ប្រទេសអូស្ត្រាលីមានការប្រមូលផ្តុំគ្នាប្រឆាំងនឹងបទបញ្ជានៃការចាក់វ៉ាក់សាំងកូវីដ១៩ និងមានបង្កជាអំពើហិង្សាជាញឹកញាប់នៅប៉ុន្មានខែថ្មីៗនេះ ហើយនៅចុងសប្ដាហ៍មុននេះ គេឃើញមានបាតុកម្មនៅទីក្រុងមែលប៊នជាថ្មីម្ដងទៀត ក្រោយបទបញ្ជានៃការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានដាក់ឲ្យអនុវត្ត ដែលវាតម្រូវឱ្យកម្មករសំណង់ក្នុងរដ្ឋ Victoria ត្រូវតែចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។
មិនតែប៉ុណ្ណោះ មានបាតុករបានកាន់ផ្ទាំងរូបភាពដែលពណ៌នាអំពីអភិបាលរដ្ឋ វ៉ិចតូរីយ៉ា លោក Daniel Andrews ទៅនឹងពួកផ្ដាច់ការណាស៊ីថែមទៀតផង។ ក្នុងន័យនេះ ពួកបាតុករចង់មានន័យថា រដ្ឋាភិបាលបានបំបិទសិទ្ធិសេរីភាពពួកគេ ដែលបានកំណត់ឱ្យមានការចាក់វ៉ាក់សាំងសម្រាប់អ្នកប្រកបមុខរបរជាច្រើន ហើយបានរារាំងអ្នកដែលមិនបានទទួលវ៉ាក់សាំងក្នុងការចូលទៅកាន់កន្លែងសាធារណៈផ្សេងៗដូចជា ភោជនីយដ្ឋាន ផ្សារទំនើប និងការប្រគុំតន្ត្រីជាដើម។
សូមជម្រាបថា នៅប្រទេសអូស្ត្រាលី មាន ៨៣% នៃពលរដ្ឋដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងដែលបានស្មោះចិត្តទៅបានចាក់វ៉ាក់សាំងគ្រប់ ២ ដូស ហើយក្នុងនោះរដ្ឋវិចតូរីយ៉ា ជារដ្ឋមានប្រជាជនច្រើនជាងគេទីពីរ ឬស្មើ មួយភាគបួន នៃប្រជាជន ២៥ លាននាក់របស់ប្រទេសនេះ មានអត្រាចាក់វ៉ាក់សាំងចំនួន ៨៧%។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៣ វិច្ឆិកានេះ រដ្ឋវិចតូរីយ៉ា បានកត់ត្រាចំនួនអ្នកឆ្លងថ្មីជាង ១ពាន់ ២រយនាក់ និងអ្នកស្លាប់ថ្មីចំនួន ៤ នាក់។
ទោះបីជាមានការផ្ទុះឡើងនៃមេរោគបំប្លែងថ្មី ឌែលតា ដែលនាំឱ្យមានការបិទខ្ទប់រដ្ឋមួយចំនួនអស់រយៈពេលជាច្រើនខែនៅក្នុងប្រទេសអូស្ត្រាលីក៏ដោយចុះ តែចំនួនឆ្លងសរុបនៅអូស្ត្រាលី មានត្រឹមតែប្រមាណ ១៩ម៉ឺនករណី និងការស្លាប់ចំនួនជាង ១ពាន់ ៥រយនាក់ គឺនៅតែទាបជាងប្រទេសអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតនៅឡើយទេ៕
អត្ថបទ៖ ស៊ើង និមល់