ហាងកាហ្វេយីហោ Franchise ពីប្រទេសថៃជាច្រើន បាននិងកំពុងចូលមកឈរជើង និងលក់សិទ្ធិធុរកិច្ចបន្តនៅកម្ពុជាយ៉ាងផុសផុលដូចផ្សិត ខណៈដែលអ្នកជំនាញក្នុងវិស័យនេះ បានអះអាងថា បច្ចុប្បន្ន មានយីហោហាងកាហ្វេ Franchise ពីប្រទេសថៃ ប្រមាណ១០យីហោផ្សេងគ្នាហើយ បាននិងកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល តំណាងពាណិជ្ជកម្មថៃនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RCG Retail Cambodia បានលើកឡើងថា បច្ចុប្បន្ន អាជីវកម្មយីហោ Franchise ពីប្រទេសថៃ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា គឺមានមិនតិចនោះទេ ក្នុងនោះ ភាគច្រើនបំផុត គឺហាងកាហ្វេតែម្ដង ដែលតាមការសន្និដ្ឋានរបស់លោកស្រី ជីរ៉ាណាន់ មានហាងកាហ្វេពីប្រទេសថៃប្រមាណ១០យីហោហើយ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។
លោកស្រីបានគូសបញ្ជាក់ថា បច្ចុប្បន្ន ហាងកាងហ្វេ Franchise ពីប្រទេសថៃដែលបានចូលមកកាន់កម្ពុជា មានតែ២យីហោប៉ុណ្ណោះ គឺ Amazon និង Inthanin ដែលជាយីហោមួយមានក្រុមហ៊ុនមេគ្រប់គ្រងច្បាស់លាស់ និងក្រៅពីនោះ គ្រាន់តែជាយីហោហាងកាហ្វេ ដែលក្រុមហ៊ុនឯកជនយកមកបើកនិងលក់ Franchise បន្តដោយខ្លួនឯងប៉ុណ្ណោះ។
លោកស្រីបន្ថែមថា ភាពស៊ីវិល័យនិងការចង់សាកនូវអ្វីដែលថ្មី ឬគេនិយមនិយាយថា ចូលចិត្តអ្វីប្រ៊ែនៗ ពីយុវវ័យសម័យថ្មី បានធ្វើឲ្យការធ្វើអាជីវកម្មនៅលើទីផ្សារ ត្រូវធ្វើពិពិធកម្មទៅតាមតម្រូវការទីផ្សារផងដែរ។
បើតាមការគូសបញ្ជាក់ពីលោកស្រី ជីរ៉ាណាន់ វង្សមង្គល ហាងកាហ្វេពីប្រទេស Inthanin ដែលត្រូវបានគេស្គាល់ថា នឹងក្លាយជាដៃគូប្រជែងដ៏ធំរបស់ កាហ្វេ Amazon មួយនេះ ទើបតែមាន២សាខាប៉ុណ្ណោះ នៅកម្ពុជា និងគ្រោងពង្រីកខ្លួនឲ្យបានប្រមាណ១០០សាខានៅកម្ពុជា ខណៈដែលនៅក្នុងមួយឆ្នាំដំបូងនេះ ក្រុមហ៊ុនសង្ឃឹមថា នឹងលក់ Franchise បន្តទៅកាន់សហគ្រិនកម្ពុជាឲ្យបាន ២០សាខា។
យ៉ាងណាក៏ដោយចុះ បើតាមការលើកឡើងពីតំណាងក្រុមហ៊ុន Bangchak ដែលជាក្រុមហ៊ុនមេរបស់យីហោហាងកាហ្វេ Inthanin បានឲ្យដឹងថា ជាជំហានដំបូងនេះ ខ្លួនតម្រូវឲ្យក្រុមហ៊ុន RGC Retail Cambodia ដែលជាតំណាងលក់នៅកម្ពុជា (Master Franchisee) បើកខ្លួនឯងឲ្យបាន១០សាខាសិន ទើបអាចមានសិទ្ធិលក់ Franchsie បន្តបាន។
