តាមការប្រកាសពីតុលាការមួយនេះ លោកប្រាយុទ្ធផ្តើមកាន់ដំណែងជាផ្លូវការចាប់ពីថ្ងៃទី០៦ខែមេសាឆ្នាំ២០១៧មក មិនមែនរាប់ចាប់តាំងពីខែសីហា ឆ្នាំ២០១៤មកនោះទេ។ ដូច្នេះ លោកអាចបន្ដតំណែងនាយករដ្ឋមន្ត្រីបានដល់ប្រហែលទៅ៣ឆ្នាំទៀតឯណោះ។ ការសម្រេចរបស់តុលាការធម្មនុញ្ញថៃនេះ ធ្វើឡើងបន្ទាប់ពីបានបើកការស៊ើបអង្កេតកាត់ក្ដីអស់រយៈកន្លះខែ នៅក្រោយពីបានបោះឆ្នោតព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ កាលពីថ្ងៃទី ២៤ ខែសីហាកន្លងទៅនេះ។
តុលាការធម្មនុញ្ញថៃបានសម្រេចចេញសាលក្រមជុំវិញការកំណត់អាណត្តិរបស់លោក ប្រាយុទ្ធ នៅរសៀលថ្ងៃសុក្រទី៣០ខែកញ្ញានេះ ដោយបានគាំទ្រឱ្យលោកធ្វើជានាយករដ្ឋមន្ត្រីជាបន្តទៀត ប្រសិនបើលោកចង់បន្តមែននោះ ក្រោយពីតុលាការនេះបានរកឃើញថា អាណត្តិរបស់លោកនៅមិនទាន់គ្រប់រយៈពេល ៨ ឆ្នាំនៅឡើយទេ។
បើយោងតាមមាត្រាទី១៥៨នៃច្បាប់រដ្ឋធម្មនុញ្ញថៃបានចែងថា នាយករដ្ឋមន្ត្រីថៃអាចកាន់តំណែងបានយូរបំផុតត្រឹមរយៈពេល ៨ ឆ្នាំតែប៉ុណ្ណោះ។
នៅមុនពេលប្រកាសសាលក្រមនេះ ប្រជាពលរដ្ឋស្ទើរតែគ្រប់មជ្ឈដ្ឋានបានរង់ចាំមើលការសម្រេចចិត្តរបស់តុលាការនេះយ៉ាងអន្ទះសាជាទីបំផុត ដោយអ្នកសិក្សាមួយចំនួនបាននិយាយថា វាទំនងជានឹងមានការផ្លាស់ប្តូរនូវទិដ្ឋភាពនយោបាយរបស់ប្រទេសថៃដោយមិនគិតពីការសម្រេចចិត្តរបស់តុលាការនេះទេ។
នៅអំឡុងពេលនៃការប្រកាសសាលក្រមរបស់តុលាការធម្មនុញ្ញថៃ គេសង្កេតតំបន់មួយចំនួននៅក្នុងបរិវេណតុលាការត្រូវដាក់កម្រិតមិនឲ្យចេញចូលផ្ដេសផ្ដាសឡើយ រហូតដល់ព្រឹកថ្ងៃចន្ទសប្ដាហ៍ក្រោយ លើកលែងតែពួកគេមកស្វែងរកសេវារដ្ឋាភិបាលចាំបាច់ណាមួយ ហើយភ្ញៀវទាំងអស់គឺតម្រូវឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពជាមុនផងដែរ។
ប្រធានតុលាការគឺលោក Worawit Kangsasithiam អះអាងថា វិធានការនេះគឺដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ភាពចលាចលដែលអាចកើតឡើងក្នុងអំឡុងពេលប្រកាសសាលក្រមនេះ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា តុលាការនេះបានបោះឆ្នោតគាំទ្រក្នុងសំឡេង៥ទល់នឹង៤ដើម្បីព្យួរតំណែងរបស់លោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីរហូតដល់តុលាការនេះបានប្រកាសពីការកំណត់អាណត្តិរបស់លោកនៅថ្ងៃទី៣០ខែកញ្ញា។
ទោះជាយ៉ាងណា ក្នុងអំឡុងពេលព្យួរដំណែងនោះ តុលាការធម្មនុញ្ញបានអនុញ្ញាតឱ្យលោក ប្រាយុទ្ធ រក្សាតំណែងជារដ្ឋមន្ត្រីការពារជាតិ ជំនួសលោកឧបនាយករដ្ឋមន្ត្រីប្រាវីដ វ៉ុងស៊ូវ៉ុន ហើយលោក ប្រាវីដបានឡើងធ្វើជានាយករដ្ឋមន្ត្រីស្ដីទីជំនួសវិញ៕