
យោងតាមឯកសារដែល Tesla បានបង្ហាញ ក្រុមហ៊ុនមានផែនការពង្រីកសមត្ថភាពផលិត ប៉ុន្តែមិនបានបញ្ជាក់ថា តើការពង្រីកសមត្ថភាពផលិតនេះ នឹងត្រូវបានកើនឡើងក្នុងកម្រិតប៉ុន្មាននោះទេ។ ទន្ទឹមនេះ រោងចក្រក៏មិនមានការផ្លាស់ប្តូរការផលិតចំពោះ ម៉ូដែលរថយន្តដែលរោងចក្របាននិងកំពុងផលិតនាពេលបច្ចុប្បន្ននេះទេ។
រោងចក្ររបស់ Tesla នៅសៀហៃ ត្រូវបានរចនាឡើង ដើម្បីបង្កើតការផលិតរថយន្តរហូតដល់ ៥០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ននេះ វាមានសមត្ថភាពផលិតរថយន្ត Model 3 និង Model Y ក្នុងចំនួន ៤៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំរួចទៅហើយ។ ទិន្នន័យសមាគមរថយន្តដឹកអ្នកដំណើរចិនបានបង្ហាញថា នៅក្នុងខែតុលា Tesla បានលក់រថយន្តដែលផលិតនៅប្រទេសចិនចំនួនជិត ៥ម៉ឺន ៥ពាន់គ្រឿង រួមទាំងការនាំចេញជាង ៤ម៉ឺនគ្រឿង។គួរឱ្យកត់សម្គាល់ថា ការលក់របស់ក្រុមហ៊ុននេះនៅប្រទេសចិនកំពុងកើនឡើង បើទោះបីជាកំពុងរងសម្ពាធដែលកំពុងកើតមាន បន្ទាប់ពីមានវិវាទរវាងអ្នកប្រើប្រាស់លើសុវត្ថិភាពផលិតផល និងការត្រួតពិនិត្យអំពីរបៀបដែលក្រុមហ៊ុនគ្រប់គ្រងទិន្នន័យក៏ដោយ។ សូមជម្រាបថា ជុំវិញបញ្ហានេះ Tesla កាលពីខែមុន បាននិយាយថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងមជ្ឈមណ្ឌលទិន្នន័យដាច់ដោយឡែកមួយនៅក្នុងទីក្រុងសៀងហៃ ដើម្បីរក្សាទុកទិន្នន័យក្នុងមូលដ្ឋានរបស់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា រោងចក្រផលិតរថយន្តអគ្គិសនី Tesla នៅសៀងហៃត្រូវបានគ្រប់គ្រង និងកាន់កាប់ភាគហ៊ុនទាំងស្រុងដោយក្រុមហ៊ុន Tesla តែម្ដង ហើយជារោងចក្រផលិតរថយន្តដឹកអ្នកដំណើរបរទេសដំបូង និងតែមួយគត់នៅក្នុងប្រទេសចិន ដែលត្រូវបានលើកលែងពីអាជ្ញាធរចិន ដោយមិនចាំបាច់មានការវិនិយោគរួមគ្នា៕អត្ថបទ ស៊ើង និមល់
None