រីឯតម្លៃ Franchise Fee វិញ គឺ ១២.៥០០ដុល្លារអាមេរិក រួមជាមួយនឹងការចំណាយផ្សេងទៀតៗ ពោលគឺដើម្បីអាចបើកហាងបាន១ ក៏ត្រូវចំណាយប្រមាណ១០ម៉ឺនដុល្លារអាមេរិកដែរ ខណៈការបង់ផលកម្រៃទៅឲ្យ Master Franchisee មាន ៣% នៃចំណូលលក់សម្រាប់ Royalty fee និង ៣% នៃចំណូលលក់ផ្សេងទៀត សម្រាប់សេវាម៉ាឃីតធីង និងចំណាយ ៣០០ដុល្លារសម្រាប់ការជួល ROS ក្នុងប្រតិបត្តិការលក់ និងកុងត្រាមានរយៈពេល១០ឆ្នាំ។
យ៉ាងណាក៏ដោយចុះ វត្តមានរបស់កាហ្វេ Inthanin នៅកម្ពុជានេះ គឺជាការពង្រីកសាខាក្រៅប្រទេសដំបូងគេហើយរបស់យីហោកាហ្វថៃមួយនេះ ខណៈដែលសាខាក្រៅប្រទេសបន្ទាប់នឹងចូលទៅប្រទេសឡាវ។
ដោយឡែក កាហ្វេ Amazon ដែលបានចូលមកកាន់កម្ពុជាតាំងពីឆ្នាំ២០១៣នោះ បានពង្រីកសាខារបស់ខ្លួននៅទូទាំងប្រទេសប្រមាណ៧៣សាខាហើយ ក្នុងនោះ រាជធានីភ្នំពេញមាន៦៣សាខា។ នេះបើតាមការបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ហាងកាហ្វេ Amazon។
បន្ទាប់ពីបើកក្នុងរយៈពេល១០ កាហ្វេបរទេសដែលកំពុងវាយលុកទីផ្សារកម្ពុជាយ៉ាងផុសផុលមួយនេះ នឹងពង្រីកឲ្យបាន២០០សាខានៅកម្ពុជា ខណៈដែលតម្លៃ Franchise Fee (មិនទាន់រាប់បញ្ចូលការចំណាយលើឧបករណ៍ និងរៀបចំហាង) មាន១៣០០០ដុល្លារ។
តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៧កន្លងទៅនេះ ការកត់ត្រាអាជ្ញាប័ណ្ណ ឬ Franchise មានការកើនឡើងរហូតដល់ ៦៤យីហោ Franchise ពោលគឺបានកើនឡើងជាង១០០% បើធៀនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៣១ យីហោ Franchise ប៉ុណ្ណោះ។
សូមជម្រាបដែរថា បើតាមម្ចាស់ហាងកាហ្វេក្នុងស្រុក ធ្លាប់បានលើកឡើងថា ការនាំចូល Franchise ហាងកាហ្វេពីក្រៅប្រទេសមកលក់នៅក្នុងស្រុក ក៏បានធ្វើឲ្យប៉ះពាល់ដល់ហាងកាហ្វេក្នុងស្រុកដែរ ដូចជា ចំណែកទីផ្សារត្រូវបានបែងចែក ខណៈហាងកាហ្វេ Franchise ទាំងនោះ ភាគច្រើនមានធនធាននិងប្រព័ន្ធគ្រប់គ្រងរឹងមាំ ព្រមជាមួយនឹងឥទ្ធិពលយីហោមានស្រាប់ជាដើម។
ទោះយ៉ាងណា បើតាមការអះអាងពីអ្នកជំនាញក្នុងវិស័យនេះ ការទិញ Franchise បន្ត គឺមិនមែនមានន័យថា ទិញមកហើយដឹងតែអាចរកប្រាក់ចំណេញបានមកវិញបានភ្លាមៗនោះទេ ប៉ុន្ដែ វាចាំបាច់ត្រូវមានការសិក្សាពីលក្ខណសម្បត្តិអាជីវកម្ម កេរ្ដិ៍ឈ្មោះនៃយីហោ តម្រូវការទីផ្សារនិងសមត្ថភាពរបស់ក្រុមហ៊ុនដែលបាននាំចូល Franchise នោះ ឲ្យបានជាក់លាក់ជាមុនសិន៕