង្កើតអាជីវកម្មមួយផ្ទាល់ខ្លួន ធៀបនឹងបុគ្គលិកនៅម៉ាឡេស៊ីដែលបានឆ្លើយដូចនេះ មានប្រមាណ១២% និងសាំងហ្គាពួរមានតែ ១០%ប៉ុណ្ណោះ។