ក្រុមហ៊ុន Tesla កំពុងតែពិភាក្សាលើសំណើ ជាមួយនឹងក្រុមហ៊ុនផលិតផលិតបន្ទះឈីប នៅតៃវ៉ាន់ កូរ៉េខាងត្បូង និងអាមេរិក ជាដើម ដើម្បីធ្វើយ៉ាងណាអាចទទួលបានការផ្គត់ផ្គង់បន្ទះឈីបនេះ បានគ្រប់គ្រាន់សម្រាប់ការផលិតរថយន្ដរបស់ខ្លួន។
ប្រភពព័ត៌មាន Financial Times បានបញ្ជាក់ទៀតថា ការស្វែងរកការទិញរោងចក្រផលិតបន្ទះឈីបទាំងស្រុង ក៏កំពុងស្ថិតនៅក្នុងផែនការរបស់ Teslaដែរ ប៉ុន្ដែផែនការនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលបឋមនៅឡើយ។ ទោះយ៉ាងណា សម្រាប់ការចំណាយថ្លៃដើម ដើម្បីអាចទិញបានរោងចក្រផលិតបន្ទះឈីប គឺត្រូវចំណាយច្រើនណាស់ ហើយវាក៏ជាការលំបាកណាស់ដែរសម្រាប់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីមួយនេះ។ ក្រុមហ៊ុន Tesla ត្រូវបានគេដឹងថា មានតម្រូវការច្រើន សម្រាប់ផលិតកម្មបន្ទះឈីប ដែលបានផលិតនៅក្នុងកោះតៃវ៉ាន់ និងកូរ៉េខាងត្បូង។
មិនមែនតែ ការផលិតរថយន្ដ Tesla ទេដែលជួបបញ្ហាកង្វះបន្ទះឈីបនេះ ការផលិតរថយន្ដរបស់ក្រុមហ៊ុនជាច្រើនផ្សេងទៀតដូចជា Toyota និង Hyundia ជាដើមក៏ប្រឈមនឹងការខ្វះខាតដូចគ្នាដែរ។ បើតាមទិន្នន័យ ពីសម្ព័ន្ធនវានវត្តន៍យានយន្ដនៅអាមេរិក បានឲ្យដឹងថា បញ្ហាកង្វះខាតបន្ទះឈីប អាចនឹងធ្វើឲ្យផលិតកម្មយានយន្ដនៅអាមេរិកនឹងធ្លាក់ចុះប្រមាណជាង ១លាន២សែនគ្រឿងនៅឆ្នាំ២០២១នេះ។
ចំពោះក្រុមហ៊ុន Tesla បញ្ហារំខានដោយសារតែកង្វះខាតបន្ទះឈីបនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុនប្រមាណ៥% នៅឆ្នាំនេះ។
សូមបញ្ជាក់ថា បើតាមការវិភាគពីសារព័ត៌មាន Bloomberg នាពេលថ្មីៗនេះ បានឲ្យដឹងថា បញ្ហាផលិតបន្ទះឈីបក្នុងពិភពលោក បាននិងកំពុងជួបបញ្ហាប្រឈមកាន់តែខ្លាំង ក្រោយពេលដែលកោះតៃវ៉ាន់ ដែលមជ្ឈមណ្ឌលឈានមុខមួយ ក្នុងចំណោមអ្នកផលិតបន្ទះឈីបលើពិភពលោក កំពុងតែជួបបញ្ហារីករាលដាលកូវីដ-១៩ កាន់តែខ្លាំងឡើង ដែលវាកំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់បន្ទះឈីបនៅកោះតៃវ៉ាន់ផង និងការផ្គត់ផ្គង់ជាសកលផងដែរ៕