កាសែតបាងកកប៉ុស្ដិ៍ថៃ បានស្រង់សម្ដីរបស់លោក ចាក់គ្រីត ផារាផុន ថាគុល ដែលជាអនុប្រធានទី២ ដែលបច្ចុប្បន្នកំពុងធ្វើជាតំណាងប្រធានក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បាននិយាយថា ការព្យួរជើងហោះហើររបស់ក្រុមហ៊ុននេះ នឹងនាំមកនូវការតម្រូវឲ្យមានការកាត់បន្ថយចំណាយចន្លោះពី ១០% ទៅ៤០%។
ក្រុមហ៊ុន Thai Airways បានបញ្ជាក់ថា បញ្ហាដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងការរិតត្បិតនៅតាមព្រំដែន និងការធ្លាក់ចុះនៃចំនួនអ្នកដំណើរ គឺជាបញ្ហាមួយ ដែលបង្ខំឲ្យក្រុមហ៊ុនអាកាសចរនេះ ត្រូវផ្អាកការហោះហើរទាំងអស់ រហូតដល់ចុងខែឧសភា។
ក្រុមហ៊ុននេះ ក៏បានដាក់ចេញនូវវិធានការណ៍ចាំបាច់ ដើម្បីការពារបុគ្គលិករបស់ខ្លួនក្នុងពេលធ្វើការងារ នាអំឡុងពេលដែលជើងហោះហើរត្រូវបានព្យួរផងដែរ។
ជំនួសឲ្យការហៅថា ការកាត់ប្រាក់ខែបុគ្គលិក ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃនេះ បានហៅវាថា ជាកញ្ចប់ថវិកាជំនួយ សម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់។
កញ្ចប់ថវិកានេះ គឺមានចាប់ពី ថ្នាក់អនុប្រធានប្រតិបត្តិ និងថ្នាក់អ្នកគ្រប់គ្រង គឺនឹងទទួលបានប្រាក់ជំនួយនេះ ៥០% នៃប្រាក់ខែប្រចាំខែរបស់ពួកគេ មានន័យថា ប្រាក់ខែពួកគេបានតែ ៥០%ប៉ុណ្ណោះ។ រីឯតំណែងថ្នាក់អនុប្រធានវិញ នឹងត្រូវទទួលបានតែ ៦០% នៃប្រាក់ខែសរុប។
ដោយឡែក បុគ្គលិក នៅសល់ផ្សេងៗទៀត នឹងត្រូវផ្ដល់ជូនក្នុងចំនួនផ្សេងៗគ្នា។ ចំនួន មានចាប់ពី ៩០% នៃប្រាក់ខែសរុប សម្រាប់បុគ្គលិកមុខតំណែងធម្មតា ដែលមានប្រាក់ខែ ប្រមាណ ២ម៉ឺនបាត ឬស្មើនឹង៦០០ ដុល្លារក្នុងមួយខែ, និងផ្ដល់ជូនប្រាក់ខែ ៦០% នៃប្រាក់ខែសរុប សម្រាប់បុគ្គលិកដែលធ្វើការងារ ដែលមានប្រាក់ខែលើស ១០ម៉ឺនបាត ឬស្មើនឹងប្រមាណ ៣ពាន់ដុល្លារអាមេរិក។
អ្នកវិភាគខ្លះថា បញ្ហា Covid-19 នេះ នឹងធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ នឹងត្រូវរងផលប៉ះពាល់ប្រមាណ ២ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន Thai Airways នឹងប្រឈមការខាតបង់ធំប្រមាណ១៨០០ លានដុល្លារ នៅក្នុងឆ្នាំនេះ ដែលវាគឺកើនឡើងពីជាង ៣៦០ លានដុល្លារ កាលពីឆ្នាំមុន។
នៅឆ្នាំនេះ ប្រទេសថៃត្រូវបានព្យាករថា នឹងទទួលបានភ្ញៀវទេសចរមកដល់នឹងធ្លាក់ចុះមកដល់៩លាននាក់នៅឆ្នាំនេះ ដែលមានអត្រាកាធ្លាក់ចុះ ៥៨%។
ប្រភពពីក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ មួយនេះ នឹងស្វែងរកការយល់ព្រមពីក្រសួងដឹកជញ្ជុន សម្រាប់ការធ្វើការរៀបចំមូលធនឡើងវិញ នូវចំនួនទឹកប្រាក់ ជាង ២៤០០ លានដុល្លារ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុននេះ មានសាច់ប្រាក់ទំនេរគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងរយៈពេលប្រហែលតែ ២ខែប៉ុណ្ណោះ៕