តាមរបាយការណ៍ពី ក្រុមហ៊ុនដឹកជញ្ជូនជាតិថៃ បានឲ្យដឹងថា ការខាតបង់សុទ្ធរបស់ក្រុមហ៊ុន អាកាសចរណ៍ Thai Airway នៅត្រីមាសទី២ ឆ្នាំនេះ មានប្រមាណ ជាង២២០ លានដុល្លារអាមេរិក ធៀបនឹងដើមឆ្នាំ មានតែ ១០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។
ចំណូលរបស់ក្រុមហ៊ុនអាកាចរណ៍ថៃនេះ បានធ្លាក់ចុះ១០% ក្នុងមួយឆ្នាំទៅមួយឆ្នាំ ដែលនៅមានតែប្រមាណ ១.៤០០ លានដុល្លារអាមេរិក ខណៈការចំណាយសរុបវិញ មានធ្លាក់ចុះប្រមាណជិត ១ភាគរយ មកនៅ ជាង១.៦០០ លានដុល្លារអាមេរិក។
សម្រាប់រយៈពេល៦ខែ ឆ្នាំនេះដែរ ក្រុមហ៊ុន Thai Airway International បានបញ្ជាក់ថា ការខាតបង់សុទ្ធ មានប្រមាណ ២០០ លានដុល្លារ ខណៈតម្លៃភាគហ៊ុននៅ ២,៩៥ បាតក្នុងមួយហ៊ុន ធៀបនឹង៦ខែដើមឆ្នាំ២០១៨ មានការខាតបង់តែ ជាង១២លានដុល្លារអាមេរិក ខណៈតម្លៃភាគហ៊ុន មាន ០,១៧ បាត ក្នុងមួយហ៊ុន។
សារព័ត៌មាន Bloomberg រាយការណ៍ថា ក្រុមហ៊ុន Thai Airway បានប្រឈមនឹងសម្ពាធកាន់តែខ្លាំងលើប្រាក់ចំណូលរបស់ខ្លួននៅពេលដែលក្រុមហ៊ុននេះ កំពុងព្យាយាមប្រតិបត្តិការជាមួយនឹងយន្ដហោះចាស់ៗ ស្របពេលដែលកំណើននៃភ្ញៀវទេសចរធ្លាក់ចុះ និងប្រាក់បាតថៃឡើងថ្លៃខ្ពស់។
ប្រាប់សារព័ត៌មានបាងកកប៉ុស្ដិ៍ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក សាក់សាយែម ជិតជុប បានឲ្យដឹងថា លោកគាំទ្រគម្រោងទិញយន្ដហោះថ្មីៗរបស់ក្រុមហ៊ុន Thai Airway ដើម្បីអភិវឌ្ឍសេវាកម្មឲ្យប្រសើរឡើង។
គួរបញ្ជាក់ថា កាលពីត្រីមាសមុន ក្រុមហ៊ុននេះ មានយន្ដហោះប្រតិបត្តិការ ១០៣ គ្រឿង ដែលវាតិចជាង២ដងកាលពីឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុននេះ បានឈប់ប្រើប្រាស់យន្ដហោះពីគ្រឿង គឺប្រភេទ Boeing B737 និង400s៕